ជាតិ
សង្គមជាតិ
រដ្ឋបាលស្រុកបន្ទាយស្រីគ្រោងប្រើថវិកាអភិវឌ្ឍន៍ស្រុកប្រចាំឆ្នាំជួសជុលទំនប់ចាស់ៗឡើងវិញ
29, May 2021 , 8:59 pm        
រូបភាព
រូបពីរដ្ឋបាលស្រុកបន្ទាយស្រី
រូបពីរដ្ឋបាលស្រុកបន្ទាយស្រី
 
សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី នឹងប្រើប្រាស់ថវិកាអភិវឌ្ឍន៍ប្រចាំឆ្នាំ ដើម្បីអភិវឌ្ឍន៍ ក៏ដូចជាស្ដារទំនប់ចាស់ៗ និងរៀបចំប្រព័ន្ធប្រឡាយ អូរ ឡើងវិញ ដើម្បីទាញទឹកយកមករក្សាទុក សម្រាប់បម្រើក្នុងវិស័យកសិកម្ម និងកសិទេសចរណ៍។



អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានលើកឡើងថា ភូមិសាស្រ្ដដែលគ្រោងរៀបចំស្ដារទំនប់ចាស់ៗឡើងវិញនោះ មាននៅឃុំត្បែង និងឃុំឃុនរាម ដ្បិតតំបន់នេះមានភូមិសាស្រ្ដជាប់ជើងភ្នំគូលែន ដែលជាប្រភពទឹកដ៏សំខាន់ក្នុងការទាញទឹក។

ដោយសារអាយុកាល និងការទន្រ្ទានកាន់កាប់ខុសច្បាប់ពីពលរដ្ឋមួយចំនួន ធ្វើឱ្យទំនប់ចាស់ៗ និងប្រព័ន្ធប្រឡាយ អូរ បានបាត់បង់រូបរាង។ ការណ៍នេះ ធ្វើឱ្យទឹកដែលហូរចុះពីភ្នំគូលែន ហូរចាក់ចោលដោយពុំមានផ្ទៃរងទឹកដើម្បីរក្សាទុកនោះទេ។ «នៅខែវស្សាយើងសម្បូរទឹកពិតមែន តែចូលខែប្រាំងស្រុកបន្ទាយស្រីខ្វះទឹកប្រើវិញ ព្រោះថា ទឹកដែលហូរពីភ្នំគូលែនមក បាចសាចចោល និងធ្លាក់ដល់បឹងទន្លេសាបអស់ ហេតុនេះហើយទើបយើងត្រូវរកវិធីស្ដារទំនប់ឡើងវិញ មិនអ៊ីចឹងទេ ធ្វើឱ្យទឹកខ្ជះខ្ជាយ បើមិនមានទឹក យើងធ្វើកសិកម្មអត់ពូកែទេ»។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ ជុំវិញការងារស្ដារទំនប់ចាស់ៗឡើងវិញ។

អភិបាលស្រុកវ័យក្មេង លោក ហ្វីណង់ នឹងយកថវិកាអភិវឌ្ឍន៍ស្រុកប្រចាំឆ្នាំ រួមនិងឃុំចំនួន២ទៀត មានឃុំត្បែង និងឃុំឃុនរាម ដើម្បីអនុវត្តន៍ការងារខាងលើ។ លោកអភិបាលស្រុកពន្យល់ថា៖« ថវិកាអភិវឌ្ឍន៍ស្រុកប្រចាំឆ្នាំប្រហាក់ប្រហែ៧ម៉ឺនដុល្លារ បូកនឹងឃុំ២ទៀតដែលមានថវិកាប្រហាក់ប្រហែលគ្នានេះ...ការងារនេះយើងមិនអាចធ្វើមួយឆ្នាំចប់ទេ យើងនឹងស្នើទៅគម្រោងផ្សេងទៀតដូចជាគម្រោងបឹងទន្លេសាប ដើម្បីជួយបន្ថែម»។ លោកបន្ថែមថា៖« ដោយសារបន្ទាយស្រីផ្លូវគ្រួសក្រហមយើងមានច្រើនហើយ ហើយយើងក៏មិនចង់ធ្វើផ្លូវគ្រួសក្រហមបន្តទៀតដែរ វាឆាប់ខូច យើងចង់ធ្វើបេតុងតែម្ដង ថវិកាស្ទាក់ស្ទើរ ចឹងយើងរុញការស្ដារទំនប់ ប្រឡាយឱ្យល្អតែម្ដង»។

ជាមួយគ្នានេះដែរ អភិបាលស្រុកបន្ទាយស្រីបានសំណូមពរដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក ជួយធ្វើការងារនេះរួមគ្នា ដែលវានឹងផ្តល់ផលល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាឱ្យមូលដ្ឋានមានការអភិវឌ្ឍកាន់តែឆាប់រហ័សលើវិស័យកសិកម្ម និងកសិទេសចរណ៍៕


 

© រក្សាសិទ្ធិដោយ thmeythmey.com