អត្ថបទពាណិជ្ជកម្ម
EDF និង YEAC រួមទាំងដៃគូរិះរកវិធីសាស្ត្រ ស្តារអាជីវកម្មនៅកម្ពុជា នៅក្នុងវិបត្តិកូវីដ-១៩
29, May 2021 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញថ្ងៃទី ២៨ ខែឧសភា ២០២១ - មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(EDF) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) សាខាខេត្តសៀមរាប បានប្រកាសនៅថ្ងៃនេះថាខ្លួន បានរៀបចំ សិក្ខាសាលាតាមកម្មវិធីZoomដែលមានចំណងជើងថា «តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត? បញ្ហាប្រឈម និង កាឡានុវត្តភាពសំខាន់ៗអំឡុងពេលមានវិបត្តិ សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅខេត្តសៀមរាប»។

អ្នកចូលរួមសរុបចំនួន១០០នាក់ ដែលមានវត្តមាន រួមមានសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) សភាពាណិជ្ជកម្ម សមាគមស្រ្តីខ្មែរ(CWA) មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប សមាគមទីភ្នាក់ងារទេសចរណ៍ កម្ពុជា(CATA) និងអង្គការមិនស្វែងរកប្រាក់ចំណេញដូចជា JCI Cambodia និងអង្គការផេពភីលើកកម្ពស់ យុវជន។ សិក្ខាសាលាតាមប្រព័ន្ធអុិនធឺណិតនេះបានធ្វើឡើងចាប់ពីម៉ោង៨:០០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់ ហើយ ក៏បានផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC)ដែរ។

សិក្ខាសាលានេះបានធ្វើឡើងដោយសារអាជីវកម្មជាច្រើន ជាពិសេសនៅក្នុងខេត្តសៀមរាប នៅតែបន្តប្រឈម នឹងបញ្ហាជំងឺកូវីដ-១៩ ដូចជាការធ្លាក់ចុះនៃភ្ញៀវទេសចរ ផលប៉ះពាល់នៃការស្ថាបនាផ្លូវ៣៨ខ្សែ និងការធ្វើ ចំណាកស្រុកនៃពលករទៅកាន់ខេត្តផ្សេងទៀត។ តាមរយៈការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ក្នុងចំណោម ក្រុមអ្នកជំនាញ សិក្ខាសាលាបានចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ និងបាន ផ្តល់ដំបូន្មានជាក់ស្តែង ថាតើធ្វើដូចម្តេចទើបសហគ្រិន និងសហគ្រាសធុនតូចនិងមធ្យមអាច ទទួលបាន កាឡានុវត្តភាព កាន់តែប្រសើរឡើង ដើម្បីធ្វើឱ្យសហគ្រាសរបស់ខ្លួនរីកលូតលាស់បានក្នុងកំឡុងពេល និង បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត កូវីដ-១៩។

នៅក្នុងផ្នែកពិភាក្សានៃសិក្ខាសាលានេះ ក្រុមវាគ្មិនល្បីៗមកពីស្ថាប័នផ្សេងៗគ្នាមានពេល៣ ទៅ៥នាទី ដើម្បី ឆ្លើយនូវសំណួរជាច្រើនទាក់ទងនឹងការទទួលបានឱកាសផ្នែកសហគ្រិនភាពនៅក្នុងវិស័យដូចខាងក្រោមនេះរួមមាន ទេសចរណ៍និងបដិសណ្ឋារកិច្ច ផលិតផលកសិកម្ម មធ្យោបាយដឹកជញ្ជូន និងពាណិជ្ជកម្ម និងឌីជីថល និងបច្ចេកវិទ្យា។ ក្រុមវាគ្មិនដែលរួមមានលោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន GGEAR និង LG ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ នាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគម ទេសចរណ៍កម្ពុជា (CTA) និងលោក ជី សិលា នាយកប្រតិបត្តិនិងជាស្ថាបនិកក្រុមហ៊ុន Sabay Digital និង Domino’s Pizza ហើយក៏បានចូលរួមពិភាក្សាផងដែរ ថាតើធ្វើដូចម្តេចទើបសហគ្រិនក្នុងស្រុក អាចទទួល បានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសំណាក់រដ្ឋាភិបាលក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៏សហគ្រិនភាព (EDF) និងជាអគ្គនាយករងនៃ អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា «ការស្តារប្រទេស កម្ពុជាពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ គួរជាអាទិភាពកំពូល សម្រាប់រដ្ឋាភិបាល និងក្រុមវិស័យឯកជន។ នៅពេលប្រជាជនក្នុងស្រុក និង ទូទាំងពិភពលោក បានទទួល ការចាក់វ៉ាក់សាំងកាន់តែច្រើន ហើយនៅពេលដែលកម្រិតនៃការឆ្លង និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ថយចុះ យើងអាចរំពឹងថាព្រំដែននឹងបើកជាថ្មី ហើយជំនួញ និងពាណិជ្ជកម្មនឹងចាប់ផ្តើមឡើងវិញ។»

