កីឡាអន្តរជាតិ
អន្តរជាតិ
Gary Neville៖ ការតវ៉ាប្រឆាំងគ្រួសារ Glazer នឹងធ្វើឱ្យ Man Utd ខាតបង់ធ្ងន់ធ្ងរ
14, May 2021 , 4:59 pm        
រូបភាព
អ្នកគាំទ្រក្រុម Manchester United នៅតែបន្តយុទ្ធនាការតវ៉ាប្រឆាំងនឹងម្ចាស់ក្លិបនៃគ្រួសារ Glazer នៅ Old Trafford នៅមុនជំនួបទល់នឹង Liverpool ក្នុងក្របខណ្ឌ Premier League ជាលើកទី២។ ពួកគេចង់ឱ្យគ្រួសារសេដ្ឋីអាមេរិក ចាកចេញពីតំណែងម្ចាស់ក្លិបបិសាចក្រហមនៅពេលនេះកាន់តែខ្លាំងឡើង។ Gary Neville យល់ថាទង្វើរបស់អ្នកតវ៉ា នឹងធ្វើឱ្យ Man Utd ខាតបង់ធ្ងន់ធ្ងរ។


ជំនួប Man Utd និង Liverpool បានពន្យារពេលម្តងរួចមកហើយកាលពីថ្ងៃទី២ ខែឧសភា ដោយសារការតវ៉ារបស់ក្រុមអ្នកគាំទ្របិសាចក្រហម ក្នុងគោលបំណងបញ្ចប់ភាពជាកម្មសិទ្ធិរបស់ត្រកូល Glazer លើក្លិបយក្សអង់គ្លេសមួយនេះ។
 
ការប្រកួតត្រូវរៀបចំជាថ្មីនៅរាត្រីថ្ងៃទី១៣ ខែឧសភា ប៉ុន្តែការតវ៉ានៅតែកើតមានឡើងម្តងទៀតនៅមុខកីឡដ្ឋានដែលមិនខុសគ្នាពីលើកមុនឡើង។ យ៉ាងណាក៏ដោយ ជំនួបនេះនៅតែអាចដំណើរការបានដោយជោគជ័យ តាមរយៈការជួយសម្រួលពីសំណាក់សន្តិសុខ និងប៉ូលិស ដោយ Liverpool បានយកឈ្នះ Man Utd ៤-២។
 
អ្នកគាំទ្រតវ៉ាម្តងជាពីរដង ដោយចង់ឱ្យគ្រួសារ Glazer ចាកចេញពីតំណែងម្ចាស់ភាគហ៊ុនរបស់ក្លិបបិសាចក្រហម ដោយរិះគន់ និងបង្ហាញការមិនពេញចិត្តនឹងរបៀបដឹកនាំរបស់មហាសេដ្ឋីអាមេរិក ដែលតែងតែចាយលុយខុសគោលដៅ។ 
 
ស្របពេលគ្នានេះ អតីតខ្សែការពារបិសាចក្រហមលោក Gary Neville ដែលបច្ចុប្បន្នជាអ្នកវិភាគកីឡារបស់ទូរទស្សន៍ Sky Sports មិនពេញចិត្តនឹងទង្វើរបស់អ្នកគាំទ្រដូច្នេះនោះទេ។ លោកថា របៀបតវ៉ារបស់អ្នកគាំទ្រ នឹងធ្វើឱ្យក្លិប Man Utd ទទួលរូបភាពអាក្រក់នៅជុំវិញពិភពលោក និងខាតបង់ប្រយោជន៍ធំ ពិសេសប៉ះពាល់ដល់យីហោរបស់ក្លិបតែម្តង។
Man Utd គ្រោងនឹងរៀបចំទទួលអ្នកគាំទ្រចំនួន១ម៉ឺននាក់នៅ Old Trafford នៅពេលពួកគេទទទួលក្រុម Fulham នៅជំនួបទី៣៧ នាសប្តាហ៍ក្រោយ។ ក្លិបយក្សអង់គ្លេសសង្ឃឹមថា ការអនុញ្ញាតនេះនឹងធ្វើឱ្យអ្នកគាំទ្រមានឥរិយាបថល្អឡើងវិញផងដែរ។
 
លោក Joel Glazer សហប្រធានរបស់ក្លិបយក្សអង់គ្លេស បានសរសេរទៅកាន់អ្នកគាំទ្ររបស់ក្លិបលោករួចរាល់ហើយថា នឹងមានការជួបជុំរវាងលោក និងអ្នកគាំទ្រនៅក្រោយពេលបញ្ចប់រដូវកាល ២០២០-២១ នេះ៕
 

Tag:
 Glazer
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com