ជាតិ
សង្គមជាតិ
ករណីពុលស្រាស្លាប់នៅកំពត៖ អាជ្ញាធរបញ្ជូនអ្នកបិតស្រា និងលក់ស្រា២នាក់ទៅតុលាការ
28, May 2021 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អាជ្ញាធរបានបញ្ជូនអ្នកបិតស្រាម្នាក់ និងម្នាក់ទៀតជាអ្នកលក់ស្រា ទៅតុលាការ បន្ទាប់ពីមនុស្សចំនួន ១០នាក់បានស្លាប់ដោយសារពុលស្រា នៅស្រុកកំពង់ត្រាច ខេត្តកំពត ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។

 
«យើងបានបញ្ជូនទៅចៅក្រមចំនួន២នាក់ ដោយម្នាក់ជាអ្នកបិតស្រា និងម្នាក់ទៀតជាអ្នកយកស្រាទៅលាយជាថ្នាំខ្មែរ ដែលមានសារធាតុមេតាណុលខ្ពស់ ដែលបណ្តាលឲ្យមនុស្សស្លាប់»។ នេះជាការលើកឡើងរបស់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ដែលបញ្ជាក់មកសារព័ត៌មានថ្មីៗតាមទូរសព្ទ នាថ្ងៃទី២៨ ខែឧសភា។ 
 
ករណីពុលស្រានៅស្រុកកំពង់ត្រាច ខេត្តកំពតកន្លងមកនេះ បានធ្វើឲ្យមនុស្សចំនួន១០នាក់បានស្លាប់ និងមានអ្នកជំងឺចំនួន៤៦នាក់។ បច្ចុប្បន្នអ្នកជំងឺទាំងនោះបានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញអស់ហើយ។ នេះបើតាមលោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត។
 
ក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋ បញ្ឈប់ពិសាស្រាដែលបិត និងផលិត គ្មានបច្ចេកទេសត្រឹមត្រូវ។ ជាមួយគ្នានេះក្រសួងអំពាវនាវដល់អ្នកបិតស្រាបញ្ឈប់ផលិតស្រាដែលដាក់សារធាតុមេតាណុលខ្ពស់ ដើម្បីជៀសវាងករណីពុលស្រា៕ 
 
 
 
 
 
 

Tag:
 សុខភាព
 ពុលស្រា
 កំពត
© រក្សាសិទ្ធិដោយ thmeythmey.com