កុំប្រហែសឱ្យសោះ! ក្រៅពីស្បែកស្ងួត ខ្សោះជាតិទឹកក្នុងរាងកាយ អាចបង្កអាការៈទាំងនេះ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំប្រហែសឱ្យសោះ! ក្រៅពីស្បែកស្ងួត ខ្សោះជាតិទឹកក្នុងរាងកាយ អាចបង្កអាការៈទាំងនេះ
19, May 2021 , 6:59 am        
រូបភាព
នៅពេលរាងកាយមិនរក្សាបាននូវជាតិទឹកគ្រប់គ្រាន់អាចនឹង​បង្ហាញអាការៈអ្វីខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលរាងកាយខ្សោះជាតិទឹក ៖

 
១. ឃ្លានអាហារឬភេសជ្ជៈផ្អែម
 
ធ្លាប់សម្គាល់ឃើញថាថ្ងៃខ្លះអ្នកហាក់ដូចជាឃ្លានអាហារ ឬភេសជ្ជៈផ្អែមៗខ្លាំងខុសធម្មតាទេ? វាអាចបណ្ដាលមកពីការខ្សោះជាតិទឹកក្នុងរាងកាយដែលធ្វើឱ្យកម្រិតនៃគ្លុយកូសថយចុះ។ ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់បានដឹងហើយថា ជាតិស្ករមិនចាំបាច់ត្រូវបញ្ចេញពីក្នុងរាងកាយតាមរយៈតម្រងនោមដោយនាំយកជាតិទឹកទៅជាមួយ។ ដូច្នេះដើម្បីជាការប្រសើរព្យាយាមបំពេញជាតិទឹកក្នុងរាងកាយតាមរយៈការទទួលទានទឹកធម្មតាឱ្យបានច្រើនគ្រប់គ្រាន់ ចៀសវាងទឹកផ្លែឈើ ឬភេសជ្ជៈកំប៉ុង។ អ្នកក៏គួរជ្រើសរើសទទួលទានអាហារដែលមានផ្ទុកជាតិទឹកខ្ពស់ផងដែររួមមានបន្លែផ្លែឈើស្រស់ៗជាដើម។
 
២. អស់កម្លាំង
 
ទឹក ជាប្រភពថាមពលដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយ។ ការទទួលទឹកមិនបានគ្រប់គ្រាន់ ឬកង្វះជាតិទឹកក្នុងរាងកាយអាចពន្យឺតដំណើរការសកម្មភាពនៃអង់ស៊ីមដែលបណ្ដាលឱ្យអ្នកអស់កម្លាំង។
 
៣. ទល់លាមក
 
ផលប៉ះពាល់ទូទៅបំផុតនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់នោះ គឺទល់លាមក។ កំឡុងពេលខ្វះជាតិទឹកក្នុងរាងកាយ ពោះវៀននឹងជួយផ្ដល់ជាតិទឹកទៅផ្នែកផ្សេងៗទៀតនៃរាងកាយដើម្បីអាចដំណើរការមុខងារប្រក្រតី។ ហើយខណៈនោះកាកសំណល់នឹងធ្វើចលនាកាន់តែយឺតឆ្លងកាត់ពោះវៀននៅពេលគ្មានទឹក ឬមិនរំកិលតែម្ដង។ ជាពិសេសអាការៈទល់លាមកនឹងកើតឡើងតែម្ដង ប្រសិនបើរបបអាហាររបស់អ្នកគ្មានផ្ទុកសម្បូរទៅដោយជាតិសសៃ ហើយអ្នកចំណាយពេលអង្គុយយូរៗថែមទៀត។
 
៤. រមួលសាច់ដុំ
 
ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ពិតជាអាចជួយទប់ស្កាត់អាការៈរមួលក្រពើបានយ៉ាងប្រសើរ។ ក៏ដូចទៅនឹងសរីរាង្គផ្សេងទៀតដែរ សាច់ដុំគឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីកន្ត្រាក់និងសម្រាកដោយត្រឹមត្រូវគ្មានបញ្ហាខុសប្រក្រតី។ នេះហើយជាមូលហេតុដែលហានិភ័យនៃបញ្ហារមួលសាច់ដុំកើនឡើងខ្ពស់នៅពេលអ្នកមិនទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។
 
