ជាតិ
លោកស្រី ជូ ប៊ុនអេង៖ ការជួញដូរមនុស្សកើនឡើង ខណៈអាជ្ញាធរជាប់ដៃប្រយុទ្ធជំងឹកូវីដ-១៩
10, May 2021 , 10:29 pm        
រូបភាព
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(រូបកណ្ដាល)។ រូបពី គ.ជ.ប.ជ
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(រូបកណ្ដាល)។ រូបពី គ.ជ.ប.ជ
ភ្នំពេញ៖ ៣ខែ ដើមឆ្នាំ២០២១ កម្ពុជាមានការជួញដូរមនុស្ស៨៥ករណី បើធៀបនឹងពេលដូចគ្នានៅឆ្នាំមុន គឺកើនឡើង៥៨ករណី ។ ករណីជួញដូរទាំងនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបទាន់ពេល ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង១០០នាក់។ នេះបើតាមតួលេខបណ្ដោះអាសន្ន ដែលសារព័ត៌មានថ្មីៗទទួលបានពីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។


លោកស្រី ជូ ប៊ុនអេង អះអាងថា ការជួញដូរមនុស្សកើនឡើងនេះ ដោយសារមេខ្យល់គិតថា កម្លាំងអាជ្ញាធរជាប់ដៃប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលជាឱកាសសម្រាប់ពួកគេជួញដូរមនុស្ស។ បើតាមលោកស្រី ប៊ុនអេង កត្តាពលរដ្ឋខ្វះការយល់ដឹង ក៏នាំឱ្យករណីជួញដូរកើនឡើងដែរ។ តែយ៉ាងណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ អះអាងថា ដ្បិតការជួញដូរកើនឡើងក្តី ប៉ុន្តែកម្លាំងអាជ្ញាធរបង្ក្រាបបាន អ្នកជាប់ពាក់ព័ន្ធនឹងករណីនេះ ជាង១០០នាក់ យកមកអនុវត្តច្បាប់។ 
 
«គាត់(មេខ្យល់) គិតថារដ្ឋាភិបាលជាប់ដៃប្រយុទ្ធប្រឆ្នាំងហ្នឹងកូវីដ-១៩ មិនយកចិត្តទុកដាក់រឿងហ្នឹងទេ។ កត្តាទីពីរ ដោយពលរដ្ឋយើងមួយចំនួនគិតថាជាឱកាសគេចវេះ ហើយក៏សូវមិនស្ដាប់ការអប់រំរបស់រដ្ឋាភិបាលក្នុងការត្រឡប់ទៅវិញក្រៅប្រទេសវិញ អំពីបញ្ហាប្រឈមការឆ្លងកូវីដ-១៩ រួមទាំងបញ្ហាជួរដូរមនុស្សឬការចាញ់បោកមេខ្យល់ជាដើម»។ នេះជាមូលហេតុនៃការកើនឡើងនៃការជួញដូរមនុស្ស ដែលលោកស្រី ជូ ប៊ុនអេង បានបន្ថែមថា ក្នុងចំណោល៨៥ករណីនេះ ភាគច្រើនគឺការជួញដូរពលករឆ្លងដែនខុសច្បាប់។ 
 
លោកស្រី ម៉ៅ ម៉ាប់ មន្រី្តសមាគមការពារសិទ្ធិមនុស្ស អាដហុក ទទួលបន្ទុកស្រី្តនិងកុមារ បាននិយាយថា ការជួញដូរមនុស្សកើនឡើងនៅអំឡុងពេលកូវីដ-១៩នេះ ដោយសារពលរដ្ឋត្រូវបង្ខំចិត្តចំណាកស្រុកដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើ។ ទន្ទឹមនឹងនេះ ការយល់ដឹងរបស់ពលរដ្ឋនៅតែមានកម្រិតក្នុងឆ្លងដែន ដែលធ្វើមេខ្យល់ងាយស្រួលក្នុងបោកប្រាស់។ 
 
«រដ្ឋាភិបាល រួមទាំងអាជ្ញធរមូលដ្ឋានត្រូវអនុវត្តច្បាប់ឲ្យស្មើភាពគ្នាលើអ្នកល្មើសច្បាប់ជួញដូរមនុស្ស។ ហើយការរៀបចំធ្វើឯកសារសម្រាប់ឆ្លងដែនឬចំណាកស្រុកដោយស្របច្បាប់ ត្រូវរៀបចំដោយមានភាពងាយស្រួល មិនរើសអើង សម្រាប់ពលរដ្ឋគ្រប់រូប ដើម្បីងាយស្រួលក្នុងការឆ្លងដែនស្របច្បាប់និងមានការការពារខ្លួន។ លើសពីនេះ ត្រូវពង្រឹងការងារក្នុងស្រុកផងដែរ ពិសេសវិស័យកសិកម្ម ដើម្បីជួយសម្រួលជីវភាពដល់ពលរដ្ឋ»។ នេះបើតាមដំណោះស្រាយរបស់មន្រី្តការពារសិទ្ធិមនុស្ស អាដហុក។ 
 
កន្លងមក សម្ដេច ស ខេង បានចាត់វិធានយ៉ាងតឹងរឹងនៅតាមច្រកព្រំដែន ពិសេសនៅតាមច្រករបៀង ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ លើសពីនេះ ក៏ចាត់វិធានការមិនរើសមុខ ទាំងអាជ្ញាធរ មន្រី្តរាជការ រួមទាំងមេខ្យល់ ដែលយកកម្រៃពីពលរដ្ឋជាថ្នូរនៃការនាំពលរដ្ឋឆ្លងដែនខុសច្បាប់។ 
 
ចាប់ពីថ្ងៃទី២០ធ្នូ ឆ្នាំ២០២០ ដល់ពាក់កណ្ដាលខែមេសា ឆ្នាំ២០២១នេះ ពលរដ្ឋត្រឡប់មកពីថៃវិញ មានជាង៣ម៉ឺនាក់។ ជាមួយគ្នានេះ អាជ្ញាធរថៃ បានបញ្ជូនពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ មកឲ្យអាជ្ញាធរកម្ពុជាវិញ ជិត៣ពាន់នាក់ផងដែរ។ នេះរបាយការណ៍ដែលសារព័ត៌មានថ្មីៗទទួលបានពីលោក កែវ វណ្ណថន អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕ 
 

Tag:
 ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com