«យើងសូម ថ្លែងអំណរគុណដល់ក្រុមវាគ្មិនកិត្តិយសរបស់យើងដែលបានផ្តល់នូវទស្សនៈជាយុទ្ធសាស្ត្រដែលនឹងជម្រុញសហគ្រិនក្នុងស្រុក និងសហគ្រាសធុនតូចនិងមធ្យមឱ្យ ធ្វើពិពិធកម្មផែនការអាជីវកម្ម របស់ពួកគេដើម្បី ឱ្យពួកគាត់ មានភាពធន់ក្នុងកំឡុងពេលមានជំងឺរាតត្បាត ហើយអាចត្រៀមខ្លួនទទួលយកនូវកាឡានុវត្តភាពជាច្រើនដែល នឹងកើតឡើងនៅពេលណាដែលអាជីវកម្ម និងឧស្សាហកម្មនានាវិលត្រឡប់មករកសភាពដើមវិញ។

យើងក៏សូម ថ្លែងអំណរគុណដល់ក្រុមការងារមូលនិធិអភិវឌ្ឍន៏សហគ្រិនភាព(EDF)របស់យើង សមាគមសហគ្រិនវ័យក្មេង កម្ពុជា(YEAC) និងដៃគូរបស់យើងដែលបានបង្កើតកាឡានុវត្តភាព ដូចជាសិក្ខាសាលានេះ ដែលជំរុញ ការទទួលបានកាឡានុវត្តភាពផ្នែកសហគ្រិនភាព ការចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយ និងជំនះ ឧបសគ្គ ការគាំទ្រផ្នែកស្មារតីនិងផ្លូវចិត្ត និងបរិយាកាសមួយដែលសហគ្រិនអាចរៀនសូត្រពីរបៀបគិត បែបថ្មី និងប្រកបដោយនវានុវត្តភាព»។

មូលនិធិអភិវឌ្ឍន៏សហគ្រិនភាព(EDF) គឺជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ ដល់ការធ្វីពិពិធកម្មសេដ្ឋកិច្ច នវានុវត្តភាព និងការបង្កើតការងារសមរម្យ។ ចក្ខុវិស័យរបស់ គោលនយោបាយនេះ គឺក្លាយជាវេទិកាជាតិមួយដើម្បីលើកកម្ពស់សកម្មភាពសហគ្រិន ដោយផ្តល់ការគាំទ្រដល់អ្នកចាប់ផ្តើមអាជីវកម្ម បចេ្ចកវិទ្យា(startups) និងសហគ្រាសធុនតូចនិងមធ្យម ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ទំនាក់ទំនង និង ព័ត៌មាន (ICT) (រួមទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុ [Fintech]) កសិកម្មកែច្នៃ (កសិកម្មសម្រាប់ការនាំចេញ) សេវាកម្ម (រួមទាំងទេសចរណ៍) និងផលិតកម្ម (ចង្កោមឧស្សាហកម្ម និងអាជីវកម្មការជំនួសការនាំចូល)។  

EDFអនុលោម តាមគោលការណ៍សំខាន់ៗចំនួនបួន គឺធានាបាននូវសហថាមវ័ន្ត(synergy)  និងប្រសិទ្ធភាពនៃអន្តរកម្មរបស់ ភាគីពាក់ព័ន្ធនានា សូចនាករលើការអនុវត្តសំខាន់ៗផ្អែកលើថវិកា ភាពជាដៃគូ វិស័យសាធារណៈ និងឯកជន ផ្អែកលើការផ្តល់កម្មវិធីផ្សេងៗ វិធីសាស្រ្តដោយមានការថ្លឹងថ្លែងរវាង តម្រូវការរបស់អតិថិជន និងគោលបំណង កម្មវិធី កម្មវិធីស្នូលរួមមានកម្មវិធីបង្កើនសមត្ថភាពសហគ្រិន កម្មវិធីផ្សព្វផ្សាយអំពីវប្បធម៌នៃសហគ្រិនភាព កម្មវិធី ភ្ជាប់បណ្តាញទាក់ទងគ្នា និងកម្មវិធីផ្តល់ដើមទុនដំបូង៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.edf-cambodia.com/


 

© រក្សាសិទ្ធិដោយ thmeythmey.com