៥. ឈឺក្បាល
 
ប្រសិនបើមិនទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំទេនោះអ្នកប្រាកដជាងាយនឹងជួយប្រទះអាការៈឈឺក្បាលគួរឱ្យរំខាន។ នេះក៏ព្រោះតែខួរក្បាលត្រូវការជាតិទឹកដល់ទៅ ៧៥ ភាគរយ! ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ខួរក្បាលអាចនឹងប្រែជារួមតូចហើយត្រូវធ្វើការខ្លាំងច្រើនជាងមុខបង្កជាបញ្ហាឈឺក្បាលគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតកង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈឈឺក្បាល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះចូរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ។
 
៦. ខ្យល់ដង្ហើមមិនល្អ
 
កង្វះជាតិទឹកក្នុងរាងកាយអាចបណ្ដាលឱ្យការផលិតទឹកមាត់ត្រូវថយចុះជាហេតុនាំឱ្យបញ្ហាធុំក្លិនមាត់លេចឡើង។ បរិមាណទឹកមាត់តិចពេកក៏មិនអាចកម្ចាត់បាក់តេរីចេញពីក្នុងមាត់បានដែរ ហើយបរិមាណនៃបាក់តេរីក៏កាន់តែកើនឡើង។
 
៧. បញ្ហាប្រព័ន្ធរំលាយអាហារ
 
ទឹកជួយសម្រួលដល់ដំណើរការមុខងារនៃប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់នោះបរិមាណនៃជាតិរំអិលក្នុងក្រពះត្រូវកាត់បន្ថយដែលបណ្ដាលឱ្យអាស៊ីតក្រពះអាចបង្កប៉ះពាល់ខ្លាំងដល់ផ្នែកខាងក្នុងនៃរាងកាយដូចជា ក្រហាយទ្រូង និងពិបាករំលាយអាហារ។
 
៨. គ្រុនក្ដៅនិងព្រឺរងារ
 
ករណីខ្សោះជាតិទឹកធ្ងន់ធ្ងរអាចបង្កជាអាការៈគ្រុនក្ដៅនិងព្រឺរងារ។ អ្នកចាំបាច់ត្រូវស្វែងរកការសង្គ្រោះភ្លាម ប្រសិនបើកម្ដៅកើនដល់លើស ៣៨អង្សារ។
 
៩. វិលមុខ
 
ពេលខ្លះដំណោះស្រាយដ៏ល្អបំផុតនៃអាការៈវិលមុខ គឺទទួលទានទឹក ១ កែវ។ នោះក៏ព្រោះតែកង្វះជាតិទឹកក្នុងរាងកាយអាចកាត់បន្ថយបរិមាណឈាមដែលធ្វើឱ្យខួរក្បាលទទួលបានអុកស៊ីសែនតិចជាងធម្មតាបង្កអាការៈវិលមុខ។ ដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ពិសេសនៅពេលឈឺ។ ប្រសិនបើអ្នកឧស្សាហ៍វិលមុខទោះបីជាបានទទួលទានទឹក ២ លីត្រក្នុងមួយថ្ងៃហើយនោះចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
 
១០. ឈឺសន្លាក់
 
ឆ្អឹងខ្ចី និងឆ្អឹងខ្នងបានបង្កើតឡើងពីជាតិទឹកប្រមាណ ៨០ ភាគរយ។ ទឹក គឺចាំបាច់ណាស់ក្នុងការរក្សាឆ្អឹងពីការសង្កៀតគ្នានៅពេលយើងធ្វើចលនា។ ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ទេនោះ អ្នកនឹងជួបប្រទះបញ្ហាឈឺសន្លាក់ជាក់ជាមិនខានក្រោយពេលចលនាភ្លាមៗដូចជា រត់ ឬលោត៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com