អន្តរជាតិ
វៀតណាម មានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃច្រើនជាង១០០នាក់ជាលើកដំបូង
10, May 2021 , 5:29 pm        
រូបភាព
អាជ្ញាធរវៀតណាម បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីក្រុងហូជីមិញ។ រូបភាព៖ VnExpress
អាជ្ញាធរវៀតណាម បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីក្រុងហូជីមិញ។ រូបភាព៖ VnExpress
វៀតណាម នៅថ្ងៃទី១០ ខែឧសភា បានរាយការណ៍ ករណីឆ្លងកូវីដ-១៩ មានច្រើនជាង ១០០ករណីជាលើកដំបូង ចាប់តាំងពីផ្ទុះករណីឆ្លងនៅក្នុងប្រទេសតាំងពីឆ្នាំមុនមក។

 
ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅវៀតណាម កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាអាជ្ញាធរ បានខិតខំ ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ចរន្តឆ្លងក៏ដោយ។ ក្រោយស្ងប់មួយរយៈ ករណីឆ្លងបានផ្ទុះជាថ្មីចាប់ពីចុងខែមេសា។
 
ក្នុងថ្ងៃទី១០ ខែឧសភា វៀតណាម មានករណីឆ្លងរហូតដល់ ១០៩ករណីឯណោះ ដែលជាចំនួនឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតនៅក្នុងប្រទេស។ ករណីឆ្លងនេះ កើនឡើងបន្ទាប់ពីវៀតណាមទើបតែមានករណីឆ្លងចំនួន ៩២ករណី នៅថ្ងៃម្សិលមិញ ដែលជាកំណត់ត្រាមួយដែរនោះ។  
 
ចាប់តាំងពីផ្ទុះកូវីដ-១៩ នៅចុងខែមេសាមក កូវីដ-១៩ បានរីកសាយទៅខេត្ត ក្រុងចំនួន ២៦នៅវៀតណាម និងមានអ្នកឆ្លងថ្មីជាង៤០០នាក់។ ករណីឆ្លងភាគច្រើន មាននៅភាគខាងជើង និងភាគកណ្តាលប្រទេស។ ស្របពេលករណីឆ្លង កំពុងតែកើនឡើងបែបនេះ វៀតណាម បានបិទខ្ទប់តំបន់ដែលផ្ទុះករណីឆ្លង ដាក់ចេញវិធានការរឹតបន្តឹងនៅតាមមន្ទីរពេទ្យ និងតំបន់ផ្សេងទៀត។ 
 
ករណីឆ្លងកូវីដ-១៩ សរុបនៅវៀតណាមមានជាង ៣ពាន់ករណី និងអ្នកស្លាប់មានចំនួន៣៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៦០២នាក់។ វៀតណាម នៅតែជាប្រទេសរងគ្រោះតិចជាងគេ បើធៀបនឹងប្រទេសផ្សេងក្នុងតំបន់៕ 
 

Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com