COVID-19
ជាតិ
សេដ្ឋកិច្ច
រដ្ឋាករទឹកស្វយ័តភ្នំពេញ មិនយកថ្លៃទឹក៣ខែ ពីកម្មករ និងសិស្សនៅតំបន់ក្រហម
09, May 2021 , 10:39 am        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) សម្រេចមិនយកថ្លៃទឹកចំនួន ៣ខែ ពីកម្មករ-កម្មការិនី និងសិស្ស-និស្សិត ដែលកំពុងរស់នៅ​តំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្នុងភ្នំពេញ នៅថ្ងៃទី៨ ខែឧសភា។

 
ការលើកលែងថ្លៃទឹកចំពោះពលរដ្ឋនៅតំបន់ក្រហម របស់ PPWSAនេះ ធ្វើឡើងបន្ទាប់ពីមានអំពាវនាវពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែឧសភា។ នៅក្នុងសេចក្ដីជូនដំណឹងដដែល PPWSA ​បានរៀបរាប់ដូច្នេះ៖«រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ៣ខែ គឺខែមីនា មេសា និងឧសភា ឆ្នាំ២០២១ សម្រាប់មូលដ្ឋានផ្ទះជួល ដែលកម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅចំនួន ៨៧០ទីតាំង ស្ថិតក្នុងតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អំឡុងបិទខ្ទប់»។
 
គួររំឭកដែរថា ក្រៅពី​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមិនយកថ្លៃទឹក នៅក្នុងសារសំឡេងជិត៣០នាទីកាលពីថ្ងៃទី៨ ឧសភា សម្តេច ហ៊ុន សែន ក៏បានស្នើទៅអគ្គិសនីកម្ពុជា (EDC) ឱ្យ​ជួយសម្រួលថ្លៃភ្លើង ដល់កម្មករ-កម្មការិនី ដែលកំពុងស្នាក់នៅតំបន់ក្រហម និងដែលពុំទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយដែរ។ ទន្ទឹមនឹង​នេះ ប្រមុខរដ្ឋាភិបាល ក៏សំណូមពរដល់ម្ចាស់ផ្ទះជួលដែលមានលទ្ធភាពពិចារណាបញ្ចុះថ្លៃផ្ទះ​ ឬលើកលែងការយកថ្លៃផ្ទះ ឬពន្យារពេលការយកថ្លៃផ្ទះ ពីកម្មករកម្មការិនី នៅក្នុងតំបន់ក្រហមទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗទៀតដែរ។
 
ទាក់ទងនឹងការលើកលែង ឬពន្យារពេលបង់ថ្លៃអគ្គិសនីសម្រាប់កម្មករ-កម្មការិនីនៅតំបន់ក្រហម ​អគ្គិសនីកម្ពុជា (EDC) នៅមិនទាន់ឆ្លើយតបយ៉ាងណានឹងសំណើរបស់នាយករដ្ឋមន្ត្រីនៅឡើយ គិតត្រឹមព្រឹកថ្ងៃទី៩ ឧសភានេះ។ ប៉ុន្តែកាលពីថ្ងៃទីអង្គារ ទី៤ឧសភា​ លោក កែវ រតនៈ អគ្គនាយក EDC បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា EDC គ្មានគោលការណ៍លើកលែង ពន្យារពេលបង់ថ្លៃភ្លើង ​២ទៅ៣ខែនោះទេ ព្រោះបើធ្វើដូច្នេះនឹងប៉ះពាល់ខ្លាំងដល់លំហូរហិរញ្ញវត្ថុ របស់ស្ថាប័នខ្លួន។ មូលហេតុដែលមិនអាចពន្យារពេល ឬលើកលែងថ្លៃអគ្គិសនីបាន ត្រូវបានអគ្គនាយក EDC ពន្យល់ថា​ ដោយសារ​កម្ពុជា ទិញអគ្គិសនីពីប្រទេសជិតខាង​ ដែលគេមានសិទ្ធិកាត់ផ្ដាច់ភ្លើងពីកម្ពុជាភ្លាមៗ បើរដ្ឋគ្មានប្រាក់បង់ទៅគេ។ មិនតែប៉ុណ្ណោះ គេនឹងពិន័យជាការប្រាក់ នូវលុយដែលជំពាក់ ថែមទៀត ដែល​ទៅជាមហន្តរាយសម្រាប់ជាតិទាំងមូល។ យ៉ាងណាក៏ដោយ អគ្គនាយក EDC ទទួលស្គាល់ថាពលរដ្ឋនៅតំបន់ក្រហមពិតជាមានបញ្ហាហិរញ្ញវត្ថុ ហើយការសម្របសម្រួលគឺភាកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងអគ្គលេខាដ្ឋានផ្នែកគាំពារសង្គមរបស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ៕
 

Tag:
 ទឹក
 ភ្លើង
 PPWSA
  EDC
 កម្មករ
 តំបន់ក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com