COVID-19
ជាតិ
ម្ចាស់រថយ​ន្តឈ្នួល និងពលរដ្ឋជាង១០០នាក់ដែលចេញពីតំបន់ក្រហម ត្រូវបានដាក់ឱ្យ​​ធ្វើ​ចត្តាឡីស័ក ​
09, May 2021 , 2:43 pm        
រូបភាព
ភ្នំពេញ៖ អ្នក​រត់​រថយន្ត​ឈ្នួលនិង​ពលរដ្ឋ​ចំនួន ១០៤នាក់ ត្រូវបានអាជ្ញាធរខណ្ឌ​ពោធិ៍សែនជ័យ ឃាត់ខ្លួនដើម្បី​យក​សំណាក និង​ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃបន្ទាប់​ពី​ព្យាយាម​ធ្វើដំណើរ​ចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ 

 
ប្រជា​ពលរដ្ឋនិង​អ្នក​រត់​រថយន្ត​ឈ្នួល ចំនួន ១០៤នាក់ បាន​ល្មើស​នូវវិធានការហាមឃាត់ការធ្វើដំណើរចេញចូលនិង​ឆ្លងកាត់​តំបន់ក្រហម។ កាលពីរសៀលថ្ងៃទី៨ ឧសភា លោក ឃួង ស្រេងអភិបាល​រាជធានីភ្នំពេញ បាន​ដាក់បទបញ្ជ​ឱ្យ​ឃាត់ខ្លួន អ្នកល្មើសចំនួន ១០៤នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែល​ព្យាយាម​ធ្វើដំណើរចេញពី​តំបន់​ក្រហម​។ 
 
លោក ម៉េត មាស​ភក្ដី អ្នក​នាំ​ពាក្យ​សាលារាជធានីភ្នំពេញបាន​ប្រាប់សារព័ត៌មាន​ថ្មីៗតាម​ទូរសព្ទថា អ្នករត់រថយន្ត​ឈ្នួល និង​ពលរដ្ឋ​ទាំង១០៤នាក់ ត្រូវ​បាន​អាជ្ញាធរ​យក​សំណាក និង​ធ្វើ​ចត្តាឡីស័ក​នៅ​អនុវិទ្យាល័យគោក​បញ្ជាន់។ ទាក់ទងនឹងលទ្ធផលនៃការ​យក​សំណាក លោក ម៉េត មាស​ភក្ដី បញ្ជាក់ថា មិន​ទាន់​ចេញ​លទ្ធផល​នោះទេ។ក្នុង​ចំណោម​មនុស្ស​ទាំង១០៤នាក់ខាងលើ​ មាន៤៩នាក់ ​ជាពលរដ្ឋ​ដែលជា​អ្នក​ដំណើរ និង៥៥នាក់ទៀតជា​អ្នករត់រថយន្តឈ្នួល។ ក្រៅពីឃាត់​ខ្លួន​មនុស្ស​ទៅធ្វើចត្តាឡីស័ក និង​យក​សំណាកអាជ្ញាធរក៏​ឃាត់បាន​​រថយន្តចំនួន៤២គ្រឿងផងដែរ។
 
បើតាម​អ្នកនាំពាក្យខាងលើអ្នករត់រថយន្តឈ្នួល និងពលរដ្ឋចំនួន ១០៤នាក់បាន​ព្យាយាម​ធ្វើដំណើរចាកចេញ​ពី​តំបន់​ក្រហមដែលជា​តំបន់​មាន​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ។ លោក ម៉េត មាសភក្ដី អំពាវនាវដល់​ពលរដ្ឋនិង​អ្នក​រត់​រថយន្តឈ្នួល​ផ្សេងទៀត សូម​កុំ​យក​តម្រាប់​តាម​អ្នករត់រថយន្តឈ្នួលនិងពលរដ្ឋចំនួន ១០៤នាក់នោះ។ លោក ម៉េត មាសភក្ដី បន្តថាក្នុងករណី​មិន​បាន​ចាត់ការ​ទាន់ពេលវេលាទេ អាច​បង្កហានិភ័យ​យ៉ាង​ខ្លាំងដល់​បណ្ដាខេត្ត​នានា ដែល​ពលរដ្ឋទាំងនោះបាន​ធ្វើដំណើរទៅ៕ 

Tag:
 ពោធិ៍សែនជ័យ
  រថយ​ន្តឈ្នួល
  តំបន់ក្រហម
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com