COVID-19
ជាតិ
ពលរដ្ឋជាង ១,៦លាននាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះ ១.១លាននាក់ចាក់លើកទី២ រួច
08, May 2021 , 8:29 pm        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋចំនួន ១,៦៦៣,២៤៩នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី៧ ឧសភា។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ មាន ចំនួន  ១,១០២,៣៧៣នាក់ បានចាក់ដូសទី២។

 
កម្ពុជា បានដាក់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាបីតំបន់ទៅតាមលំដាប់អាទិភាព ហើយតំបន់អាទិភាពខ្ពស់ ត្រូវតែបញ្ចប់ឲ្យបានក្នុងឆ្នាំ២០២១ ដោយអនុវត្តអនុលោមតាមអភិក្រម «ផ្ការីក»។
តំបន់អាទិភាពខ្ពស់(ពណ៌ក្រហម) ក្រសោបយកក្រុង/ស្រុក/ខណ្ឌ ចំនួន៧០ នៅទូទាំងប្រទេស ដោយគ្របដណ្តប់រាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងមូល។ បន្ទាប់មកមានតំបន់សក្តានុពលសេដ្ឋកិច្ច ដូចជាក្រុងព្រះសីហនុ ប៉ោយប៉ែត និងទីរួមខេត្ត និងបណ្តាស្រុកសំខាន់ៗជុំវិញខេត្តកណ្តាល ដែលមាន៤,៩លាននាក់ ស្មើ៤៨,៥៧ ភាគរយ នៃពលរដ្ឋសរុបអាយុ១៨ឆ្នាំ។ 
 
ទាក់ទងនឹងជំហាននៃការចាក់វ៉ាក់សាំង សម្រាប់តំបន់អាទិភាពខ្ពស់ រដ្ឋាភិបាលបានកំណត់ផែនការជំហានទី១ ពីខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ នឹងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាលឱ្យអស់ ដែលមានជិត២,៥លាននាក់។ 
 
សម្រាប់ជំហានទី២នៃផែនការរបស់រដ្ឋាភិបាល នឹងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរស់នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ព្រះសីហនុ ស្វាយរៀង សៀមរាប បន្ទាយមានជ័យ កែប និងខេត្តកំពត ដែលមានប្រជាជនសរុបជាង២លាននាក់។ ជំហាននេះ នឹងអនុវត្តចាប់ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។  
 
ចំពោះជំហានទី៣ នៃផែនការចាក់វ៉ាក់សាំងនោះ គឺអនុវត្តពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ លើប្រជាជនជាង៤,៤លាននាក់ រស់នៅក្នុងខេត្តខេត្តកោះកុង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងក្រចេះ។ 
 
គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងសរុប ៤,០២៤,០០០ដូស ដោយសប្តាហ៍ក្រោយ វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ចិន ១លានដូសទៀត នឹងមកដល់កម្ពុជា។ កន្លងមកសម្តេច ហ៊ុន សែន ក៏ធ្លាប់អះអាងដែរថា វ៉ាក់សាំងចំនួន ៣លានដូស នឹងត្រូវដឹកមកដល់កម្ពុជានៅខែមិថុនា , ១លានដូសនៅខែកក្កដា ១លានដូស ខែសីហា  និងវ៉ាក់សាំង ចំនួន១,៥ លានដូសបន្ថែមទៀត នៅខែកញ្ញា ឆ្នាំ២០២១នេះ៕

Tag:
 វ៉ាក់សាំង
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com