កីឡាអន្តរជាតិ
អន្តរជាតិ
Valencia អតីតខ្សែការពារឆ្នើម Man Utd ប្រកាសចូលនិវត្តន៍ទាំងសោកស្តាយត្រឹមអាយុ៣៥ឆ្នាំ
13, May 2021 , 12:29 pm        
រូបភាព
Antonio Valencia អតីតខ្សែការពារ Manchester United និងប្រធានក្រុមជម្រើសជាតិអេក្វាទ័រ នៅថ្ងៃទី១២ ខែឧសភា បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ទាំងសោកស្តាយ នៅត្រឹមវ័យ៣៥ឆ្នាំ។


ការសម្រេចបញ្ចប់អាជីពរបស់ Valencia បណ្តាលមកពីរូបគេមានបញ្ហារបួសប្រអប់ជើងរយៈពេលយូរអំឡុងពេលលេងឱ្យក្រុម Querétaro នៃលីគកំពូលម៉ិកស៊ិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
អតីតខ្សែការពារឆ្នើមក្រុមបិសាចក្រហម ដែលធ្លាបើបាក់ជើងលើកដំបូងកាលពីឆ្នាំ ២០១៥ នៅជំនួប Manchester Derby បានសរសេរនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា៖ «ខ្ញុំនឹងបញ្ចប់អាជីពរបស់ខ្ញុំនៅ Queretaro។ ខ្ញុំមិនដែលគិតថា នេះជាពេលខ្ញុំត្រូវព្យួរស្បែកជើងទេ ប៉ុន្តែរាងកាយរបស់ខ្ញុំបានស្នើឱ្យខ្ញុំសម្រេចចិត្តបែបនេះ»។
 
Valencia បានរៀបរាប់ពីមោទកភាពដែលខ្លួនមិននឹងស្មាន គឺនៅពេលបានទៅលេងនៅលីគអឺរ៉ុប។ «ខ្ញុំអាចធ្វើដំណើរទៅអឺរ៉ុបដែលជាអ្វីដែលខ្ញុំមិនដែលនឹកស្មានដល់។ Wigan គឺជាបទពិសោធដ៏ពិសេសមួយហើយបន្ទាប់មកព្រះជាម្ចាស់បានផ្តល់ឱកាសឱ្យខ្ញុំដើម្បីទៅដល់ Manchester United និងធ្វើជាប្រធានក្រុមថែមទៀត»។ នេះជាការះអាងរបស់ Valencia ខណៈរូបគេពិតជាមិនអស់ចិត្តនឹងការបញ្ចប់អាជីពនេះ។
 
Valencia បានរួមរស់នៅទឹកដី Old Trafford រយៈពេលមួយទសវត្សរ៍ ចន្លោះឆ្នាំ ២០០៩ ដល់ ២០១៩ ចាប់តាំងពី Sie Alex Ferguson ទិញយករូបគេពី Wigan Athletic។ Valencia ត្រូវបានតែងតាំងជាប្រធានក្រុមបិសាចក្រហមនៅឆ្នាំ២០១៨ ក្រោយពេលមិត្តរួមក្រុម Michael Carrick ចូលនិវត្តន៍។
 
រយៈពេល១០រដូវកាល អតីតប្រធានក្រុមអេក្វាទ័រ វ័យ៣៥ឆ្នាំរូបនេះ បានជួយ Man Utd ឈ្នះពាន Premier League ចំនួន២សម័យ FA Cup និង Europa League រួមជាមួយ League Cup ២ ដងផងដែរ មុនផ្លាស់ទៅក្រុម L.D.U. Quito នៃលីគកំពូលអេក្វាទនៅឆ្នាំ ២០១៩៕
 

Tag:
 Antonio Valencia
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com