ជាតិ
សេដ្ឋកិច្ច
ជំនួញមួយចំនួនបើកឡើងវិញ តែបញ្ហាប្រទាញប្រទង់កើតឡើងច្រើន!
12, May 2021 , 9:43 am        
រូបភាព
ភ្នំពេញ៖ ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈឆ្នាំ២០២០បានជំរុញឲ្យជំនួញតូចធំមួយចំនួនធំនៅក្នុងប្រទេសកម្ពុជាបិទទ្វារក្នុងរយៈពេលជិតមួយខែ។ ទើបតែកាលពីថ្ងៃទី៦ខែឧសភាឆ្នាំ២០២១ប៉ុណ្ណោះរដ្ឋាភិបាលក៏បានបន្ធូរបន្ថយបម្រាមបិទខ្ទប់ដោយអនុញ្ញាតឲ្យប្រភេទជំនួញមួយចំនួនបើកដំណើរការឡើងវិញ។ ទោះបីជាអាចបើកដំណើរការឡើងវិញមែន តែជំនួញតូចធំប្រឹងរស់ទាំងត្រដរ ព្រោះតែប្រឈមនឹងបញ្ហាច្រើនយ៉ាង។

 
មេរោគកូវីដ-១៩ឆ្នាំ២០២០ និងឆ្នាំ២០២១នេះ បានផ្តាច់ផ្តិលជីវិតមនុស្ស និងជីវិតសេដ្ឋកិច្ចដ៏មិនអាចពិពណ៌នាបាន និងមិនធ្លាប់មានទាំងនៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ វិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ចនេះ បានធ្វើឲ្យអ្នកជំនួញ ជាពិសេស នៅក្នុងប្រទេសកម្ពុជានឹកស្មានមិនដល់ទាល់តែសោះ។ 
 
នៅកម្ពុជា សហគ្រាសខ្នាតតូច មធ្យម និងធំស្ទើរទាំងអស់បានប៉ះពាល់រាប់ចាប់តាំងពីវិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ សេវាកម្មទេសចរណ៍ រហូតដល់វិស័យហិរញ្ញវត្ថុ។ វិស័យដែលប៉ះពាល់ខ្លាំងជាងគេ និងមុនគេ គឺវិស័យទេសចរណ៍។ វិស័យនេះ បានដួលរលំចាប់តាំងពីដើមឆ្នាំ២០២០រហូតមកដល់ពេលនេះ ហើយអាចនឹងបន្តទៅមុខក្នុងរយៈពេលយូរបន្ថែមទៀត។ 
 
កូវីដបានរំខានជំនួញនៅកម្ពុជាតាំងពីដើមឆ្នាំ២០២០មែន។ តែមេរោគនេះបានបង្ខំឲ្យជំនួញស្ទើរគ្រប់ប្រភេទនៅកម្ពុជាបិទទ្វារទាំងស្រុងនោះ គឺចាប់តាំងពីព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃទី២០កុម្ភៈកន្លងមកតែប៉ុណ្ណោះ។ ការបិទខ្ទប់ជាពិសេសរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលបានធ្វើឡើងក្នុងរយៈ៣សប្តាហ៍មុននឹងរដ្ឋាភិបាលបន្ធូរបន្ថយបម្រាមដោយអនុញ្ញាតឲ្យប្រភេទជំនួញមួយចំនួនអាចបើកទ្វារឡើងវិញបាន។ តែជំនួញដែលអាចបង្កហានិភ័យដល់ការរីរាលលដាលមេរោគកូវីដ គឺនៅស្ថិតនៅក្រោមបម្រាមហាមឃាត់ដដែល។ 
 
ជំនួញដែលអនុញ្ញាតឲ្យដំណើរឡើងវិញក្រោមវិធានការណ៍សុខាភិបាលដ៏តឹងរ៉ឹង បានបើកទ្វារទទួលអតិថិជនឡើងវិញក្រោយថ្ងៃទី៦ខែឧសភាឆ្នាំ២០២១។ ទ្វារបើកមែន តែជំនួញដូចជាមិនដំណើរការល្អឡើយ។ 
 
អ្នកជំនួញនានាត្អូញត្អែរពីកង្វះអតិថិជន។ អតិថិជនមិនចំណាយក៏ព្រោះតែពួកគេគ្មានការងារធ្វើពិតប្រាកដ និងបាត់បង់ចំណូលមួយផ្នែក ឬស្ទើរទាំងស្រុង ឬពួកគេមិនចង់ចំណាយច្រើនក្នុងកាលៈទេសៈមិនប្រាកដប្រជា។ អ្នកជំនួញខ្លះនៅតែប្រឈមនឹងការបង់ថ្លៃឈ្នួលទីតាំងអាជីវកម្មក្នុងកម្រិតខ្ពស់ដដែល ព្រោះ ម្ចាស់ទីតាំងច្រើនត្អូញបន្តទៀតថា ពួកគេក៏ជំពាក់ធនាគារដែរ។ អ្នកជំនួញខ្លះ ខ្វះទាំងដើមទុនដើម្បីជួសជុលហាងឡើងវិញ ព្រោះ ទីតាំងរបស់ពួកគេត្រូវបានបោះបង់ចោលដោយគ្មានការថែទាំក្នុងរយៈពេលខ្លី ឬវែងអាស្រ័យលើជំនួញផ្សេងៗគ្នា។ 
 
ក្រៅពីរឿងលក់មិនដាច់ អ្នកជំនួញផ្សេងខ្លះទៀត បែរជាខ្វះកម្លាំងពលកម្មទៅវិញ។ ខ្វះកម្លាំងពលកម្ម ព្រោះ កម្មករក្នុងក្រុមហ៊ុនមួយចំនួនឈប់ធ្វើការតែម្តងដោយសារពួកគេបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដែលអាចបង្កឡើយដោយកូវីដ។ បុគ្គលិកខ្លះ មិនសប្បាយចិត្តជាមួយក្រុមហ៊ុនដែលបានបិទទ្វារដោយសារកូវីដ ក៏បោះបង់ចោលការងារចាស់ ហើយទៅចាប់យកមុខរបរថ្មី។ 
 
លក់មិនដាច់ផង ខ្វះកម្លាំងពលកម្មផង ខ្វះដើមទុនផង ជំពាក់ធនាគារផង…ស្ថានភាពនេះ ពិតជាធ្វើឲ្យជំនួញដែលប្រឹងត្រដររស់ឡើងវិញនេះ មិនដឹងជាអាចឈរជើងដល់ពេលណាឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com