ជាតិ
៣ខែដើមឆ្នាំ ពេទ្យកុមារអង្គរព្យាបាលកុមារមហារីក៨០ករណីដោយភាគច្រើនមហារីកបាតភ្នែក
09, May 2021 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ ត្រឹម៣ខែ ដើមឆ្នាំ២០២១នេះ មានករណីកុមារចំនួន៨០ដែលមានជំងឺមហារីក បានទៅទទួលសេវាព្យាបាលក្នុងមន្ទីពេទ្យកុមារអង្គរ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរពេទ្យ ដែលសារព័ត៌មានថ្មីៗទទួលបាន។

 
តាមរបាយការណ៍ខាងលើ កុមារដែលមានជំងឺមហារីកទាំងនោះភាគច្រើនកើតមហារីកបាតភ្នែក។ ហើយអ្នកជំងឺមកពីបណ្ដាខេត្តនានាក្នុងប្រទេស រួមមានខេត្តសៀមរាប រតនគិរី តាកែវ កំពត ស្វាយរៀង និងខេត្តកណ្ដាលជាដើម។ 
 
គ្រូពេទ្យឯកទេសជំងឺមហារីក និងគ្រាប់ឈាមកុមារ នៃមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត សំ លីវណ្ណ មានប្រសាសន៍ថា គេពុំអាចដឹងពីមូលដ្ឋាលច្បាស់លាស់នៃជំងឺមហារីកនេះបានឡើយ តែភាគច្រើនគឺបណ្ដាលមកពីការបំលែងខ្លួនរបស់កោសិកា។ លោកវេជ្ជបណ្ឌិតបន្ថែមថា កុមារដែលទទួលការព្យាបាលដោយវិធីសាស្ត្រចាក់ថ្នាំគីមី មានហានិភ័យនៃការកើតជំងឺនេះវិញ ប្រសិនបើពួកគេខកខានសូម្បីតែមួយខែនៃការព្យាបាល។ ហេតុដូច្នេះ ឪពុកម្ដាយត្រូវស្វែងយល់ពីចំណុចនេះ និងត្រូវនាំយកមកព្យាបាលតាមកាលកំណត់របស់គ្រូពេទ្យ។ 
 
បើតាមការបញ្ជាក់ពីគ្រូពេទ្យ អំឡុងពេលការបិទខ្ទប់ជំងឺកូវីដ១៩នេះ មានអ្នកជំងឺខ្លះពិបាកនាំកូនមកព្យាបាលជំងឺ តែយ៉ាងណាពួកគេនៅតែពុះពារដើម្បីមកតាមការកំណត់ជាចាំបាច់។ ករណីនេះដូចជា កុមារមានជំមហារីកបាតភ្នែកមកពីខេត្តកណ្តាល ដោយមានផលវិបាកក្នុងការធ្វើដំណើរឆ្លងកាត់តំបន់បិទខ្ទប់ បានបង្ខំចិត្តឱ្យគ្រួសារនេះ ធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួន ពីខេត្តកណ្ដាលមកខេត្តសៀមរាប ដោយប្រើរយៈពេល១២ម៉ោង។
 
អ្នកនាង បុប្ផា ត្រូវជាម្តាយកុមារាអ្នកជំងឺខាងលើបាននិយាយថា៖ « ខ្ញុំគ្មានជម្រើសអ្វីក្រៅពីជិះម៉ូតូដោយខ្លួនឯងដោយមិនប្រាកដថាខ្ញុំអាចឆ្លងកាត់ចំណុចឆែកឆេរនោះទេ។ វាពិតជាលំបាកណាស់ ព្រោះមានចំណុចត្រួតពិនិត្យជាច្រើន។ ខ្ញុំត្រូវអង្វរប៉ូលីសឱ្យខ្ញុំឆ្លងកាត់»៕

Tag:
 មន្ទីរពេទ្យកុមារអង្គរ
  មហារីក
© រក្សាសិទ្ធិដោយ thmeythmey.com