អន្តរជាតិ
លោក ពូទីន ប្រកាសការពារផលប្រយោជន៍រុស្ស៊ីឱ្យបានដាច់ខាត
10, May 2021 , 8:59 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ឈរអមដោយរដ្ឋមន្រ្តីការពារជាតិ Sergei Shoigu ។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ឈរអមដោយរដ្ឋមន្រ្តីការពារជាតិ Sergei Shoigu ។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី៩ ខែឧសភា បានប្រកាសការពារផលប្រយោជន៍របស់រុស្ស៊ីឱ្យបានដាច់ខាតអំឡុងពេលប្រារព្ធខួបជ័យជម្នះសង្រ្គាមលោកលើកទីពីរ។ លោក ពូទីន ប្រកាសបែបនេះ ស្របពេលរុស្ស៊ី និងលោកខាងលិចកំពុងមើលមុខគ្នាមិនត្រូវលើបញ្ហាជាច្រើនរាប់ចាប់ពីការស្ថានភាពនៅអ៊ុយក្រែន និងការលួចព័ត៌មានសម្ងាត់នៅអឺរ៉ុប។

 
ថ្ងៃទី៩ ខែឧសភា ជាខួបទី៧១នៃជ័យជម្នះលើរបបណាស៊ីក្នុងសង្រ្គាមលោកលើកទីពីរ។ រុស្ស៊ី ដែលដើរតួសំខាន់ក្នុងការសង្រ្គាម បានរៀបចំពិធីដ៏អធិកអធមមួយដើម្បីអបអរជ័យជម្នះរបស់កងទ័ពក្រហម ខណៈទំនាក់ទំនងរុស្ស៊ី និងលោកខាងលិចមិនសូវល្អនោះ។ ប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ក៏ឆ្លៀតឱកាសនេះ ប្រកាសការប្ដេជ្ញាចិត្តការពារផលប្រយោជន៍រុស្ស៊ី និងបរិហារនូវអ្វីដែលចាត់ទុកជាចលនាស្អប់ខ្ពើមរុស្ស៊ី។
 
ចំពោះមុខអ្នកចូលរួមរាប់ម៉ឺននាក់ដែលអតីតយុទ្ធជនប្រឡូកក្នុងសង្រ្គាម លោក ពូទីន លើកឡើងថា សហភាពសូវៀត បានគោរពតាមសច្ចារបស់ខ្លួន ការពារទឹកដី និងសង្រ្គោះប្រជាជនអឺរ៉ុប។ លោកបន្តថា រុស្ស៊ីវិញ ការពារខ្ជាប់ខ្ជួនច្បាប់អន្តរជាតិ និងជាមួយគ្នានោះ រុស្ស៊ីក៏នឹងការពារផលប្រយោជន៍របស់ខ្លួនឱ្យម៉ឺងម៉ាត់ដើម្បីធានាសុខសុវត្ថិភាពប្រជាជន។
 
កងទ័ពរុស្ស៊ីច្រើនជាង១២០០០នាក់ ចូលរួមក្នុងព្យុហយាត្រានៅទីលានក្រហមកណ្ដាលទីក្រុងមូស្គូ។ យុទ្ធោបករណ៍ប្រមាណ១៩០មុខ ក៏បណ្ដែតខ្លួន អមជាមួយយន្តហោះ និងឧទ្ធម្ភាគច្រើនជាច្រើនគ្រឿងទៀត។
 
ការអបអរនៅឆ្នាំ២០២១ នេះ មិនសូវជាល្អសម្រាប់រុស្ស៊ីឡើយ។ រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ ជិត៤,៩លាននាក់ និងអ្នកស្លាប់ជាង១១ម៉ឺននាក់។ លើសពីនោះ រុស្ស៊ីក៏រងសម្ពាធខ្លាំងដែរលើឆាកអន្តរជាតិ ដោយអ្នកការទូតរុស្ស៊ីជាច្រើននាក់ ត្រូវបានប្រទេសតំបន់អឺរ៉ុបបណ្ដេញចេញពីប្រទេសក្រោមហេតុផលធ្វើចារកម្ម។ អាមេរិក និងអឺរ៉ុប ក៏ដាក់ទណ្ឌកម្មថែមលើរុស្ស៊ីពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញអ្នកប្រឆាំង Alexei Navalny ការវាយប្រហារតាមអនឡាញ និងសកម្មភាពយោធាក្បែរព្រំដែនអ៊ុយក្រែន។
 
កាលពីខែមុន រុស្ស៊ីពង្រាយទ័ពប្រមាណ១០ម៉ឺននាក់នៅជាប់ព្រំដែនអ៊ុយក្រែន និងតំបន់គ្រីមេ ដែលនេះជាការប្រមូលកម្លាំងធំបំផុតតាំងពីឆ្នាំ២០១៤ ។ ទីក្រុងកៀវ បារម្ភជាខ្លាំងចំពោះរឿងនេះ រហូតអាមេរិកចេញមុខធានាការពារ។ ប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន ធ្វើដំណើរទៅកាន់អ៊ុយក្រែនដោយផ្ទាល់ដើម្បីបង្ហាញការគាំទ្ររបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន៕
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com