COVID-19
ជាតិ
ខេត្តសៀមរាប​ បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន​២​នាក់​ទៀត​
11, May 2021 , 10:03 am        
រូបភាព
សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប​នា​យប់​ថ្ងៃទី​១០ ឧសភា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការបន្ត​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​២​នាក់​ទៀត ដែល​ម្នា​ក់មាន​ទំនាក់ទំនង​ជាមួយ​អ្នក​វិជ្ជមាន​ចាស់ និង​ម្នាក់ទៀត ទើប​វិលត្រឡប់​ពី​ខេត្ត​ព្រះសីហនុ​។​


​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប ដែល​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​១០ ឧសភា អ្នក​វិជ្ជមាន​ថ្មី​ទី​១  ឈ្មោះ ម៉ាក់ ភា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ ស៊ា​ង គឹម​សាន ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ និង​មរណភាព កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១​។ ទី​២  ឈ្មោះ លី លាង​ស្រ៊ី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ធ្វើដំណើរ​មកពី​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៩ ខែឧសភា ត្រូវជា​ស្វាមី​របស់ សន ណា​រី ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៩ ខែឧសភា​។​
 
​រដ្ឋបាល​ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ត្រូវ​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព ត្រូវ​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​
 
​គិត​ត្រឹម​យប់​ថ្ងៃទី​១០ ឧសភា ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៧៥​នាក់ ជាសះស្បើយ​ចំនួន​២០​នាក់ ស្លាប់​១​នាក់ និង​៥៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com