អន្តរជាតិ
ជប៉ុន ដាក់ខេត្តចំនួន៣ទៀតក្នុងស្ថានភាពអាសន្ន
14, May 2021 , 3:16 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ជប៉ុន ដាក់ខេត្តចំនួន៣បន្ថែមទៀតទៅក្នុងស្ថានភាពអាសន្ន។ រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន Yasutoshi Nishimura បានប្រកាសបែបនេះ នៅថ្ងៃទី១៤ ខែឧសភា។ ការដាក់ខេត្តបន្ថែមនេះ ធ្វើឡើងដើម្បី ទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈករណីឆ្លងបានកើនឡើងយ៉ាងលឿនគួរឱ្យភ្ញាក់ផ្អើល និងធ្វើឱ្យមានការ ព្រួយបារម្ភកាន់តែខ្លាំងឡើង។


នៅថ្ងៃទី៧ ខែមេសាកន្លងទៅ ជប៉ុនបានប្រកាសពន្យារពេលដាក់ទីក្រុងតូក្យូ និងខេត្តចំនួន៥ ផ្សេងទៀតឱ្យស្ថិតក្រោមស្ថានភាពអាសន្នរហូតដល់ថ្ងៃទី៣១ ខែឧសភា។ នៅថ្ងៃទី១៤ ខែឧសភា ជប៉ុនក៏បានសម្រេចប្រកាសដាក់បន្ថែមខេត្ត៣ទៀតមាន Hokkaido  Okayama និង Hiroshima ក្នុងស្ថានភាពអាសន្ន។ 
 
«នៅថ្ងៃទី១៦ ខែឧសភា Hokkaido  Okayama និង Hiroshima នឹងត្រូវដាក់បញ្ចូលជាមួយ ទីក្រុងតូក្យូ អូសាកា និងខេត្តចំនួន ៤ ផ្សេងទៀត ឱ្យស្ថិតក្រោមភាពអាសន្នរហូតដល់ថ្ងៃទី៣១ ខែឧសភា»។ លោក Yasutoshi Nishimura រដ្ឋមន្រ្តីទទួលទទួលបន្ទុកការឆ្លើយតបជំងឺកូវីដ-១៩ ប្រកាសបែបនេះ។ 
 
ករណីឆ្លងជំងឺកូវីដ-១៩ នៅកោះ Hokkaido ដែលត្រូវជាកន្លែងរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង មាន ករណីវិជ្ជមានដល់ទៅជាង៧០០ករណីឯណោះនៅថ្ងៃទី១៣ ខែឧសភា ស្របពេលទីក្រុងតូក្យូមាន ជាង១ពាន់ករណីផងដែរ។ ចំណែកខេត្ត២ផ្សេងទៀតដែលនឹងត្រូវដាក់ក្នុងភាពអាសន្នដែរនោះក៏ មានករណីវិជ្ជមានជំងឺកូវីដ-១៩ ច្រើនដែរ។ 
 
ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរបស់ជប៉ុន មានរយៈពេល១០សប្តាហ៍ មុនព្រឹត្តិការណ៍ អូឡាំពិកតូក្យូចាប់ផ្តើម។ ព្រឹត្តការណ៍អូឡាំពិករដូវក្តៅនេះ ត្រូវបានពន្យារពេលតាំងពីឆ្នាំ២០២០ ដោយសារការរាលដាលជំងឺកូវីដ-១៩ ។ ទោះយ៉ាងណា ករណីឆ្លងនៅតែមានសន្ទុះខ្លាំងគួរឱ្យកត់ សម្គាល់ ខណៈព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូកាន់តែខិតមកដល់នៅខែកក្កដាខាងមុខនៅថ្ងៃទី១៣ ខែឧសភា ជប៉ុនមានករណីវីជ្ជមានកូវីដ-១៩ ថ្មីជាង៧ពាន់នាក់ ដែលធ្វើឱ្យតួលេខសរុប ឡើងដល់ជាង ៦៥ម៉ឺនករណី ចំណែកឯអ្នកស្លាប់មានជាង ១ម៉ឺននាក់។ ឯយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ របស់ជប៉ុននៅមានភាពយឺតយ៉ាវបំផុតក្នុងចំណោមប្រទេសជឿនលឿន ខណៈ ធនធានវេជ្ជសាស្រ្តរបស់ជប៉ុនវិញ ក៏កំពុងតែជិតខ្វះខាតទៅទៀត។ មកដល់ពេលនេះ ជប៉ុនមាន ប្រជាជនត្រឹមតែ ៣ ភាគរយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងរួចរាល់៕
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com