COVID-19
អន្តរជាតិ
ក្រិកចាប់ផ្តើមស្វាគមន៍ទេសចរដែលចាក់វ៉ាក់សាំងរួច ឬអ្នកមានឯកសារបញ្ជាក់អវិជ្ជមានកូវីដ-១៩
16, May 2021 , 9:29 pm        
រូបភាព
ដោយ: ធីតា
ក្រិក កាលពីថ្ងៃសៅរ៍ កន្លងមកនេះ បានស្វាគមន៍ជាផ្លូការភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសខ្លួន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការបិទខ្ទប់អស់រយៈពេលជាច្រើនខែ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈព័រទុយហ្គាល់ ចាប់ផ្តើមនៅថ្ងៃចន្ទ។

 
ភ្ញៀវទេសចរបរទេសដែលអាចទៅទស្សនាប្រទេសក្រិកបានលុះត្រាតែអ្នកទាំងនោះ បានចាក់វ៉ាក់សាំងកូវីដ-១៩រួច ឬមានឯកសារបង្ហាញថា ពួកគេមានលទ្ធផលអវិជ្ជមានកូវីដ-១៩។ លក្ខខណ្ឌនេះ ក៏ត្រូវអនុវត្តចំពោះដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ រួមទាំងទៅកាន់តំបន់កោះផងដែរ។
 
ក្រោយការបិទខ្ទប់អស់រយៈពេលជាច្រើនខែ ក្រិកក៏បានដំណើរសារមន្ទីរទាំងអស់របស់ខ្លួន រួមទាំងរមណីយដ្ឋានប្រវត្តិសាស្ត្រ មានប្រាសាទបុរាណ Acropolis ជាដើម។ «ខ្ញុំមានអារម្មណ៍ល្អ និងប្រៀបដូចរស់ឡើងវិញ ពីព្រោះស៊ូទ្រាំអស់រយៈពេលដ៏យូរមកហើយដោយសារកូវីដ-១៩»។ នេះជាការលើកឡើងរបស់និស្សិតឆែក Victoria Sanchez ដែលទៅសម្រាកលំហែកាយនៅក្រុងអាថែន។ 
 
ក្រិកបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ជាពិសេសនៅតំបន់កោះដែលប្រកបដោយសក្តានុពលទេសចរណ៍។ រដ្ឋាភិបាលរំពឹងមនុស្សភាគច្រើននឹងទទួលបានវ៉ាក់សាំងនៅមុនដំណាច់ខែមិថុនា ហើយការធ្វើតេស្តរហ័ស និងលក្ខខណ្ឌអាកាសធាតុអំណោយផល នឹងនាំឲ្យទេសចរមានសុវត្ថិភាពពីកូវីដ-១៩។
 
គិតមកដល់ពេលនេះ ក្រិកមានអ្នកឆ្លងកូវីដ-១៩ជាង៣៧,៥ម៉ឺនករណី ដោយស្លាប់ជាង១១០០០នាក់ និងសះស្បើយជាង៣៣ម៉ឺននាក់។ ក្រិកទទួលបាននូវការកោតសរសើរថា មានចំណាត់ការល្អជាងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតក្នុងការទប់ទល់កូវីដ-១៩ ជាពិសេសនារលកទី១។
នៅថ្ងៃចន្ទនេះ ព័រទុយហ្គាល់ក៏បានប្រកាសស្វាគមន៍ទេសចរពីតំបន់នៃបណ្តាប្រទេសអឺរ៉ុបដែលមានអត្រាឆ្លងកូវីដ-១៩ ទាបផងដែរ។ ទាំងក្រិក ទាំងព័រទុយហ្គាល់ និងប្រទេសទាំងអស់លើពិភពលោក សុទ្ធតែព្យាយាមស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញតាមរយៈវិស័យទេសចរណ៍៕
 

© រក្សាសិទ្ធិដោយ thmeythmey.com