ជាតិ
សុខភាព
ពលរដ្ឋខ្មែរ ជាង១៧ភាគរយហើយ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
10, May 2021 , 9:29 pm        
រូបភាព
 គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម កាលពីថ្ងៃទី៩ឧសភា។ រូបថត៖ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម កាលពីថ្ងៃទី៩ឧសភា។ រូបថត៖ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
ភ្នំពេញ៖ កម្ពុជាមានពលរដ្ឋ១,៧៧៣,៩៩៤នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19)។ តួលេខនេះ គឺស្មើនឹងប្រមាណ១៧,៧ភាគរយនៃមនុស្សសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ ក្នុងចំណោម អ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជាង១,៤លាននាក់ បានចាក់នូវដូសទី២។ នេះបើយោងតាមរបាយការណ៍ផ្សេងពីគ្នា របស់ក្រសួងសុខភិបាល និងក្រសួងការពារជាតិ។

 
របាយការណ៍ទាំងពីរ បានបង្ហាញថា គិតដល់ត្រឹមទី៩ឧសភា ឆ្នាំ២០២១  ក្នុងចំណោមពលរដ្ឋទូទាំងជិត១,៨លានដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នោះ គឺមានជិត៤០ម៉ឺននាក់ ជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ។ ក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់ឱ្យពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ ចាប់តាំងពីថ្ងៃទី១ឧសភា ឆ្នាំ២០២១។  
 
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ស្ថិតក្នុងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជា ការបិទខ្ទប់តំបន់ដែលប្រឈមឆ្លងខ្លាំង និងបម្រាមគោចរជាដើម ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។ ដើម្បីជោគជ័យលើការងារនេះ រដ្ឋាភិបាល បានកំណត់ផែនការជាជំហានៗ ដោយជំហានទី១ ពីខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ ចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាល ឱ្យអស់ដែលមានជិត២,៥លាននាក់។
 
សម្រាប់ជំហានទី២ នៃផែនការរបស់រដ្ឋាភិបាល នឹងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរស់នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ព្រះសីហនុ ស្វាយរៀង សៀមរាប បន្ទាយមានជ័យ កែប និងខេត្តកំពត។  ជំហាននេះ នឹងអនុវត្តឡើងចាប់ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ ប្រជាជនរស់នៅក្នុងខេត្តទាំង១១ មានជាង២លាននាក់ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រមាណ៤លានដូស។
 
ចំពោះជំហានទី៣ នឹងអនុវត្តពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទៅលើប្រជាជនជាង៤,៤លាននាក់ រស់នៅក្នុងខេត្តចំនួន១២។ ក្នុងនោះ មានខេត្តកោះកុង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ រតនៈគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងក្រចេះ។
 
បើតាមប្រសាសន៍សម្តេច ហ៊ុន សែន វ៉ាក់សាំងរបស់សាធារណៈប្រជានិតចិន ចំនួន១លានដូសទៀត នឹងមកដល់កម្ពុជា ក្នុងសប្តាហ៍នេះ ខណៈកម្ពុជាមានវ៉ាក់សាំង ជាង៤លានដូសដែលបាននិងកំពុង ចាក់ជូនពលរដ្ឋសព្វថ្ងៃ៕
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com