ជាតិ
សង្គមជាតិ
សុខភាព
មនុស្សចំនួន២៤នាក់ នៅខេត្តកណ្តាល និងកំពត ស្លាប់ដោយសារពុលស្រា នៅក្នុងខែឧសភានេះ
26, May 2021 , 6:59 pm        
រូបភាព
រូបភាពពីស្នងការនគរបាលខេត្តកណ្តាល​
រូបភាពពីស្នងការនគរបាលខេត្តកណ្តាល​
ដោយ:
ភ្នំពេញ៖ ក្នុងខែឧសភា ឆ្នាំ២០២១នេះ មានមនុស្សចំនួន២៤នាក់ បានស្លាប់ដោយសារពុលស្រា។ ករណីពុលស្រានេះ គឺបានកើតឡើងនៅស្រុកល្វាឯម ខេត្តកណ្តាល និងស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។

 
តាមរបាយការណ៍ ករណីពុលស្រានេះបានកើតឡើង នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី៨ រហូតដល់ថ្ងៃ១៩ ខែឧសភា ដែលបណ្តាលឲ្យមនុស្សចំនួន១២នាក់បានស្លាប់។ រហូតដល់ថ្ងៃទី២៣ ក៏មានមនុស្ស២នាក់ទៀតស្លាប់ផងដែរ និងមានអ្នកជំងឺចំនួន៨នាក់។ 
 
ករណីពុលស្រានេះ ក៏បន្តកើតឡើងម្តងទៀតនៅស្រុកកំពង់ត្រាច ខេត្តកំពត នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ដែលបណ្តាលឲ្យមនុស្សចំនួន១០នាក់បានស្លាប់ និងមានអ្នកជំងឺចំនួន៤៦នាក់។ បច្ចុប្បន្នអ្នកជំងឺសរុបទាំងនៅ២ខេត្តនេះគឺ ៥៤នាក់នោះ បានជាសះស្បើយ និងត្រឡប់ទៅគេហដ្ឋានវិញហើយ។
 
ករណីពុលស្រាទាំងពីរករណីនេះ គឺសុទ្ធតែកើតឡើងផ្តើមក្នុងពិធីបុណ្យសព ដែលអ្នកស្លាប់មួយចំនួនបានជួបជុំគ្នាផឹកស្រាដើម្បីកំដរបុណ្យសព។ បន្ទាប់មកអ្នកស្លាប់មួយចំនួនទៀតបានទិញស្រាទុក ដើម្បីយកមកផឹកនៅតាមផ្ទះ។ 
 
របាយការណ៍ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលនាំឲ្យមនុស្សទាំង២៤នាក់នោះស្លាប់ ក៏ព្រោះតែអ្នកផលិតស្រា និងបិតស្រា បានដាក់សារធាតុមេតាណុលខ្ពស់ក្នុងស្រា។
 
ទាក់ទងនឹងករណីពុលស្រា នៅខេត្តកណ្តាល អាជ្ញាធរបានកសាងសំណុំរឿងបញ្ជូនអ្នកផលិតស្រា និងអ្នកលក់ស្រា ចំនួន១៣នាក់ ដែលពាក់ព័ន្ធនឹងករណីពុលស្រា បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៤នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល ទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ហើយ រួមទាំងដកហូតស្រាស និងស្រាថ្នាំបានចំនួន៦០លីត្រផងដែរ។ នេះបើតាមលោក ហេង សុផល អធិការស្រុកល្វាឯម ខេត្តកណ្តាល ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
 
ចំណែកករណីពុលស្រានៅខេត្តកំពតវិញ អាជ្ញាធរបានដោះលែងអ្នកបិតស្រាចំនួន២នាក់វិញ ដោយសារអាជ្ញាធរបានត្រួតពិនិត្យ និងសាកសួរទៅអ្នកបិតស្រាទាំងនោះ គឺមិនមានដាក់សារធាតុមេតាណុលខ្ពស់ឡើយ។ ប៉ុន្តែអាជ្ញាធរ បានដាក់ការសង្ស័យទៅលើអ្នកទិញស្រាម្នាក់ ពីអ្នកបិតស្រា សម្រាប់លាយជាស្រាថ្នាំលក់ ដែលលាយសារធាតុមេតាណុលខ្ពស់។ នេះបើតាមការបញ្ជាក់ពីលោក ហាញ់ គា អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ។ 
 
«យើងដោះលែងអ្នកបិតស្រា២នាក់នោះវិញ ដោយសារពិនិត្យឃើញស្រាអ្នកបិតស្រាអត់មានលាយសារធាតុមេតាខ្ពស់។ គឺស្រាហ្នឹងធម្មតាទេ។ ហើយយើងកំពុងតែសាកសួរម្នាក់ដែលយកស្រាស ទៅលាយជាស្រាថ្នាំ ក្នុងកែវលក់ ជាស្រាថ្នាំនេះ ស្រាថ្នាំនោះ»។ នេះជាការលើកឡើងរបស់លោក ហាញ់ គាដែលបន្តថា អាជ្ញាធរកំពុងតែបន្តស្រាវជ្រាវ និងយកស្រាថ្នាំទាំងនោះទៅពិសោធន៍រកសារធាតុមេតាណុល។
 
ក្នុងករណីដែលលទ្ធផលបង្ហាញថា ពិតជាក្នុងស្រាថ្នំាទាំងនោះមានសារធាតុមេតាណុលខ្ពស់ពិតប្រាកដមែន អាជ្ញាធរនឹងចាត់វិធានផ្លូវច្បាប់ចំពោះអ្នកលក់ស្រាថ្នាំម្នាក់នោះ។ នេះជាការបញ្ជាក់ពីលោកហាញ់ គា។
 
កាលពីឆ្នាំ២០២០ ករណីពុលស្រានេះ ក៏ធ្លាប់កើតមានឡើងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបណ្តាលឲ្យមនុស្សចំនួន១៥នាក់បានស្លាប់៕ 
 
 
 
 

Tag:
 ពុលស្រា
 កណ្តាល
 កំពត
© រក្សាសិទ្ធិដោយ thmeythmey.com