កីឡាអន្តរជាតិ
អន្តរជាតិ
អូស្រ្តាលី ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ដល់អត្តពលិក មុនបញ្ជូនទៅអូឡាំពិកក្រុងតូក្យូ
11, May 2021 , 8:29 am        
រូបភាព
អូស្រ្តាលី នៅថ្ងៃទី១០ ខែឧសភា ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អត្តពលិកខ្លួននៅទូទាំងប្រទេស ដើម្បីផ្តល់ភាពប្រាកដប្រជាដល់ពួកគេមុនទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០។


បើទោះមានការយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនទូទៅ ប៉ុន្តែអូស្រ្តាលីបានពន្លឿនក្នុងការផ្តល់វ៉ាក់សាំងដល់អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិករបស់ពួកគេដើម្បីធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកដែលរៀបចំនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី៨ ខែសីហា។
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អត្តពលិក គ្រូបង្វឹក និងមន្រ្តីជាង ២០០០ នាក់ត្រូវបានគេរំពឹងថានឹងទទួលបានការចាក់វ៉ាក់សាំង មុនពេលពួកគេធ្វើដំណើរទៅក្រុងតូក្យូ។
 
អតីតម្ចាស់ជើងឯកហែលទឹកពិភពលោកកីឡាការិនី Cate Campbell ស្ថិតក្នុងចំណោមអត្តពលិកដែលបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ រួចរាល់នៅឯសាកលវិទ្យាល័យ Queensland Academy of Sport ក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលីនៅថ្ងៃទី១០ ខែឧសភា។
 
Campbell ដែលជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១២ និង ២០១៦ ក្នុងវិញ្ញាសារហែលបណ្តាក់សេរី បង្ហាញក្តីរីករាយដែលទទួលបានវ៉ាក់សាំងជាអទិភាពនេះ។
 
«ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់ គណៈកម្មាធិការអូឡាំពិកអូស្រ្តាលី (AOC) និងរដ្ឋាភិបាល  ដែលបានអនុញ្ញាតឱ្យយើងទទួលបានអាវក្រោះការពារ ខណៈយើងត្រូវទៅកាន់ក្រុងតូក្យូដើម្បីប្រកួតប្រជែង អំឡុងកូវីដ-១៩ រាតត្បាត។ នេះជាការផ្តល់ទំនុកចិត្តដ៏ធំ និងស្មាជឿជាក់សម្រាប់អត្តពលិកគ្រប់គ្នា»។ នេះជាការបញ្ជាក់របស់ Campbell ដែលនឹងត្រូវទៅដណ្តើមមេដាយជាថ្មីនៅជប៉ុនឆ្នាំ២០២១ខាងមុខនេះ។
 
លោក Matt Carroll នាយកប្រតិបត្តិ AOC ប្រាប់អ្នកយកព័ត៌មានថា ការផ្តល់វ៉ាកសាំងជាអទិភាពនេះ គឺដើម្បីឱ្យអត្តពលិកនូវភាពងាយស្រួលទាំងផ្លូវអារម្មណ៍ និងកម្លាំង ជាពិសេសភាពប្រាកដប្រជាក្នុងការប្រកួតប្រជែងយកមេដាយរបស់អត្តពលិកខ្លួន។
 
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងតូក្យូ ឆ្នាំ២០២០ ត្រូវបានគេរំពឹងថានឹងមានអត្តពលិកចូលរួមជាង ១១០០០ នាក់។ យ៉ាងណាក្នុងចំណោមអត្តពលិកទាំងអស់ មានអត្តពលិកចំនួនច្រើនហើយដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់នៅឯប្រទេសកំណើតរបស់ពួកគេ។
 
ជប៉ុន ដែលស្ថិតក្នុងចំណោមប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងជាថ្មី មានចំនួនអ្នកឆ្លងសរុបជាង៦០ម៉ឺនករណី ក្នុងនោះស្លាប់ជាង១ម៉ឺនករណី និងសះស្បើយជាង៥៥ម៉ឺនករណី។ ដោយឡែក អូស្ត្រាលីមានចំនួនអ្នកឆ្លងសរុបមិនដល់៣ម៉ឺននាក់នោះ គិតត្រឹមថ្ងៃទី១០ ខែឧសភា ប៉ុន្តែមានចំនួនអ្នកស្លាប់ជាង៩០០នាក់ និងសះស្បើយជាង២ម៉ឺននាក់៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com