COVID-19
ជាតិ
ភ្នំពេញមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២១៩នាក់ ជាចំនួនឆ្លងទាបបំផុតតាំងពីដើមខែឧសភាមក
× រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានចំនួន ២១៩នាក់ ដែលទទួលបានលទ្ធផលតេស្ត កាលពីថ្ងៃទី៨ ឧសភា។ ចំនួនអ្នកឆ្លងនេះ ធ្លាក់ចុះពាក់កណ្តាលធៀបនឹងតួលេខឆ្លងកាលពីថ្ងៃទី៧ ឧសភា ហើយក៏ជាចំនួនដែលតិចបំផុតដែរ ចាប់តាំងពីដើមខែឧសភាមក។
មនុស្សចំនួន ២១៩នាក់នៅរាជធានីភ្នំពេញ ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ៨ឧសភា ក្នុងនោះមានទារក និងកុមារដល់ទៅ៤០នាក់។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អ្នកវិជ្ជមានទាំងនេះ គឺជាកម្មកររោងចក្រ, កម្មករសំណង់,អាជីវករ, អ្នកលក់អនឡាញ, អ្នកលក់បាយ, បុគ្គលិកសណ្ឋាគារ,បុគ្គលិកផ្នែកអនាម័យ, អ្នករត់កង់បី, សិស្ស, មន្ត្រីយោធា និងមានបុគ្គលិកក្រុមហ៊ុនឯកជនមួយចំនួនទៀត។ ភាគច្រើននៃអ្នកវិជ្ជមានកូវីដ-១៩ ទាំងនេះ មានអាសយដ្ឋាននៅក្នុងខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ និងខណ្ឌឫស្សីកែវ។
គួរកត់សម្គាល់ថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៨ឧសភា បានធ្លាក់ចុះច្រើនជាងពាក់កណ្តាល ធៀបនឹងតួលេខឆ្លងកាលពីថ្ងៃទី៧ ឧសភា ដែលមានដល់ទៅ ៤៤៥នាក់។ តួលេខ ២៩១នាក់ ក៏ជាចំនួនដែលតិចជាងគេបំផុតដែរ នៃអ្នកឆ្លងប្រចាំថ្ងៃនៅរាចជធានីភ្នំពេញ ចាប់តាំងពីដើមខែឧសភាមក។
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ១៩២៣៧នាក់ ក្នុងនោះសះស្បើយចំនួន ៧៦៤១នាក់ និងស្លាប់កើនដល់ ១២០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com