COVID-19
ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ​បន្ត​ផ្អាក​លក់​គ្រឿង​ស្រវឹងគ្រប់​ប្រភេទ១៤​ថ្ងៃ​ទៀត​
09, May 2021 , 11:09 am        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ​៖ រាជធានី​ភ្នំពេញ​បន្ត​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹងគ្រប់​ប្រភេទ ​និង​គ្រប់​រូប​ភាព​ជា​​​បណ្ដោះ​អាសន្ន ​រយៈ​ពេល​២​សប្ដាហ៍ទៀត​ គិត​ចាប់​ពី​ថ្ងៃ​ទី​៩ ខែឧសភារហូត​ដល់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ នៅ​​គ្រប់​ទី​ផ្សារ ដេប៉ូចែក​ចាយ​ភេសជ្ជៈនិង​អាជីវកម្មដ្ឋាន​ផ្នែក​អាហារ​-ភេសជ្ជៈ​គ្រប់​ប្រភេទ។នេះ​ជា​ការ​ដាក់​បម្រាម​របស់​លោក​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ ។

 
​ក្នុង​សេចក្ដី​ណែនាំ ​ដែល​ចេញ​ផ្សាយនៅ​ថ្ងៃ​ទី៨​ខែ​ឧសភា​  លោក ឃួង ស្រេង បាន​បញ្ជាក់​ថា​៖«បុគ្គល​ទាំង​ឡាយ​ណាដែល​បន្ត​លក់​ដូរ​ ចែក​ចាយ​ និង​ចរាចរណ៍​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុង​អំឡុង​ពេល​នៃ​ការ​ហាម​ឃាត់​នេះនឹង​ត្រូវ​ទទួល​ទោស​ ដូច​មាន​កំណត់​ក្នុង​ច្បាប់​ ស្ដី​ពី​វិធានការ​ទប់​ស្ដាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវនិង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់​ព័ន្ធ​ជា​ធរមាន​ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ»​។
 
ការ​​បន្ត​​​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹងគ្រប់​ប្រភេទនិង​គ្រប់​រូប​ភាព​ ជា​​​បណ្ដោះ​អាសន្ន របស់​លោក​ ឃួង​ ស្រេង​ នេះធ្វើ​ឡើង​​ដើម្បី​ឈាន​ទៅ​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ក្នុង​ “ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ»។
 
សូម​បញ្ជាក់​ថា​ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបម្រាមលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់តាំងពីថ្ងៃទី ១១មេសាមកម្ល៉េះ ដែលកាលនោះអាជ្ញាធរបានមើលឃើញថា មានប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន នៅតែបំពានគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លួចលាក់ប្រមូលផ្ដុំ និងណាត់គ្នាជួបជុំទទួលទានគ្រឿងស្រវឹង​។  ចំណែកការបន្តបម្រាមលក់ដូរគ្រឿងស្រវឹង នាពេលនេះ គឺដោយសារតែស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសរាជធានីភ្នំពេញ នៅតែមានកម្រិតខ្ពស់។
 
គិត​ត្រឹមថ្ងៃទី៨ ឧសភា ​កម្ពុជា មាន​អ្នក​កើត​កូ​វីដ​-១៩ សរុប​ចំនួន ១៨៧១៧​នាក់ ដែល​ក្នុងនោះ​សះស្បើយ​ចំនួន ៧៣៤០​នាក់ និង​ស្លាប់មាន​១១៤​នាក់​៕

Tag:
 ស្រា
 ​គ្រឿង​ស្រវឹង​
 ​​​ភ្នំពេញ​
  ឃួង ស្រេង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com