ជាតិ
អង្គរនៅតែស្ងាត់ ទោះរដ្ឋាភិបាលបើកឱ្យដំណើរការតំបន់ទេសចរណ៍ឡើងវិញ
23, May 2021 , 5:29 pm        
រូបភាព
សៀមរាប៖ តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាប្រាសាទអង្គរវត្តនៅតែមានសភាពស្ងប់ស្ងាត់ បើទោះបីជារាជរដ្ឋាភិបាលបើកឱ្យដំណើរការតំបន់ទេសចរណ៍ទូទាំងប្រទេសឡើងវិញ ក្រោយធូរស្រាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ មានទេសចរតិចតួចប៉ុណ្ណោះដែលចូលទស្សនាក្នុងប្រាសាទ ហើយទេសចរទាំងនោះ ភាគច្រើនជាអ្នកក្នុងខេត្ត និងមួយចំនួនតូចមកពីបណ្ដាខេត្ត នៅជិតខេត្តសៀមរាប។

 
អ្នកលក់ដូរនៅក្នុងបរិវេណប្រាសាទអង្គរវត្តមួយរូប កញ្ញា សោភ័ណ បាននិយាយថា មានអាជីវករប្រមាណ៣ទៅ៤តូបប៉ុណ្ណោះ ដែលនៅបើកលក់ជាប្រចាំថ្ងៃ ហើយមានអ្នកខ្លះបើកលក់តែមួយព្រឹកប៉ុណ្ណោះ ហើយក៏បិទទ្វារដោយសារអត់មានអ្នកទិញ។ កញ្ញាបន្ថែមថា ទេសចរក្នុងស្រុក ដើរកម្សាន្តតែថ្ងៃចុងសប្ដាហ៍ប៉ុណ្ណោះ រីឯថ្ងៃធម្មតា កាន់តែស្ងប់ស្ងាត់។ កញ្ញា សោភ័ណ បន្តទៀតថា រៀងរាល់ថ្ងៃកញ្ញាលក់ទឹកបានប្រាក់ពី១ម៉ឺនទៅ២ម៉ឺនរៀល ថ្ងៃខ្លះក៏មិនរួចថ្លៃទឹកកកផង ចំណែកខោអាវវិញ ពុំមានអ្នកចូលទិញនោះទេ។ 


 
កញ្ញារៀបរាប់ថា៖« ចេះតែបើកលក់ទៅបង នៅផ្ទះមិនដឹងធ្វើអី ណាមួយអីវ៉ាន់នេះ (ខោអាវ) បើមិនបើកលក់ វានឹងខូចអស់»។ កញ្ញាបញ្ជាក់ថា៖« និយាយទៅ ក្រោយផ្ទុះ (ជំងឺកូវីដ១៩) លើកទី១ នៅមានភ្ញៀវខ្មែរដើរខ្លះ ដល់ផ្ទុះលើកទី២ លើកទី៣ ស្ងាត់មែនទែន»។
 
ជាងថតនៅអង្គរវត្ត ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានថា ៤ថ្ងៃហើយ ដែលលោកពុំទាន់មានភ្ញៀវថតរូបសូម្បីមួយសន្លឹក។ យ៉ាងណាបុរសរូបនះតែព្យាយាមក្នុងរបរមួយនេះ ដោយរំពឹងថា បានប្រាក់ខ្លះសម្រាប់ជួយដោះបន្ទុកគ្រួសារ ខណៈដែលសេដ្ឋកិច្ចក្នុងគ្រួសារកំពុងលំបាក។
 
សកម្មភាពអាជីវកម្មនៅខាងក្រៅបរិវេណប្រាសាទអង្គរវត្តវិញ ក៏ដំណើរការជាប្រក្រតីដែរ តែមានអាជីវករខ្លះបន្តបិទទ្វារ។ ក្នុងទីលានបដិសណ្ឋារកិច្ច មានការរៀបចំគួរជាទីទាក់ទាញ ហើយក្នុងនោះតូបលក់ដូរប្រមាណ៧០ភាគបើកលក់ជាធម្មតា។ នៅចំណតរថយន្តក៏ដូចគ្នា អ្នកលក់តាមរទេះ និងក្រោមឆ័ត្របានប្រឹងជំនះការលក់ដូររបស់ពួកគេ ដ្បិតមិនសូវមានភ្ញៀវច្រើនក៏ដោយ៕
 


















 
 

Tag:
 អង្គរវត្ត
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com