COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ត្រឹមតែ១ខែ មានអ្នកហៅទូរសព្ទទៅសេវាផ្ដល់យោបល់ និងពិគ្រោះបញ្ហាផ្លូវចិត្តជាង២ពាន់ដង ខណៈពេលបិទខ្ទប់រាជធានី
10, May 2021 , 9:29 am        
រូបភាព
ភ្នំពេញ៖ ត្រឹមតែមួយខែ គឺនៅក្នុងខែមេសា ឆ្នាំ២០២១កន្លងទៅនេះ មានការហៅទូរសព្ទចូលបណ្ដាញទូរសព្ទជំនួយកុមារកម្ពុជា ដើម្បីពិគ្រោះយោបល់ពីបញ្ហានានា ជាពិសេសបញ្ហាវិបត្តិផ្លូវចិត្ត ជាង២ពាន់ដង។ អ្នកនាង ធន ស្រីពៅ ប្រធានផ្នែកពិគ្រោះយោបល់ នៃបណ្ដាញទូរសព្ទជំនួយកុមារកម្ពុជា ថាការហៅទូរសព្ទដើម្បីពិគ្រោះយោបល់ ក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងបណ្ដាខេត្តមួយចំនួននោះ មានការកើនឡើងជាងខែមុនៗ។


 
អ្នកនាង ធន ស្រីពៅ ប្រធានផ្នែកពិគ្រោះយោបល់ នៃបណ្ដាញទូរសព្ទជំនួយកុមារកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការហៅចូលបណ្ដាញទូរសព្ទជំនួយកុមារកម្ពុជា ដើម្បីពិគ្រោះបញ្ហាទូទៅ តាមរយៈលេខ ១២៨០ នៅក្នុងឆ្នាំ២០២០កន្លងទៅ មានចំនួនជាង៤ម៉ឺនដង។ ដោយឡែកបើគិតតែអ្នកដែលបានហៅចូល ដើម្បីពិគ្រោះយោបល់ និងស្វែងរកការគាំទ្រផ្លូវចិត្ត មានតែជាង៣រយនាក់ប៉ុណ្ណោះ នៅពេញមួយឆ្នាំ២០២០។ 
ដើម្បីជ្រាបពីព័ត៌មានលំអិត តទៅនេះសូមលោកអ្នក អញ្ជើញស្ដាប់បទសម្ភាសរវាងកញ្ញ ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ជាមួយអ្នកនាង ធន ស្រីពៅ ប្រធានផ្នែកពិគ្រោះយោបល់ នៃបណ្ដាញទូរសព្ទជំនួយកុមារកម្ពុជា ដោយក្ដីសោមនស្ស៖



 
បើតាមការបញ្ជាក់របស់អ្នកនាង ធន ស្រីពៅ ក្នុងចំណោមអ្នកដែលបានហៅទៅលេខ ១២៨០ ដើម្បីពិគ្រោះយោបល់ មានក្រុមម្ដាយឪពុក យុវវ័យ និងកុមារ ហើយកុមារនោះទៀតសោត ក៏មានអាយុក្រោម១០ឆ្នាំផងដែរ។ ពួកគេហៅទូរសព្ទចូល ដើម្បីពិគ្រោះយោបល់ពីបញ្ហានានា បង្ហាញពីក្ដីព្រួយបារម្ភលើការរស់នៅ ក្នុងអំឡុងពេលនៃការផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ការភ័យខ្លាចការឆ្លងជំងឺកូវីដ-១៩ ការតានតឹងផ្លូវចិត្ត ពីទំនាក់ទំនងនៅក្នុងគ្រួសារ ពីបញ្ហាសេដ្ឋកិច្ច ភាពគ្មានការងារធ្វើ ការចំណាកស្រុក ការជួញដូរ ការប្រើអំពើហឹង្សាលើកុមារ និងបញ្ហាការសិក្សាពីចម្ងាយជាដើម។
 
អ្នកនាង ធន ស្រីពៅ បន្យល់បន្ថែម៖«យើងអាចគិតថាកុមារអាយុ៥ឬ៦ឆ្នាំ គាត់មិនអាចប្រើទូរសព្ទ ហើយហៅមកជជែកជាមួយយើងបានទេ ប៉ុន្តែគាត់ពិតជាអាចធ្វើបាន។ ពួកគាត់ក៏មានការភ័យខ្លាច ហើយព្រួយបារម្ភដូចពួកយើងដែរ»។
 
ទោះជាយ៉ាងណា នៅក្នុងឆ្នាំ២០១៩ ការហៅចូលបណ្ដាញទូរសព្ទជំនួយកុមារកម្ពុជា តាមរយៈលេខ ១២៨០ មានចំនួនជាង៥ម៉ឺនដង ដោយអាត្រានៃការហៅទូរសព្ទចូលនេះ ខ្ពស់ជាងឆ្នាំ២០២០។ 
 
ប្រធានផ្នែកពិគ្រោះយោបល់ នៃបណ្ដាញទូរសព្ទជំនួយកុមារកម្ពុជា អ្នកនាង ធន ស្រីពៅ ថាការធ្លាក់ចុះការហៅទូរសព្ទនេះ ទំនងមកពីបណ្ដាញទូរសព្ទជំនួយកុមារកម្ពុជា ពុំសូវបានផ្សព្វផ្សាយទៅកាន់សហគមន៍។ អ្នកនាងបន្ថែមថា ប្រសិនបើមានការផ្សព្វផ្សាយច្រើន ប្រហែលជាមានការហៅចូលច្រើន ដ្បិតអីបើគិតតែក្នុងខែមេសា ឆ្នាំ២០២១ មានអ្នកហៅចូល ដើម្បីពិគ្រោះយោបល់នានាដល់ទៅជាង២ពាន់នាក់ទៅហើយ។
 
សូមបញ្ជាក់ថា បណ្ដាញទូរសព្ទជំនួយកុមារកម្ពុជា ផ្ដល់សេវាគាំទ្រផ្លូវចិត្ត និងពិគ្រោះយោបល់ផ្សេងៗជាដើម ពេញ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយឥតគិតថ្លៃ និងរក្សាការសម្ងាត់ តាមរយៈលេខ១២៨០។ ហើយប្រសិនបើលោកអ្នក បានឃើញថាមានអំពើហិង្សាលើកុមារ អំពើហិង្សាលើស្ត្រី ការចំណាកស្រុកដោយពុំមានសុវត្ថិភាព អំពើជួញដូរខុសច្បាប់ ការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញជាដើម លោកអ្នកអាចហៅទៅលេខ ១២៨០ ដើម្បីផ្ដល់ព័ត៌មាន។ នោះក្រុមការងារនឹងទាក់ទងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអន្តរាគម៕
 

Tag:
 ផ្លូវចិត្ត
  ពិគ្រោះ
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com