អន្តរជាតិ
អាមេរិក ជំទាស់ក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីថ្លែងការណ៍លើវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន
13, May 2021 , 11:10 am        
រូបភាព
រូបថត AFP
រូបថត AFP
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី១២ ខែឧសភា បានបើកកិច្ចប្រជុំបន្ទាន់មួយទៀត ដើម្បីជជែកពីការប្រទូស្តរ៉ាយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ យ៉ាងណាមិញ កិច្ចប្រជុំបន្ទាន់មួយនេះ នៅតែមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ ដោយសារអាមេរិកជំទាស់។


ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលមានវត្តមាននៅតំបន់កាហ្សា (Gaza) តាមរយៈការទម្លាក់គ្រាប់បែក និងបាញ់គ្រាប់រ៉ុក្កែត ដាក់គ្នាទៅមក បានស្លាប់មនុស្សកាន់តែច្រើន។ ការបាញ់គ្រាប់រ៉ុក្កែតច្រើនរយគ្រាប់ នាំឱ្យប្រេសិតសន្តិភាពអង្គការសហប្រជាជាតិ (UN) ព្រមានថា សង្រ្គាមទ្រង់ទ្រាយធំ អាចផ្ទុះឡើង។ 

បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នាខ្លាំងក្លាបែបនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយទៀត ដើម្បីជជែកពីបញ្ហាខាងលើ។ យ៉ាងណាមិញ ក្រុមប្រឹក្សាសន្តិសុខ ដ៏មានឥទ្ធិពលមួយនេះ មិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ ដោយសារអាមេរិក បានជំទាស់ជាថ្មី។ 

តាមទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់ប្រភពអ្នកការទូតមួយចំនួន  សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១៤ប្រទេស សុទ្ធតែឯកភាព ក្នុងការអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមានបំណងកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ អាមេរិកដែលស្និទ្ធអ៊ីស្រាអែល មិនព្រមទៅវិញ។ 

«អាមេរិក បានធ្វើទំនាក់ទំនងការទូតនៅពីក្រោយឆាក ជាមួយគ្រប់ភាគីទាំងអស់នៅក្នុងតំបន់ ដើម្បីកាត់បន្ថយភាពតានតឹង»។ អ្នកការទូតម្នាក់ដែលស្និទ្ធនឹងកិច្ចប្រជុំម្នាក់ និងសុំមិនបញ្ចេញឈ្មោះ បានស្រង់សម្តីអ្នកការទូតអាមេរិក ប្រាប់ទីភ្នាក់ងារព័ត៌មានAFP បែបនេះ ដោយបន្ថែមថា ក្នុងដំណាក់កាលនេះ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ នឹងមិនអាចជួយស្តារស្ថានការណ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានឡើយ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែឧសភា អាមេរិក ក៏បានជំទាស់នឹងសេចក្តីថ្លែងការណ៍កាលនោះដែរ ព្រោះខ្លួនកំពុងជជែកជាមួយភាគីផ្សេងៗ ក្នុងតំបន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍។ 

ខណៈកិច្ចប្រជុំបិទទ្វារមិនអាចចេញសេចក្តីថ្លែងការណ៍រួមចំនួនពីរលើក ក្រុមប្រឹក្សាសន្តិសុខ ដែលមានចិនជាប្រធានផ្លាស់វេនប្រចាំខែ នឹងបើកកិច្ចប្រជុំម្តងទៀត ដែលជាកិច្ចប្រជុំបើកទ្វារវិញម្តង។ 

បើតាមការបញ្ជាក់របស់មន្រ្តីទូតមួយរូបទៀត ប៉ាឡេស្ទីន បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ បើកកិច្ចប្រជុំជាសាធារណៈ។ ចំណែកអ្នកការទូតមួយរូបផ្សេងទៀត បានបន្ថែមថា គោលបំណងនៃកិច្ចប្រជុំនោះ គឺស្វែងរកសន្តិភាព និងចង់ឱ្យក្រុមប្រឹក្សាសន្តិសុខ អំពាវនាវឱ្យភាគីអ៊ីស្រាអែល និងក្រុមហាម៉ាស់ មានបទឈប់បាញ់ជាមួយគ្នា។ កិច្ចប្រជុំបើកទ្វារខាងមុខនោះ អាចនឹងធ្វើឡើងយ៉ាងឆាប់បំផុតត្រឹមថ្ងៃទី ១៤ ខែឧសភា។ 

សូមបញ្ជាក់ថា បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ មិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ប្រទេសអឺរ៉ុបចំនួន ៤ ដែលជាសមាជិក្រុមប្រឹក្សាសន្តិសុខ ដូចជា បារាំង ន័រវែស អេស្តូនី និងអៀរឡង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយឡែក ដោយរិះគន់លើក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដែលបានបង្កឱ្យមានប្រជាជនស្លាប់ជាច្រើននាក់ ដោយសារតែការបាញ់គ្រាប់រ៉ុក្កែត និងការទម្លាក់គ្រាប់បែក៕ 

 


Tag:
 អាមេរិក
  UNSC
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com