COVID-19
ជាតិ
លោក ម៉ក់ យាង រំពឹងថា ដំណាំល្ម៉ើ នឹងទទួលការគាំទ្រទៀត ទោះវិបត្តិកូវីដ-១៩ក្តី
× សៀមរាប៖ នៅឆ្នាំនេះ លោក ម៉ក់ យាង គ្រោងនឹងប្រមូលផលល្ម៉ើពីចម្ការរបស់ខ្លួនដែលស្ថិតនៅជើងភ្នំគូលែននៃស្រុកបន្ទាយស្រី នៅចុងខែ កក្កដា ខាងមុខនេះ។ លោក យាង ជាកសិករដំបូងគេក្នុងស្រុកបន្ទាយស្រី ដែលសាកល្បងដាំដំណាំល្ម៉ើ និងបានផ្លែផ្កាជាទីគាប់ចិត្ត។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក ម៉ក់ យាង បានឱ្យដឹងថា ពេលវេលាប្រមូលផលល្ម៉ើក្នុងចម្ការរបស់លោកហាក់ពន្យារពេលបន្ដិចនៅក្នុងឆ្នាំនេះ។ លោករំពឹងថាកាត់ល្ម៉ើលក់អំឡុងចុងខែ កក្កដា ខណៈដែរឆ្នាំទៅ លោកបានប្រមូលផលនៅចុងខែ មិថុនា។ យ៉ាងណាក៏ដោយ ម្ចាស់ចម្ការល្ម៉ើរូបនេះបន្ថែមថា ផលនៅឆ្នាំនេះកើនជាងឆ្នាំមុន ព្រោះចំនួនដើមល្ម៉ើដែលមានផ្លែកើនឡើងបន្ថែម។
ឆ្នាំទៅ ចម្ការល្ម៉ើជាង២៥០ដើមលើផ្ទៃដីមួយហិកតារបស់លោក ម៉ក់ យាង ផ្តល់ផលត្រឹម៥០ដើមប៉ុណ្ណោះ ដែលពេលនោះលក់បានល្ម៉ើប្រមាណមួយតោន។ លោក ម៉ក់ យាង បញ្ជាក់ថា តម្លៃលក់កាលពីឆ្នាំទៅបាន ២០ដុល្លារក្នុងមួយគីឡូក្រាមនៃផ្លែល្ម៉ើស្រស់ ប៉ុន្តែឆ្នាំនេះលោកមិនទាន់ដឹងតម្លៃទីផ្សារនៅឡើយទេ។
ដោយសារមានការជួយផ្សព្វផ្សាយបន្ថែមពីខាងរដ្ឋបាលស្រុកបន្ទាយស្រី ភ្ញៀវជាច្រើនបានធ្វើដំណើរទៅទស្សនា និងទិញផ្លែល្ម៉ើដល់ចម្ការលោក ម៉ក់ យាង ដែលពេលនោះពុំមានផ្លែគ្រប់គ្រាន់សម្រាប់លក់ជូនភ្ញៀវទេ។ ម្ចាស់ចម្ការរូបនេះរំពឹងថា អតិថិជននឹងបន្តទៅទស្សនាចម្ការរបស់ខ្លួនទៀតនៅឆ្នាំនេះ ហើយរីករាយសម្រាប់ភ្ញៀវទេសចរដែលចង់ទៅទស្សនា និងថតរូបលេងជាមួយកម្សាន្តរបស់លោកផង។
គួរបញ្ជាក់ថា លោក ម៉ក់ យាង មានផ្ទៃដីចម្ការប្រមាណ១០ហិកតា នៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ដែលក្នុងនោះលោកដាំដំណាំរួមផ្សំផ្សេងៗ ខណៈដាំល្ម៉ើត្រឹមមួយភាគប៉ុណ្ណោះ។ ការដាំបែបសរីរាង្គ ប្រើប្រាស់ជីធម្មជាតិ ពិតជាមានការលំបាកក្នុងការដាំដុះដើមល្ម៉ើ ពិសេសប្រភពទឹកនៅតំបន់នោះរៀងខ្សត់បន្ដិចផង ដែលទាមទារមានការចំណាយ និងបច្ចេកទេសខ្ពស់ទើបអាចទទួលផលបានច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com