COVID-19
អន្តរជាតិ
លោក ប្រាយុទ្ធ ដាក់ផែនការទិញវ៉ាក់សាំងកូវីដ-១៩ ឱ្យដល់២០០លានដូស
08, May 2021 , 7:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ប្រកាសគម្រោងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ទៅ២០០លានដូសដើម្បីត្រៀមក្នុងករណីអាសន្នណាមួយ។ លោក ប្រាយុទ្ធ បានចង្អុលទៅការរាលដាលជំងឺផ្លូវដង្ហើមមួយនេះនៅលើពិភពលោក ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។

 
ថ្លែងក្នុងកម្មវិធីប្រចាំសប្ដាហ៍នៅថ្ងៃទី៧ ខែឧសភា ប្រមុខរដ្ឋាភិបាលថៃ ប្រាយុទ្ធ ចន្ទអូចា អះអាងថា វិបត្តិជំងឺកូវីដ-១៩ នៅមិនទាន់ស្រាកស្រាន្តនៅឡើយ ដែលការណ៍នេះតម្រូវឱ្យរដ្ឋាភិបាលរបស់លោកមានវិធានការទុកមុនក្នុងករណីមានភាពអាសន្នដែលមើលមិនឃើញណាមួយកើតឡើង។ លោក ប្រាយុទ្ធ លើកឡើងថា អាទិភាពរបស់រដ្ឋាភិបាល គឺត្រូវទិញវ៉ាក់សាំងឱ្យ១៥០លានដូស ឬច្រើនជាងនេះសម្រាប់ចាក់ឱ្យប្រជាជន។
 
តាមពិតទៅ រដ្ឋាភិបាលថៃគ្រោងទិញវ៉ាក់សាំងតែ១០០លានដូសសម្រាប់ផ្ដល់ឱ្យប្រជាជនចំនួន៥០លាននាក់ ដែលគ្រប់គ្រាន់សម្រាប់ការបង្កើតភាពស៊ាំសហគមនទ៍។ ប៉ុន្តែលោក ប្រាយុទ្ធ បញ្ជាក់ថា ចំនួនប៉ុណ្ណេះទំនងជាមិនគ្រប់ឡើយ ព្រោះបើពិនិត្យមើលស្ថានភាពពិភពលោក គេនៅមិនទាន់ច្បាស់ថា ភាពស៊ាំសហគមន៍ពិតជាអាចសម្រេចបានឬយ៉ាងណាឡើយ។ 
 
បើតាមកាសែតបាងកកប៉ុស្តិ៍ មេដឹកនាំថៃរូបនេះពន្យល់ថា ថៃមានប្រជាជនពេញវ័យ៦០លាននាក់ ដែលត្រូវការវ៉ាក់សាំង១២០លានដូសព្រោះម្នាក់ត្រូវចាក់ពីរដូស។ មិនត្រឹមប្រជាជនថៃឡើយ ពលករចំណាកស្រុកដែលជាកម្លាំងពលកម្មដ៏សំខាន់ ក៏ត្រូវគិតគូរផងដែរ។ កន្លងទៅ ក្រសួងសុខាភិបាលថៃក៏ធានាថា ជនបរទេសក៏នឹងទទួលបានវ៉ាក់សាំងដែរ។
 
«ដើម្បីត្រៀមខ្លួនដោះស្រាយហានិភ័យ និងភាពមិនច្បាស់លាស់ដែលអាចកើតឡើង យើងត្រូវការវ៉ាក់សាំងពី១៥០ទៅ២០០លានដូសសម្រាប់យុទ្ធនាការទៅថ្ងៃមុខ។» លោក ប្រាយុទ្ធ បន្ថែមមុន ដោយឆ្លៀតរំឭកពីអាយុកាលរបស់វ៉ាក់សាំង និងស្ថានភាពនៅឆ្នាំក្រោយផងដែរ។
 
ដើម្បីសម្រេចតាមគោលដៅ រដ្ឋាភិបាលថៃកំពុងចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង៧ ហើយលោក ប្រាយុទ្ធ ក៏បញ្ជាឱ្យចរចាជាមួយក្រុមហ៊ុនផ្សេងទៀត។ បច្ចុប្បន្ន ថៃ កំពុងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac និងក្រុមហ៊ុន AstraZeneca ដែលទិញពីបរទេសដើម្បីចាក់ឱ្យប្រជាជនគោលដៅ។ ថៃ ក៏បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizer និងទិញវ៉ាក់សាំង Sputnik V ពីរុស្ស៊ី។ ចាប់ពីខែមិថុនា ថៃ ក៏នឹងទទួលបានវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុកផ្ទាល់ផងដែរ៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com