អន្តរជាតិ
ភាពតានតឹង​រឿង​ជម្លោះ​ដែន​នេសាទ​ត្រី​រវាង​អង់គ្លេស​និង​បារាំង បាន​ធូរស្រាល​វិញ
10, May 2021 , 11:58 pm        
រូបភាព
ទូកនេសាទបារាំងធ្វើបាតុកម្ម​នៅមុខ​កំពង់ផែ Saint Helier ក្បែរកោះ Jersey របស់​អង់គ្លេស​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ចំពោះអ្វី​ដែល​ពួកគេ​យល់ថា​ជា​ការរឹតត្បិត​ដោយ​អយុត្តិធម៌លើ​លទ្ធភាព​របស់​ពួកគេ​ក្នុងការនេសាទ​ក្នុង​ដែនទឹក​ចក្រភព​អង់គ្លេស​បន្ទាប់ពី Brexit នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
ទូកនេសាទបារាំងធ្វើបាតុកម្ម​នៅមុខ​កំពង់ផែ Saint Helier ក្បែរកោះ Jersey របស់​អង់គ្លេស​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ចំពោះអ្វី​ដែល​ពួកគេ​យល់ថា​ជា​ការរឹតត្បិត​ដោយ​អយុត្តិធម៌លើ​លទ្ធភាព​របស់​ពួកគេ​ក្នុងការនេសាទ​ក្នុង​ដែនទឹក​ចក្រភព​អង់គ្លេស​បន្ទាប់ពី Brexit នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
ដោយ: VOA
ភាព​តាន​តឹង​រវាង​ចក្រភព​អង់គ្លេស​ និង​ប្រទេសបារាំង​ អំពី​សិទ្ធិ​នេសាទ​ត្រីបាន​ធូរស្រាល​ កាល​ពី​យប់​ថ្ងៃ​ព្រសហ្បតិ៍ ​ស្រប​ពេល​ដែល​ភាគី​អង់គ្លេស​ដក​នាវា​ទ័ព​ជើងទឹក​ពីរ​គ្រឿងវិញ​ចេញ​ពី​កោះ Jersey របស់​ចក្រភព​អង់គ្លេស ជា​ទីតំាង​ដែល​អ្នក​នេសាទ​បារំាង​ផ្ដុំ​គ្នា​ធ្វើ​ការ​តវ៉ា។​

 
នាវា​នេសាទ​បារាំង​ប្រមាណ​ជាង ២០ គ្រឿង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​នោះ​ដើម្បី​ធ្វើ​បាតុកម្ម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ និង​បាន​ដុត​ភ្លើង​ និង​លើកបដាទាមទារ​ចូល​នេសាទ​ក្នុង​ដែនទឹក​នៃ​កោះ Jersey។ អ្នក​នេសាទ​បារំាង​បាន​និយាយ​ថា ពួក​គេ​ត្រូវ​បាន​រារាំង​មិន​ឲ្យចូល​នេសាទ​ក្នុង​ដែន​ទឹក​ជុំវិញ​ទឹក​ដី​របស់​ចក្រភព​អង់គ្លេស ដែល​ស្ថិត​នៅក្បែរ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ជើង​ប្រទេស​បារំាង ក្រោយ​ពី​ចក្រភព​អង់គ្លេស​បានចាក​ចេញ​ពី​សហភាពអឺរ៉ុប នៅ​ក្រោម​កិចព្រមព្រៀង​ដែល​គេ​តែង​ហៅ​ថា Brexit។
 
លោក Ludovic Lazaro អ្នក​នេសាទ​ជនជាតិ​បារំាង​ដែល​ចូល​រួម​បាតុកម្ម​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «យើង​មក​កាន់​ទី​នេះ​ថ្ងៃ​នេះ​ព្រោះ ពី​មុន​យើង​តែង​តែ​នេសោទ​នៅ​ទី​នោះ។ យើង​តែង​តែ​នេសាទ​នៅ​ទី​នេះ ហើយ​ស្រាប់​តែភ្លាមៗ ពួក​គេដក​សិទ្ធិ​នេសោទ​របស់​ពួក​យើង»។
 
នាវា​បារំាង​មួយ​គ្រឿង​បាន​ចូល​ចត​រយ:​ខ្លីនៅ​កំពុងផែ​នៅ​លើ​កោះ​ Jersey ដែល​មាន​ស្វ័យភាពគ្រប់គ្រង​ខ្លួន​ឯង​ ប៉ុន្តែ​ត្រូវ​ការពារ​ខាង​យោធា​ដោយចក្រភព​អង់គ្លេស។
 
ចក្រភព​អង់គ្លេស​បាន​បញ្ជូន​នាវាជើង​ទឹក​ ២​គ្រឿង​ ដើម្បី​ «ត្រួត​ពិនិត្យ​ស្ថានភាព» នៅ​តំបន់​នោះ​ ស្រប​ពេល​ដែល​បារាំង​ដាក់​ពង្រាយ​នាវា​ល្បាត​ចំនួន​ពីរ​គ្រឿង​ជុំវិញ​កោះ Jersey។ នាវាយោធា​របស់​ចក្រភព​អង់គ្លេស​ និង​បារំាងបាន​ស្ថិត​នៅ​ចម្ងាយ​ ២០​ គីឡូម៉ែត្រ​ពី​គ្នា
 
អ្នក​វិភាគ​ថា ភាព​តានតឹង​ខាង​ដែន​នេសាទ​នេះ​ទំនង​នឹង​មាន​បន្ត​ទៀត​ ស្រប​ពេល​ដែល​ចក្រភព​អង់គ្លេសព្យាយាម​អនុវត្តតាមការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​«យក​មក​វិញ​នូវ​ការ​គ្រប់គ្រង»​ដែនទឹក​និង​តំបន់​ព្រំដែន​របស់​ខ្លួន​ក្រោយពី​ចាកចេញ​ពី​សហភាព​អឺរ៉ុប៕
 

© រក្សាសិទ្ធិដោយ thmeythmey.com