អន្តរជាតិ
ចិន ស្នើសមាជិក UN កុំចូលរួមកិច្ចប្រជុំស្ដីពីសិទ្ធិមនុស្សនៅស៊ីនជាំងដែលធ្វើនៅសប្ដាហ៍ក្រោយ
09, May 2021 , 3:19 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
បេសកកម្មចិនប្រចាំអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យរដ្ឋសមាជិក UN កុំចូលរួមក្នុងព្រឹត្តិការណ៍មួយដែលផ្ដោតលើបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ព្រឹត្តិការណ៍នេះរៀបចំដោយអាមេរិក អង់គ្លេស និងអាល្លឺម៉ង់។ តំណាងចិនចាត់ទុកជំនួបនេះជារឿងនយោបាយ ហើយមានគោលដៅប្រឆាំងប៉េកាំងតែម្ដង។

 
អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី កាណាដា និងរដ្ឋអឺរ៉ុបមួយចំនួនទៀតគ្រោងរៀបចំកិច្ចប្រជុំមួយដើម្បីជជែកពីការធ្វើការទុក្ខបុកម្នេញជនភាគតិចវីហ្គ័រ និងជនភាគតិចផ្សេងទៀតនៅតំបន់ស៊ីនជាំងនៅសប្ដាហ៍ក្រោយ។ បើតាមលិខិតអញ្ជើញដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters គោលដៅនៃកិច្ចប្រជុំ គឺការជជែកពីមធ្យោបាយដែលអង្គការសហប្រជាជាតិ រដ្ឋសមាជិក សង្គមស៊ីវិល អាចធ្វើបានដើម្បីគាំទ្រ និងតស៊ូមតិលើបញ្ហាសិទ្ធិមនុស្សរបស់ជនភាគតិចតួកនៅស៊ីនជាំង។
 
ចិន បានជំទាស់នឹងការរៀបចំព្រឹត្តិការណ៍នេះ ហើយទទូចឱ្យរដ្ឋសមាជិកនានាកុំចូលរួម។ ក្នុងកំណត់ទូតចុះថ្ងៃទី៦ ខែឧសភា ដែលផ្ញើឱ្យបេសកកម្មបរទេសប្រចាំក្រុងញូវយ៉ក តំណាងចិនប្រចាំ UN ហៅការជួបជុំនេះជាព្រឹត្តិការណ៍នយោបាយ ហើយស្នើប្រទេសទាំងនោះកុំចូលរួមឱ្យសោះ។ ដូចកន្លងមកដែរ ចិនចោទអ្នករៀបចំថា យកបញ្ហាសិទ្ធិមនុស្សជាឧបករណ៍លូកលាន់កិច្ចការផ្ទៃក្នុងចិន បង្កើតការបែងចែក និងបង្អាក់ការអភិវឌ្ឍរបស់ចិន។
 
«ពួកគេញៀននឹងបង្ករឿងជាមួយចិន។ ព្រឹត្តិការណ៍បង្ករឿងបែបនេះ នឹងនាំឱ្យការប្រឈមមុខកាន់តែច្រើន។» នេះជាការព្រមានរបស់តំណាងចិន។
 
តាមគម្រោង អគ្គរដ្ឋទូតអាមេរិក អាល្លឺម៉ង់ និងអង់គ្លេស នឹងថ្លែងទាក់ទងបញ្ហាតំបន់ស្វយ័តភាគខាងលិចចិនមួយនេះនៅថ្ងៃទី១២ ខែឧសភា។ អ្នកជំនាញសិទ្ធិមនុស្សមួយចំនួនទៀត ក៏នឹងចូលរួមផងដែរ។
 
ជាយូរមកហើយ លោកខាងលិច និងក្រុមអង្គការសិទ្ធិមនុស្ស ចោទអាជ្ញាធរចិនថា បានចាប់ខ្លួន និងធ្វើទារុណកម្មជនភាគតិចវីហ្គ័រ និងជនភាគតិចឯទៀតប្រមាណមួយលាននាក់នៅតាមកន្លែងឃុំឃាំងជាច្រើននៅស៊ីនជាំង។ ចិនបកស្រាយថា ទីតាំងទាំងនោះ មិនមែនជាកន្លែងឃុំខ្លួនឡើយ តែជាមណ្ឌលកែប្រែ ជម្រុះសតិអារម្មណ៍ជ្រុលនិយម និងផ្ដល់ការបណ្ដុះបណ្ដាលឱ្យពួកគេប៉ុណ្ណោះ៕

Tag:
 ចិន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com