ជាតិ
ស.ស.យ.កភ្នំពេញ ទិញល្ពៅ និងត្រឡាចជាង១០តោនពីកសិករ មកចែកពលរដ្ឋខ្វះខាតនៅភ្នំពេញ​​
08, May 2021 , 2:29 pm        
រូបភាព
ដោយ:
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាលពីសប្តាហ៍មុន បានប្រមូលទិញល្ពៅ និងត្រឡាច សរុប ១២.៥តោន ពីកសិករ ដើម្បីយកមកចែកជូនពលរដ្ឋមួយចំនួន ដែលកំពុងជួបបញ្ហាខ្វះខាតស្បៀងអាហារ ក្នុងរាជធានីភ្នំពេញ។ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ចាត់ទុកសកម្មភាពនេះថា ជាការសម្រួលដល់កសិករមួយចំនួនដែលកំពុងជួបបញ្ហាទីផ្សារផង និងជាការជួយមួយផ្នែកទៀតដល់ពលរដ្ឋដែលកំពុងត្រូវការស្បៀង​ចាំបាច់ផង​។


 
កសិផល ដែលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រមូលទិញពីកសិករ ជាបន្តបន្ទាប់កាលពីសប្តាហ៍មុននោះ មានល្ពៅ​ចំនួន ៨តោន និងត្រឡាច ចំនួន ៤,៥តោន។ កសិផលទាំងនោះ នឹងត្រូវចែកទៅពលរដ្ឋ ដែលមានតម្រូវការ នៅតាមគោលដៅមួយចំនួន ក្នុងរាជធានីភ្នំពេញ​។ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានសរសេរនៅទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី៧ ឧសភាថា៖ «នេះគឺជាសិល្បៈនៃការចែករំលែកដ៏សំខាន់ ក្នុងស្ថានភាពដែលប្រទេសកំពុងជួបការលំបាកដោយការរីករាលដាលនៃជំងឺកូវីដ-១៩​។ មួយផ្នែកគឺសម្រួលការលំបាកដែលបងប្អូនកសិករ និងមួយផ្នែកទៀតគឺបងប្អូនដែលមានជីវភាពខ្វះខាត ហើយមានតម្រូវការស្បៀង»។ ​
 
ទោះយ៉ាងណាក៏ដោយការប្រមូលទិញកសិផលពីកសិករ របស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ជាផ្នែកមួយតិចតួចនៅឡើយ ខណៈដែលកសិករដែលដាំដុះបន្លែ អ្នកចិញ្ចឹមសត្វ អ្នកចិញ្ចឹមត្រី ជាច្រើននៅកម្ពុជា ​បានជួបបញ្ហាទីផ្សារដោយសារវិបត្តិកូវីដ-១៩។ ពួកគេ កំពុងព្រួយបារម្ភពីការបាត់បង់ចំណូល ដោយសារកសិផល និងទិន្នផលសត្វចិញ្ចឹមរបស់ខ្លួនគ្មានអ្នកទិញ ខណៈការអំពាវនាវជាបន្តបន្ទាប់របស់ក្រុមកសិករ ​ឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ​ជួយរកទីផ្សារ ហាក់មិនបានផលជាដុំកំភួន៕
 
 

រូបភាពទាំងអស់ពីហ្វេសប៊ុក ស ស យ ក ភ្នំពេញ


ល្ពៅ និង ត្រឡាច ដែល ស ស យ​ ក ភ្នំពេញ ប្រមូលទិញពីកសិករ ចែកពលរដ្ឋភ្នំពេញ

 

Tag:
 ស.ស.យ.ក
  បន្លែ
 ល្ពៅ
 ត្រឡាច
© រក្សាសិទ្ធិដោយ thmeythmey.com