ជាតិ
គ្រួសារមួយនៅស្ទឹងត្រង់ប្រែក្លាយចម្ការចន្ទីទៅជាសួនបន្លែដែលអាចផ្គត់ផ្គង់តម្រូវការគ្រួសារ និងលក់អនឡាញ
17, May 2021 , 7:59 am        
រូបភាព
បន្លែធម្មជាតិ​របស់​អ្នកស្រី សុខ ស្រីធី
បន្លែធម្មជាតិ​របស់​អ្នកស្រី សុខ ស្រីធី
ភ្នំពេញ៖ អ្នកស្រី សុខ ស្រីធី ជាអ្នកលក់ចាប់ហួយនៅក្នុងភូមិបុស្តិ៍ពោធិ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្រៅពីរបរលក់ចាប់ហួយនៅផ្ទះ អ្នកស្រី និងគ្រួសារ បានឆ្លៀតពេលដាំ និងរៀបចំវេបខ្ចប់បន្លែធម្មជាតិលក់ជូនអ្នកភូមិបរិភោគ និងលក់តាមអនឡាញសម្រាប់អតិថិជននៅរាជធានីភ្នំពេញ។

 

 
មានវ័យ ៣០ឆ្នាំ អ្នកស្រី សុខ ស្រីធី ជាអ្នកលក់ចាប់ហួយ ដែលមានស្វាមី ជាអ្នកចម្ការ បានដាំដុះបន្លែធម្មជាតិសម្រាប់បរិភោគខ្លួនឯង។ បន្ទាប់ពីបានផល និងសល់ពីការដាំហូបរបស់ខ្លួន អ្នកស្រី សុខ ស្រីធី ក៏បានប្រមូលកសិផលលក់ជូនពលរដ្ឋក្នុងភូមិ និងពលរដ្ឋនៅរាជធានីភ្នំពេញ។
 
រយៈពេល១ឆ្នាំហើយ ដែលស្រ្តីរូបនេះ និងក្រុមគ្រួសារ បានដាំបន្លែធម្មជាតិលើដីចម្ការចន្ទីរបស់ខ្លួន។ អ្នកស្រី សុខ ស្រីធី អះអាងថា បន្លែធម្មជាតិរួមមាន ត្រឡាច ននោង និងសណ្ដែកកួរ សុទ្ធសឹងជាបន្លែធម្មជាតិដាំដុះផ្ទាល់ និងមិនមានដាក់ជី ឬសារធាតុគីមីជំនួយឡើយ។ អ្នកស្រី ស្រីធី រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្តថា៖ «មូលហេតុដែលដាំដុះបន្លែធម្មជាតិសម្រាប់ហូប និងលក់លើទីផ្សារជាលក្ខណៈគ្រួសារបែបនេះ គឺចង់កាត់បន្ថយការបរិភោគបន្លែនាំចូល និងចង់ឱ្យអតិថិជនទទួលទានបន្លែធម្មជាតិដូចខ្ញុំដែរ»។

 បន្លែធម្មជាតិដែល​វេចខ្ចប់ដោយ​អ្នកស្រី សុខ ស្រីធី

ដោយឡែក សម្រាប់ការលក់លើបណ្ដាញសង្គមវិញ អ្នកស្រុកស្ទឹងត្រង់រូបនេះ ចាប់ផ្ដើមលក់រយៈពេល៣ខែមកហើយ ដោយមានអតិថិជនប្រមាណ ៥ប៉ុណ្ណោះដែលទិញជាប្រចាំ។ បើតាមអ្នកស្រី ស្រីធី ដំបូងឡើយមិនសូវមានអតិថិជនចាប់អារម្មណ៍នោះទេ ដោយសារមិនបានវេចខ្ចប់ត្រឹមត្រូវ។ ក្រោយមានការវេចខ្ចប់ស្អាត និងមានអនាម័យ បន្លែធម្មជាតិរបស់អ្នកស្រី ស្រីធី មានអតិថិជនបញ្ជាទិញកាន់តែច្រើន។
 
បន្លែធម្មជាតិវេចខ្ចប់ថង់ប្លាស្ទិក ដែលមិនខ្យល់ចេញចូល បានទាក់ចិត្តអតិថិជន។ អ្នកស្រី សុខ ស្រីធី អាចរកចំណូលបានចន្លោះពី៤ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃពីរបរលក់បន្លែធម្មជាតិនេះ។ បន្លែធម្មជាតិរបស់អ្នកស្រី មិនសូវមានរាល់ថ្ងៃនោះទេ ព្រោះដាំដុះជាលក្ខណៈគ្រួសារ។ 
 
បន្លែធម្មជាតិរបស់អ្នកស្រី ស្រីធី មានតម្លៃ ៣៥០០រៀលក្នុងមួយថង់។ ជាទូទៅអតិថិជនរបស់អ្នកស្រីនៅរាជធានីភ្នំពេញ តែងបញ្ជាទិញម្ដងប្រមាណ ១០ថង់។ «ខ្ញុំគិតថា ខ្ញុំបោះទៅតម្លៃធូរថ្លៃ ដើម្បីឱ្យមនុស្សគ្រប់រូបអាចទិញបាន មិនថាអ្នកក្រ ឬអ្នកមាន។ ណាមួយជាដំណាំខ្លួនឯង មិនសូវយកចំណេញច្រើនទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី ស្រីធី ដោយបន្ថែមថា នៅពេលមានអតិថិជនគាំទ្រច្រើន អ្នកស្រី មានគម្រោងពង្រីកការដាំដុះបន្ថែម និងធ្វើឱ្យមានស្ដង់ដារ ដែលអាចនាំចេញពីស្រុកទៅខេត្តក្រុងផ្សេងៗ។ 
 
ការដាំដុះបែបធម្មជាតិ ពិតជាមានផលលំបាកសម្រាប់អ្នកស្រី ដោយសារមានការយាយីពីសត្វល្អិត។ អ្នកស្រី សុខ ស្រីធី ចង់ឱ្យពលរដ្ឋគ្រប់រូប ដែលមានដីទំនេរ គួរឆ្លៀតដាំបន្លែបន្ថែម ដើម្បីជំនួយដល់សុខភាព និងកាត់បន្ថយបរិភោគបន្លែនាំចូល៕ 
 
 

Tag:
 កំពង់ចាម
  កសិករ
  ដាំដុះ
© រក្សាសិទ្ធិដោយ thmeythmey.com