​សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំ​សប្តាហ៍
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំ​សប្តាហ៍
30, May 2021 , 9:59 pm        
រូបភាព
 ក្នុងសប្តាហ៍ថ្មី បញ្ហាអន្តរជាតិ នៅតែបន្តកើតឡើងជាច្រើន។ ក្នុងចំណោមបញ្ហាទាំងនោះ មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញមុខជាលើកដំបូង នៅមុខតុលាការ បន្ទាប់ពីត្រូវជាប់ឃុំតាំងពីខែកុម្ភៈមក។ ស្របគ្នានេះ នៅទឹកដីអឺរ៉ុបខាងកើតឯណោះ សហភាពអឺរ៉ុប បានឯកភាពដាក់ទណ្ឌកម្មជាច្រើន លើបេឡារុស ដែលបានបង្ខំឱ្យយន្តហោះដឹកអ្នកដំណើរចុះចត និងចាប់ខ្លួនអ្នកកាសែត។



ខាងក្រោយនេះ គឺជាព្រឹត្តិការណ៍សង្ខេបប្រចាំសប្តាហ៍។

ថ្ងៃទី២៤ ខែឧសភា

លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញវត្តមានដោយផ្ទាល់ចំពោះមុខតុលាការ និងបានជួបជជែកជាមួយមេធាវីលោកស្រីផង។ កន្លងមក លោកស្រី ចូលរួមសវនាការតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។

មេដឹកនាំសហភាពអឺរ៉ុប បានឯកភាពដាក់ទណ្ឌកម្មបេឡារុស ដែលបានចាប់ខ្លួនអ្នកកាសែតម្នាក់ដោយបង្ខំ។ បុគ្គល មុខជំនួញ និងអាកាសចរណ៍ជាដើម ដែលពាក់ព័ន្ធនឹងការចាប់ខ្លួន ត្រូវរងទណ្ឌកម្ម។

ថ្ងៃទី២៥ ខែឧសភា

មន្រ្តីរដ្ឋាភិបាលហុងកុង បានព្រមានថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ អាចនឹងបោះចោល ដោយសារមិនសូវមានអ្នកចុះឈ្មោះចាក់វ៉ាក់សាំង ស្របពេលសុពលភាពប្រើប្រាស់ជិតផុត។

ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្លីងខិន បានប្រកាសថា អាមេរិក នឹងបើក ស្ថានកុងស៊ុលនៅក្នុងទីក្រុងហ៊្សេរុយសាឡិមខាងកើតឡើងវិញ ដើម្បីកែលម្អទំនាក់ទំនងជាមួយប៉ាឡេស្ទីន។ ទំនាក់ទំនងជាមួយប៉ាឡេស្ទីន ធ្លាក់ចុះខ្លាំងក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ។

ថ្ងៃទី២៦ ខែឧសភា

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានលើកឡើងថា ការតែងតាំងប្រេសិតពិសេសសម្រាប់ទំនាក់ទំនងកូរ៉េខាងជើងរបស់អាមេរិក ជាការបោះដៃជាថ្មី ទៅរកកិច្ចចរចាជាមួយកូរ៉េខាងជើង ទាក់ទិននឹងការរំសាយកម្មវិធីនុយក្លេអ៊ែរ។

ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានបញ្ជាឱ្យទីភ្នាក់ងារចារកិច្ចអាមេរិក ស៊ើបអង្កេតលើដើមកំណើតកូវីដ-១៩ និងរាយការណ៍ប្រាប់លោកវិញ ក្នុងរយៈពេល ៩០ថ្ងៃ។ ជំងឺកូវីដ-១៩ កើតចេញពីសត្វ ឬជាឧបទ្ទវហេតុ កើតចេញពីមន្ទីរពិសោធន៍។

ថ្ងៃទី២៧ ខែឧសភា

លោក បាសា អាល់-អាសាដ នឹងបន្តដឹកនាំស៊ីរីមួយអាណត្តិទៀត បន្ទាប់ទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតី។ លោក អាសាដ ដែលក្រាញមិនចុះចេញពីតំណែងទោះមានការតវ៉ារហូតក្លាយជាសង្រ្គាមស៊ីវិលនោះ នឹងបន្តធ្វើជាតួអង្គសំខាន់ក្នុងដំណើការស្វែងរកសន្តិភាពក្នុងប្រទេស។ ក្រុមប្រទេសលោកខាងលិចចោទការបោះឆ្នោតនេះថាមិនសេរី ឬយុត្តិធម៌ឡើយ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានឯកភាពបើកស៊ើបអង្កេតជាអន្តរជាតិមួយ ទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស់ ដែលទើបតែបញ្ចប់ ពាក់ព័ន្ធការបំពានសិទ្ធិមនុស្ស និងការរំលោភបំពានសិទ្ធិជាប្រព័ន្ធនៅក្នុងដែនដីប៉ាឡេស្ទីន និងអីស្រាអែល។ អ៊ីស្រាអែល ច្រានចោល និងមិនសហការឡើយ។

ថ្ងៃទី២៨ ខែឧសភា

ប្រទេសអាល្លឺម៉ង់បានទទួលស្គាល់ជាលើកដំបូងថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសណាមីប៊ី ក្នុងអំឡុងពេលអាណានិគម ហើយរដ្ឋាភិបាលក្រុងប៊ែរឡាំងសន្យាផ្ដល់ជំនួយហិរញ្ញវត្ថុដែលមានទឹកប្រាក់ជាង១ពាន់លានអឺរ៉ូ ជាគម្រោងជំនួយដល់ប្រទេសនៅក្នុងទ្វីបអាហ្វ្រិកមួយនេះ។

ម៉ាឡេស៊ី នឹងបិទប្រទេសសារជាថ្មី ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១៤ ខែមិថុនា

ថ្ងៃទី២៩ ខែឧសភា

ក្រសួងសុខាភិបាលវៀតណាម បានរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី ដែលជាកូនកាត់រវាងកូរ៉ូណាវីរុសបំប្លែងខ្លួននៅ អង់គ្លេស និងឥណ្ឌា។

រុស្ស៊ី បានឯកភាពផ្តល់កម្ចី ៥០០លានដុល្លារជាលើកទីពីរទៅបេឡារុស ដែលកំពុងរងការរិះគន់ និងទណ្ឌកម្មពីសហភាពអឺរ៉ុប ទាក់ទិននឹងការបង្ខំឱ្យយន្តហោះដឹកអ្នកដំណើរចុះចត និងចាប់ខ្លួនអ្នកកាសែតម្នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com