អន្តរជាតិ
ការប្រយុទ្ធរវាងអ៊ីស្រាអែល-ហាម៉ាស់ នៅតែបន្ត ឯក្រុមប្រឹក្សាសន្តិសុខ ត្រៀមប្រជុំលើកទីបី
14, May 2021 , 11:21 am        
រូបភាព
ការការប្រទូស្តរ៉ាយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលមានវត្តមាននៅដែនដីកាហ្សា នៅតែបន្តកើតមាន និងកាន់តែរីកធំ។ ការរីកធំឡើងនៃជម្លោះរវាងដែនដីទាំងពីរ បានធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ត្រៀមបើកកិច្ចប្រជុំជាលើកទីបី តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍នៅក្នុងតំបន់។




ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ ប្រជាជនប៉ាឡេស្ទីន ត្រូវបានសម្លាប់យ៉ាងហោចណាស់ ១០៩នាក់ ដោយក្នុងនោះ មានកុមារចំនួន ២៩នាក់ ខណៈខាងភាគីអ៊ីស្រាអែល មានអ្នកស្លាប់ចំនួន ៧នាក់ ក្នុងនោះមាន ទាហានម្នាក់ ជនស៊ីវិល៥នាក់ រួមទាំងកុមារ និងពលករជនជាតិឥណ្ឌាម្នាក់។ ទន្ទឹមនេះ ការប្រយុទ្ធរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហាក់ដូចជាគ្មានធូរស្រាលឡើយ។  

នៅក្នុងថ្ងៃទី១៤ ខែឧសភា យោធាអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយប្រកាសថា កម្លាំងទ័ពអាកាស និងទ័ពជើងគោកបានបើកការវាយប្រហារទៅលើកន្លែង ដែលគ្រប់គ្រង់ដោយសកម្មជនហាម៉ាស់។ ពីរម៉ោងបន្ទាប់ យោធាអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយ ដោយពន្យល់ថា គ្មានកងទ័ពអ៊ីស្រាអែលនៅទឹកដីកាហ្សាឡើយ តែជាប្រតិបត្តិការ បាញ់កាំភ្លើងធំចេញពីដែនដីខ្លួន។ 

អ្នកឆ្លើយឆ្លងព័ត៌មានកិច្ចការយោធាអ៊ីស្រាអែល ក៏បានបញ្ជាក់បន្ថែមផងដែរថា គ្មានការឈ្លានពានណាមួយចូលទៅក្នុងដីកាហ្សាទេ។ ចំណែកអ្នករស់នៅក្នុងតំបន់កាហ្សា ភាគខាងជើង ក៏បានទទួលស្គាល់ផងដែរថា គ្មានវត្តមានយោធារបស់អ៊ីស្រាអែលឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ស្របពេលអ៊ីស្រាអែលផ្លោងគ្រាប់ចូលដែនដីកាហ្សា ក្រុមយុទ្ធជនហាម៉ាស់ ក៏បានបាញ់គ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែលវិញផងដែរ។ ក្រុមយុទ្ធជនប៉ាឡេស្ទីន បានអះអាងយ៉ាងច្បាស់ៗថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែត យ៉ាងហោចណាស់ ២៥០គ្រាប់ ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបាញ់កាំភ្លើងធំ។ មិនតែប៉ុណ្ណោះ គ្រាប់រ៉ុក្កែតមួយរបស់ក្រុមហាម៉ាស់ ក៏វាយប្រហារអាគារមួយនៅក្នុងទីក្រុងភាគខាងត្បូង Ashkelon ផងដែរ។ 

ជម្លោះរវាងដែនដីអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលផ្ទុះឡើយនៅពេលនេះ ទំនងជាមិនអាចផ្អាក ឬមានបទឈប់បាញ់ ក្នុងពេលឆាប់ៗឡើយ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី១៣ ខែឧសភា ព្រមានថា ការបាញ់ប្រហារនេះ នឹងមានរយៈពេលយូរ ខណៈមន្រ្តីអ៊ីស្រាអែលថា ក្រុមហាម៉ាស់ ត្រូវតែរងធម៌ក្តៅជាមុនសិន មុននឹងមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយគ្នា។ 

ស្របគ្នានេះ អំពើហិង្សា ក៏បានរីកសាយនៅក្នុងសហគមន៍នៃជនជាតិជ្វីហ្វ និងជនជាតិអារ៉ាប់ផងដែរ ដែលបានធ្វើឱ្យលោកប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin ព្រមានថា អាចឈានទៅដល់សង្រ្គាមស៊ីវិលនៅក្នុងប្រទេស។ 

ដោយសារតែវិបត្តិកាន់តែរីកធំ និងកាន់តែស្មុគស្មាញឡើង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំដោយចំហ តាមប្រព័ន្ធវីដេអូជាលើកទី៣ នៅថ្ងៃទី១៦ ខែឧសភាខាងមុខ។ ដំបូងឡើយកិច្ចប្រជុំនេះ ត្រូវបើកនៅថ្ងៃទី១៤ ខែឧសភា ប៉ុន្តែអាមេរិកបដិសេដ ដោយសំអាងថា ខ្លួនត្រូវការពេលវេលាសម្រាប់កិច្ចការការទូតខ្លះ។ ក្រោយមក សមាជិកក្រុមប្រឹក្សាសន្តិសុខ បានឯកភាពក្នុងការបើកកិច្ចប្រជុំ នៅថ្ងៃទី១៦ ខែឧសភា ដើម្បីជជែក និងស្វែងរកដំណោះស្រាយកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ 

គួររំលឹកថា ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅពេលនេះ មានសភាពធ្ងន់ធ្ងរខ្លាំង បើគិតចាប់ពីឆ្នាំ ២០១៤ មក។ កាលពីឆ្នាំ២០១៤ នៅពេលដែនដីទាំងពីរផ្ទុះជម្លោះជាមួយគ្នា វាបានបង្កឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ២ពាន់នាក់ និងរបួសជាច្រើននាក់៕
 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
  UNSC
  អាមេរិក
  ហាម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com