COVID-19
ជាតិ
កូវីដ-១៩ រាលដាលដល់អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនុ ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ កំពុងបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ស្ថិតក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
× ខេត្តព្រះសីហនុ បានប្រកាសថា ជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្តចំនួន ៣៤នាក់ មានវិជ្ជមានកូវីដ-១៩ ហើយពួកគេស្ថិតក្នុងចំណោមមនុស្ស ១២៦នាក់ដែលតេស្តវិជ្ជមានកូវីដ-១៩ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ឧសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។
អ្នកឆ្លងផ្សេងទៀត ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់លេខ១ ដែលមានចំនួន៣៦នាក់, ពលរដ្ឋ២៣នាក់ រស់នៅក្នុងសង្កាត់លេខ៤, ១២នាក់រស់នៅក្នុង សង្កាត់លេខ៣ , ពលរដ្ឋ ៩នាក់ រស់នៅក្នុងសង្កាត់លេខ២។ បណ្តាស្រុកមួយចំនួនរបស់ខេត្តព្រះសីហនុ ក៏បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ក្នុងនោះស្រុកវាលរេញ មានចំនួន១០នាក់ ខណៈស្រុកព្រៃនប់ និង ស្រុកស្ទឹងហាវ មាន១នាក់រៀងងខ្លួន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។
គួរកត់សម្គាល់ថា ជំងឺកូវីដ-១៩ បានចាប់ឆ្លងរាលដាលខ្លាំងនៅក្នុងខេត្តព្រះសីហនុ ដោយផ្ទុះចេញពីផ្សារលើ តាំងពីពាក់កណ្តាលខែមេសាមកម្ល៉េះ។ គ្រាន់តែនៅដើមខែឧសភានេះ ខេត្តព្រះសីហនុ បានរកឃើញពលរដ្ឋច្រើនជាង៤៥០នាក់ មានតេស្តវិជ្ជមានកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកកើតកូវីដ-១៩ ចំនួន ១៩២៣៧នាក់ ដែលក្នុងនោះសះស្បើយចំនួន ៧៦៤១នាក់ និងស្លាប់មាន១២០នាក់៕
Tag:
ThmeyThmey
កូវីដ-១៩
ព្រះសីហនុ
ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com