អន្តរជាតិ
បំណែករ៉ុក្កែតចិនកំពុងធ្លាក់មកផែនដីដោយគ្មានការបញ្ជា, ប៉េកាំងថា មានហានិភ័យទាប
08, May 2021 , 2:59 pm        
រូបភាព
រ៉ុក្កែតដែលចិនបាញ់នាពេលកន្លងមក។ រូបថត Xinhua
រ៉ុក្កែតដែលចិនបាញ់នាពេលកន្លងមក។ រូបថត Xinhua
បំណែករ៉ុក្កែតចិនទម្ងន់ប្រមាណ១៨តោន កំពុងធ្លាក់មកផែនដីវិញ ដោយរំពឹងថា នឹងចូលបរិយាកាសផែនដីនៅអំឡុងចុងសប្ដាហ៍នេះ។ បំណែករបស់រ៉ុក្កែត Long March-5B មិនស្ថិតក្រោមការបញ្ជាឡើយពេលកំពុងធ្លាក់ចុះមកនេះ ដែលបង្កទៅជាក្ដីបារម្ភខ្លាំងពីគ្រោះថ្នាក់ ព្រោះគេមិនទាន់អាចប៉ាន់ស្មានពេលវេលា និងទីតាំងដែលបំណែកនេះអាចធ្លាក់លើផែនដីឡើយ។ ប៉ុន្តែទីក្រុងប៉េកាំងអះអាងថា មានហានិភ័យទាប ព្រោះបំណែកនេះនឹងឆេះអស់ពេលចូលដល់បរិយាកាស។

 
រ៉ុក្កែត Long March-5B ជាយានដែលត្រូវបានបាញ់នៅថ្ងៃទី២៩ ខែមេសា ដើម្បីនាំយកផ្នែកនៃស្ថានីយ៍អវកាសរបស់ចិនទៅកាន់លំហអាកាស។ ពេលនេះ បំណែករបស់រ៉ុក្កែតទម្ងន់១៨តោន កំពុងធ្វើដំណើរមកផែនវិញដោយគ្មានការបញ្ជាអ្វីឡើយ។ អ្នកជំនាញបារម្ភថា ហានិភ័យអាចនឹងកើតមានបើបំណែកដ៏ធំនេះធ្លាក់មកវិញក្នុងស្ថានភាពបែបនេះ ព្រោះគេពិបាកក្នុងការកំណត់ពេលវេលា និងទីតាំងដែលវាចូលក្នុងបរិយាកាសឡើងវិញ។
 
អាមេរិក ដែលរិះគន់ចិនថាបណ្ដោយឱ្យបំណែកនេះធ្លាក់មកដោយឯកឯង អះអាងថា បំណែកនេះចូលក្នុងបរិយាកាសផែនដីនៅចុងសប្ដាហ៍នេះ។ មន្ទីរបញ្ចកោណលើកឡើងថា យោធាអាមេរិកគ្មានផែនការបាញ់កម្ទេចបំណែករ៉ុក្កែតឡើយ។ 
 
ស្របពេលក្ដីបារម្ភកើនឡើង ទីក្រុងប៉េកាំង ចេញមកបកស្រាយថា បំណែកនេះនឹងឆេះនៅពេលចូលក្នុងការបរិយាកាសវិញ ដែលនេះជាដំណើរការធម្មតាដូចដែលធ្លាប់កើតឡើងកន្លងដែរ។ អ្នកនាំពាក្យក្រសួងបរទេសចិន Wang Wenbin បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែឧសភា ថា ចិនតាមដានការធ្លាក់ចុះនេះយ៉ាងដិតដល់ ហើយលទ្ធភាពដែលបំណែកនេះបង្កផលប៉ះពាល់ដល់សកម្មភាពលើអាកាស ឬលើផ្ទៃដី មានទាបបំផុត។ 
 
ខណៈគេមិនទាន់អាចកំណត់ទីតាំងដែលបំណែកនោះធ្លាក់ចុះ វាមានលទ្ធភាពច្រើនដែលបំណែកណាមួយដែលឆេះមិនអស់ ធ្លាក់ចូលក្នុងមហាសមុទ្រ មិនមែនដីគោកឡើយ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ Mike Howard និយាយថា អាមេរិកកំពុងតាមដានបំណែករ៉ុក្កែតនោះ ប៉ុន្តែទីតាំងដែលវាចូលមកក្នុងបរិយាកាសផែនដីនៅមិនទាន់កំណត់បានទេ ដោយរង់ចាំដល់ពេលវាមកជិតបរិយាកាសផែនដីសិន។
 
Florent Delefie តារាវិទូនៅឯកមណ្ឌលសង្កេត Paris-PSL Observatory ពន្យល់ថា ដោយគិតពីទំហំរបស់វា បំណែកដែលឆេះមិនអស់ទំនងនឹងមាន តែឱកាសដែលវាធ្លាក់ចុះកន្លែងមានមនុស្សរស់នៅ មានតិចប៉ុណ្ណោះ។
 
កាលពីឆ្នាំ២០២០ បំណែករ៉ុក្កែត Long March ធ្លាក់ចំភូមិមួយនៅកូតឌីវ័រ ដែលបង្កឱ្យមានការខូចខាតទីតាំងខ្លះ តែមិនមានអ្នកស្លាប់ ឬរងរបួសឡើយ៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com