COVID-19
អន្តរជាតិ
ក្រុមហ៊ុន BioNTech នឹងបើករោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ នៅសិង្ហបុរី
10, May 2021 , 9:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech ដែលសហការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាមួយក្រុមហ៊ុន Pfizer នឹងបើកស្នាក់ការប្រចាំតំបន់នៅសិង្ហបុរី។ ក្រុមហ៊ុន ក៏នឹងបោះទុនបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងឱសថផ្សេងទៀត ដែលប្រើប្រាស់បច្ចេកវិទ្យានាំសារ messenger RNA ( mRNA) ។

 
ក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ បានសម្រេចបើកដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងឱសថផ្សេងទៀតនៅសិង្ហបុរី ដោយយកប្រទេសនេះជាទីស្នាក់ការប្រចាំតំបន់តែម្ដង។ ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចរបស់សិង្ហបុរី ក៏គាំទ្រសំណើមួយនេះដែរ។
 
«ជាមួយរោងចក្រដែលគ្រោងផលិតវ៉ាក់សាំងប្រភេទ mRNA យើងនឹងបង្កើនសមត្ថភាពក្នុងការផលិត ចែកចាយវ៉ាក់សាំងប្រភេទ mRNA និងការព្យាបាលមនុស្សនៅជុំវិញពិភពលោក»។ ប្រធានប្រតិបត្តិក្រុមហ៊ុន BioNTech លោក Ugur Sahin បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១០ ខែឧសភា។ ក្នុងន័យនេះ ក្រុមហ៊ុន BioNTech នឹងផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំងនៅក្នុងតំបន់ និងទៅកាន់ពិភពលោក។ 
 
សិង្ហបុរី ក្លាយជាគោលដៅរបស់ក្រុមហ៊ុនអាល្លឺម៉ង់ ដោយសារតែប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានផ្តល់បរិយាកាសធ្វើជំនួញដ៏ល្អ ផ្តល់ការរីកចម្រើនដល់ក្រុមហ៊ុន និងសម្បូរធនធានមនុស្សផង។ ក្រុមហ៊ុន BioNTech អាចនឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនយ៉ាងយូរត្រឹមឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនត្រូវដំឡើងបច្ចេកវិទ្យាផលិតវ៉ាក់សាំងប្រភេទ mRNA ដ៏ស្មុគស្មាញ។ ក្រុមហ៊ុន BioNTech ត្រូវបានរំពឹងថា នឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំនេះ។ 
 
យ៉ាងណាមិញ ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់សរុប ដែលខ្លួនត្រូវវិនិយោគលើរោងចក្រផលិតឱសថនៅសិង្ហបុរីឡើយ។ 
 
វ៉ាក់សាំងប្រភេទ mRNA ជាវ៉ាក់សាំងប្រភេទថ្មី ដែលបង្កឡើងដើម្បីប្រឆាំងនឹងជំងឺឆ្លង។ ខុសពីវ៉ាក់សាំងផ្សេង ដែលផ្សំចេញបំណែកកូរ៉ូណាវីរុសអសកម្ម វ៉ាក់សាំង mRNA ធ្វើឱ្យកោសិកាបណ្តុះប្រូតេអ៊ីន ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងកូរ៉ូណាវីរុស។ វ៉ាក់សាំងប្រភេទនេះ មានប្រសិទ្ធភាពរហូតដល់ ៩៥ភាគរយ ក្នុងការប្រឆាំងនឹងកូវីដ-១៩។ 
 
សូមបញ្ជាក់ថា ក្រុមហ៊ុន BioNTech គឺជាក្រុមហ៊ុនរបស់អាល្លឺម៉ង់ ដែលបានសហការជាមួយក្រុមហ៊ុន Pfizer ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ក្រុមហ៊ុនទាំងពីរនេះ រកស៊ីរួមគ្នានៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុប លើកលែងតែនៅអាល្លឺម៉ង់ ចិន និងតួកគីប៉ុណ្ណោះ ដែលក្រុមហ៊ុន BioNTech ផលិតវ៉ាក់សាំងប្រភេទ mRNA ផ្គត់ផ្គង់ផ្ដាច់មុខ៕
 

Tag:
 សិង្ហបុរី
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com