ជាតិ
ពេលរាំងស្ងួត និងពេលទឹកសមុទ្រឡើងខ្ពស់ បង្កផលប៉ះពាល់២យ៉ាង
09, May 2021 , 10:59 pm        
រូបភាព
ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីកម្ពស់ទឹកភ្លៀងតិចជាងមុន និងកម្ពស់ទឹកសមុទ្រអាចកើនឡើងនៅឆ្នាំ២០៥០អាចបណ្តាលឲ្យមានផលប៉ះពាល់២យ៉ាង។ ភាពរាំងស្ងួតនឹងធ្វើឲ្យកសិកម្មទទួលទិន្នផលតិចជាងមុន ជាពិសេសជីវៈចម្រុះកម្ពុជានៅតាមបឹងទន្លេសាប។ចំណែក ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ អាចនឹងបណ្តាលឲ្យឆ្នេរមានការថយចុះនិងបាត់បង់ព្រៃកោងកាងផងដែរ។


 
យោងតាមសៀវភៅ ខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងធនធានធម្មជាតិនៅកម្ពុជា បានរៀបរាប់ថា ផ្អែកតាមអ្នកវិទ្យាសាស្រ្តសីតុណ្ហភាពមធ្យមនៅអាស៊ីអាគ្នេយ៍អាចនឹងកើនឡើងពី ១,៥ ទៅ ៤,៣ អង្សាសេនៅចុងសតវត្សទី២១។ របបរដូវកាលនិងរយៈពេលរដូវវស្សានឹងមានការប្រែប្រួល ជាពិសេសកម្ពស់ទឹកភ្លៀងនឹងមានតិចជាមុនពី ០,៥ ទៅ ៤,៥% នៅឆ្នាំ២០៥០។ ឯឆ្នេរវិញកម្ពស់ទឹកសមុទ្រនឹងកើនឡើងពី ០,៥ ទៅ ១,៥ម នៅឆ្នាំ២០៥០ ដែលជាហេតុធ្វើឲ្យឆ្នេរមួយចំនួននឹងត្រូវបាត់បង។
 
ករណីទាំងនេះ ជាហេតុធ្វើឲ្យមានផលប៉ះពាល់២យ៉ាង គឺនៅពេលរាំងស្ងួតនិងពេលទឹកសមុទ្រឡើងខ្ពស់។ 
 
ភាពរាំងស្ងួត ដែលបណ្តាលមកពីភាពអនថយនៃចំនួនទឹកភ្លៀង នឹងធ្វើឲ្យដីលិចទឹកតិចជាងមុន។
 
ឯផលកសិកម្ម និងផលស្រូវ ក៏មានទិន្នផលទាបជាងមុនដែរ។ លើសពីនេះ ពេលរាំងស្ងួតវាក៏ប៉ះពាល់ជីវចម្រុះនៅកម្ពុជាផងដែរ ជាពិសេសបឹងទន្លឹសាប ត្រី និងបក្សីនឹងពិបាកផ្លាស់ទី និងការបន្តពូជរបស់សត្វ។
 
ជាងនេះទៅទៀត ពពួករុក្ខជាតិ ដែលអាចរស់បានតែនៅកម្ពុជា ព្រមទាំងសត្វឆ្អឹងកង២ទៅ៤% អាចនឹងវិនាសផុតពូជនៅចុងសតវត្សទី២១នេះ។ សត្វ និងរុក្ខជាងតិដែលធ្លាប់មាននៅកន្លែងផ្សេង អាចនឹងរស់ ឬដុះលូតលាស់នៅកម្ពុជាហើយវាជំនួសជីវិតទាំងឡាយដែលធ្លាប់មាន។ ជាមួយគ្នានេះដែរ ជំងឺដែលទាក់ទងនឹងទឹកអាចនឹងកើតមានឡើង ហើយប៉ះពាល់ដល់មមនុស្ស និងសត្វ។
 
ចំពោះទឹកសមុទ្រដែលឡើងខ្ពស់ វានឹងហូរចូលទៅក្នុងព្រៃកោងកាងជ្រៅជាងមុនរុក្ខជាតិដែលមិនអាចធន់នឹងកម្រិតអំបិលខ្ពស់ នឹងត្រូវរំខានដល់ការលូតលាស់ហើយវាអាចឈានដល់ការផុតផងដែរ។ អ្វីដែលសំខាន់ ពេលគ្មានព្រៃកោងកាងឆ្នេរសមុទ្រនឹងមិនអាចទប់ទល់រលកធំៗបានទេ៕ 

Tag:
 Sipar
  ធនធានធម្មជាតិនៅកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com