កីឡាជាតិ
ជាតិ
កម្ពុជា ជួប​បា​រ៉ែ​ន នៅ​យប់​នេះ​
03, Jun 2021 , 9:29 am        
រូបភាព
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដឹកនាំកីឡាករហ្វឹកហាត់នៅទឹកដីបារ៉ែន (រូបពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដឹកនាំកីឡាករហ្វឹកហាត់នៅទឹកដីបារ៉ែន (រូបពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
​​ភ្នំពេញ​៖ ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន នា​ម៉ោង​១១ ៖៣០​នាទី​យប់​ថ្ងៃទី​៣ មិថុនា នៅពហុកីឡដ្ឋានជាតិបារ៉ែន សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ពូ​ល​C នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក (FIFA World Cup Qatar 2022)​។


 
​មុន​ការប្រកួត​មកដល់ លោក RYU HIROSE គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ បាន​និយាយថា បា​រ៉ែ​ន​ជា​ក្រុម​ល្អ​ទាក់ទង​នឹង​សមត្ថភាព​រាងកាយ ប៉ុន្តែ​កម្ពុជា ក៏​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ប្រជែង​ជាមួយ​បា​រ៉ែ​ន​ដែរ​។ ថ្លែង​ក្នុង​សន្និសីទកាសែត មុនពេល​ប្រកួត​នោះ គ្រូ​បង្គោល​សញ្ជាតិ​ជប៉ុន​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​វា​ពិតជា​មានការ​ប្រកួតប្រជែង​ខ្លាំងណាស់ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ដែល​យើង​ចង់បាន​នៅក្នុង​ពូ​ល​នេះ ប៉ុន្តែ​យើង​មិន​បោះបង់​ឆន្ទៈ ដើម្បី​ប្រជែង​នឹង​ក្រុម​ដទៃ​ទេ​»​។​
 
​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​នេះ គ្រូ​បង្គោល​ជម្រើសជាតិ​កម្ពុជា​រូបនេះ បានជ្រើសរើស​កីឡាករ​ភាគច្រើន​សុទ្ធតែ​វ័យក្មេង​។ «​យើង​បានជ្រើសរើស​កីឡាករ​ថ្មី និង​ក្មេង​មួយចំនួន សម្រាប់​វគ្គ​ជម្រុះ​នេះ ពីព្រោះ​គោលដៅ​ផ្សេងទៀត​របស់​យើង គឺ​SEA GAMES ។ យើង​ចង់ឱ្យ​ពួកគេ​មានឱកាស​លេង និង​ទទួល​បទពិសោធន៍​ដ៏​មានតម្លៃ សម្រាប់​ពួកគេ និង​អនាគត​នៃ​បាល់ទាត់​កម្ពុជា​។ យើង​គិតថា ពួកគេ​មាន​សក្ដានុពល ក្នុងការ​ប្រយុទ្ធ​បើ​ប្រៀបធៀប​ជាមួយ​កីឡាករ ដែលមាន​បទពិសោធន៍​ចំនួន​។ ពួកគេ​មាន​ទំនុកចិត្ត​ខ្ពស់ ទោះបីជា​ពួកគេ​នៅ​ក្មេង​ក៏ដោយ​។ យើង​ជឿជាក់ថា ពួកគេ​នឹង​បង្ហាញ​អ្នកគាំទ្រ នូវ​ទម្រង់​លេង​គាប់ប្រសើរ​មួយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក RYU HIROSE​។​

កន្លងមកលោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​អះអាងថា ការជ្រើសរើស​កីឡាករ​ក្មេងៗ​នេះ គឺជា​ការសាកល្បង​លើ​សមត្ថភាព​ពួកគេ ដើម្បី​ឈានទៅដល់​ការអភិវឌ្ឍ​កម្រិត​លេង​ទៅ​ថ្ងៃ​ខាងមុខ​។ អ្នកចាត់ការ​ទូទៅ​ជនជាតិ​ជប៉ុន​រូបនេះ ក៏​ផ្ដាំ​ទៅ​កីឡាករ​ផ្សេងទៀត ដែល​មិន​ជាប់​ជម្រើសជាតិ​នោះ កុំ​ទាន់​អាក់អន់ចិត្ត​អី ប៉ុន្តែ​ពួកគេ​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួន​ថែមទៀត សម្រាប់​ឱកាស​លើក​ក្រោយ​។​
 
​ក្រោយ​ជួប​ជាមួយ​បា​រ៉ែ​ន​នេះ កម្ពុជា ក៏​នឹងត្រូវ​តទល់​ជាមួយ​ក្រុម​អ៊ីរ៉ាក់ នា​ថ្ងៃទី​៧ ខែមិថុនា មុននឹង​បន្ត​ជួប​អ៊ីរ៉ង់ នា​ថ្ងៃទី​១១ ខែមិថុនា ។ ការប្រកួត​នេះ គឺ​យក​ទឹកដី​បា​រ៉ែ​ន ជា​ទឹកដី​កណ្ដាល​។​
 
​សម្រាប់​ការប្រកួត​ជើង​ទី​១​កន្លងមក កម្ពុជា (​ម្ចាស់ផ្ទះ​) បាន​ប្រកួត​ចាញ់ បា​រ៉ែ​ន ១​ទល់​០ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។ ១​ខែក្រោយ​មក កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ ដោយ​លទ្ធផល ១៤​ទល់​០ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ។ ក្រុម​ម្ចាស់ផ្ទះ កម្ពុជា បន្ត​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ អ៊ីរ៉ាក់ ៤​ទល់​០ នៅ​ថ្ងៃទី​១៥ តុលា ២០១៩​។ 
 
​ក្រោយមក​កម្ពុជា ក៏បាន​ប្រកួត​ចាញ់​ហុងកុង ២​ទល់​០ នៅ​ជើង​ទី​២ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ២០១៩ ក្រោយពី​ជួបគ្នា​នៅ​ជើង​ទី​១ ដោយ​លទ្ធផល ១​ស្មើ កាលពី​ថ្ងៃទី​៥ កញ្ញា ២០១៩​។​
​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​C នេះ អ៊ីរ៉ាក់ ឈរ​លេខ​១ ដោយមាន​១១​ពិន្ទុ ក្រោយ​ឈ្នះ​៣ និង​ស្មើ​២ ខណៈ​បា​រ៉ែ​ន​ឈរ​លេខ​២ ក្រោយ​ឈ្នះ​២ និង​ស្នើ​៣ មាន​៩​ពិន្ទុ​។ ដោយឡែក​អ៊ីរ៉ង់ ដែល​ទើប​ប្រកួត​៤​លើក​នោះ ស្ថិតនៅ​លេខ​៣ មាន​៦​ពិន្ទុ ក្រោយ​ឈ្នះ​២ និង​ស្មើ​២ ស្របពេល​ហុងកុង មាន​៥​ពិន្ទុ បន្ទាប់ពី​ឈ្នះ​១ ស្មើ​២ និង​ចាញ់​២​។ កម្ពុជា ស្ថិតនៅ​បាត​តារាង ក្រោយ​ប្រកួត​៥​លើក មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​៕

Tag:
 បាល់ទាត់​
  កីឡា​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com