ជាតិ
មន្រ្តីថា នឹងពង្រឹងកិច្ចសហការដើម្បីទប់ស្កាត់ការកាប់ឈើគ្រញូងក្នុងតំបន់អង្គរ
05, Jun 2021 , 5:19 pm        
រូបភាព
អាជ្ញាធរចុះរឹបអូសវត្ថុតាងដើមគ្រញូងដែលជនល្មើសលួចកាប់ក្នុងព្រៃអង្គរ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ ស្នងការនគរបាលខេត្តសៀមរាប
អាជ្ញាធរចុះរឹបអូសវត្ថុតាងដើមគ្រញូងដែលជនល្មើសលួចកាប់ក្នុងព្រៃអង្គរ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ ស្នងការនគរបាលខេត្តសៀមរាប
សៀមរាប៖ ក្រៅពីកិច្ចការគ្រប់គ្រង ការអភិរក្ស និងទប់ស្កាត់បទល្មើសផ្នែកបេតកិភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះបទល្មើសការលួចកាប់ឈើគ្រញូង បានធ្វើឱ្យក្រុមមន្រ្តីឈឺក្បាលជាខ្លាំង។ ព្រោះថា ករណីទាំងនោះច្រើនកើតនៅពេលយប់ នៅពេលមន្រ្តីឈប់សម្រាកជាដើម ហើយជនល្មើសតែងរត់គេចខ្លួនបាត់ស្រមោល។ កាលពីដើមសប្ដាហ៍កន្លងទៅនេះ ជនល្មើសបានលួចកាប់កូនឈើគ្រញូងក្នុងព្រៃឧទ្យានអង្គរ តែមិនបានសម្រេច ដោយបន្សល់ត្រឹមវត្ថុតាង និងកំណាត់ឈើគ្រញូងដែលបានអាររួចនៅកន្លែងកើតហេតុ។ មន្រ្តីអះអាងថា ជនល្មើសបានគេចខ្លួនបាត់ដូចករណីមុនៗ។ យ៉ាងណា ក្រុមមន្រ្តីប្រាប់ថា នឹងពង្រឹងកិច្ចសហការបន្ថែមទៀត ដើម្បីទប់ស្កាត់ករណីដ៏រស៊ើបមួយនេះ។

 
«យើងមានការឃ្លាំមើលទាំងយប់ទាំងថ្ងៃ ល្បាតដាក់វេនគ្នា កន្លងមកមានការអារដោយរណា ដោយជនសង្ស័យ ដោយសារពេលយប់ ស្ងាត់ និងអ្នកប្រព្រឹត្តិមានគ្នាយើង ពិបាក ដោយចាប់បានត្រឹមវត្ថុតាងបទល្មើស»។ នេះជាការលើកឡើងរបស់ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ស៊ុន គង់ ជុំវិញករណីការកាប់ឈើគ្រញូងក្នុងតំបន់អង្គរ។ តាមការរៀបរាប់ពីលោកប្រធានមន្ទីរ មន្រ្តីឧទ្យាននុរក្សសរុប១៣នាក់ ដែលប្រចាំការជាប់ក្នុងព្រៃឧទ្យានអង្គរ ដោយបានសហការជាមួយសមត្ថកិច្ចផ្សេងទៀតមានខាងអាជ្ញាធរជាតិអប្សរា និងកម្លាំងនគរបាលបេតិភណ្ឌផង បែងចែងជាក្រុមយាមល្បាតនាពេលយប់។ យ៉ាងណា កម្លាំងល្បាតទាំងនោះ មិនអាចចុះគ្រប់ជ្រុងជ្រោយបានទេ ដោយសារព្រៃធំ ហើយជនល្មើសមានភាពឆ្លាតវៃក្នុងការចុះធ្វើសកម្មភាពរបស់ពួកគេ ពិសេសមានគ្នាច្រើន។ 
 
ចំណែកប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ លោក គាត ប៊ុនថាន រៀបរាប់ថា កម្លាំងរបស់លោកបានដាក់យាមល្បាត២៤ម៉ោង ដោយឃ្លាំមើលទាំងបទល្មើសបេតិកភណ្ឌ និងព្រៃឈើ។ លោកពន្យល់ថា ក្រុមការងាររបស់លោកបានចុះល្បាតដោយហ្មត់ចត់បំផុត តែពេលខ្លះមានចំណុចចន្លោះប្រហោង ដែលពុំអាចទប់ស្កាត់ករណីលួចកាប់ឈើគ្រញូងបានទាន់ពេលវេលា។ លោកបន្តថា៖« យើងតែងជជែកគ្នា យើងបានសហការគ្នា កិច្ចការយើងបានមានការប្រជុំ គ្រាន់តែពង្រឹងដើម្បីធ្វើឱ្យល្អប្រសើរ»។ លោក ប៊ុនថាន សង្កត់ធ្ងន់ថា មន្រ្ដីពាក់ព័ន្ធនឹងពង្រឹងកិច្ចការនេះ ដើម្បីបង្រ្កាបនិងចាប់ជនល្មើសមកផ្តន្ទាទោសឱ្យខានតែបាន។
 
អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីដើមខែ មិថុនា បន្ទាប់ពីមានករណីលួចកាប់ដើមគ្រញូងមួយដើមនៅយប់ថ្ងៃទី៣១ ឧសភា។ លោកបញ្ជាក់ថា កិច្ចការងារការពារព្រៃឈើក្នុងឧទ្យានអង្គរមិនមែនជាភារកិច្ចផ្តាច់មុខរបស់ស្ថាប័ន ឬអង្គភាពណាមួយនោះទេ។ លោក ឡុង កុសល បន្ថែមថា៖« តំបន់អង្គរ មិនស្ថិតក្រោមសមត្ថកិច្ចរបស់អប្សរាទាំងស្រុងទេ តើស្ថិតលើទិដ្ឋភាពការងារបែបណា ស្ថិតនៅជ្រុងណានៃការងារ ហើយជ្រុងណាស្ថិតក្នុងការទទួលខុសត្រូវរបស់អង្គភាពណា កន្លងមកយើងបានខិតខំគ្រប់បែបយ៉ាង ព្រោះដោយសារស្ថិតក្នុងតំបន់ការពារបេតិកភណ្ឌរបស់ពិភពលោក»។
 
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ការគ្រប់គ្រងនិងទប់ស្កាត់បញ្ហាការកាប់ព្រៃឈើក្នុងតំបន់អង្គរ មានអង្គភាព៣ចូលរួម ក្នុងនោះមានមន្ទីរបរិស្ថាន អង្គភាពនគរបាលការពារបេតិកភណ្ឌ ហើយអាជ្ញាធរជាតិអប្សរាចូលរួមលើកកម្ពស់ការថែរក្សា និងតម្លៃបរិស្ថាន។  


អាជ្ញាធរចុះរឹបអូសវត្ថុតាងដើមគ្រញូងដែលជនល្មើសលួចកាប់ក្នុងព្រៃអង្គរ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ ស្នងការនគរបាលខេត្តសៀមរាប
 
គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១ នេះ បទល្មើសលួចកាប់ដើមគ្រញូងក្នុងតំបន់អង្គរមានប្រមាណជាង១០ករណី។ នេះបើតាមរបាយការណ៍ពីមន្រ្តីបរិស្ថានខេត្តសៀមរាប។ លោក ស៊ុន គង់ ពន្យល់ថា ដើមគ្រញូងដែលត្រូវជនល្មើសលួចកាប់នោះមានមុខកាត់តូចៗ ចន្លោះក្រោម១តឹក ទៅ១តឹក ឬលើសនេះតិចតួចប៉ុណ្ណោះ ហើយកន្លងមកមន្រ្តីរបស់លោកបានរឹបអូសវត្ថុតាង និងកសាងសំណុំរឿងទៅតុលាការ។ ក្រៅពីការលួចកាប់ឈើប្រណីត ក៏មានករណីពលរដ្ឋខ្លះបានកាប់ទន្រ្ទានព្រៃធ្វើចម្ការខុសច្បាប់ ដោយករណីនេះអាជ្ញាធរគ្រាន់តែធ្វើកិច្ចសន្យា និងផាកពិន័យតែប៉ុណ្ណោះ។
 
កាលពីពាក់កណ្ដាលខែ ឧសភា កន្លងទៅ រដ្ឋបាលខេត្តសៀមរាបតាមរយៈគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាស់ និងរៀបចំសណ្ដាប់ធ្នាប់ក្នុងរមណីយដ្ឋានអង្គរ បានប្រជុំ ហើយក៏បានលើកពីករណីបទល្មើសកាប់ឈើគ្រញូងនេះដែរ។ 
 
អភិបាលខេត្តសៀមរាប លោក ទៀ សីហា លើកឡើងថា ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៧ ឧសភា លោកបានសំណូមពរទៅអាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងតំបន់អង្គរ និងដែលមានកម្លាំងប្រចាំការដោយផ្ទាល់ បូករួមនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ ត្រូវប្រើប្រាស់កម្លាំងទាំងនេះ ដើម្បីពង្រឹងការល្បាតឱ្យបានខ្លាំងបំផុត។ លោកអភិបាលខេត្តបន្ថែម៖« ខ្ញុំបានណែនាំទៅនគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ផង បូកកម្លាំងស្នងការដ្ឋាន រួមនិងប្រជាការពារផង ឱ្យល្បាតឱ្យបានច្រើន បើដាក់ប៉ុណ្ណឹងនៅតែមានករណីកាប់គ្រញូងក្នុងតំបន់អង្គរទៀត អាហ្នឹងត្រូវពិចារណាហើយ ព្រោះកម្លាំងច្រើនហើយ...ហើយយើងចាប់អារម្មណ៍ត្រង់ថា អ្នកដែលមកកាប់គ្រញូងនេះ មិនមែនគ្រញូងធំទេ ដើមតូចៗទៀត មិនដឹងគាត់មានបំណងរបៀបម៉េច បើគិតពីតម្លៃវាមិនមានអីចំណេញទេ...»។ លោកបានប្រមានថា៖« វិធានការនៅដដែល បើចាប់បាន យើងនឹងដាក់សំណុំរឿងទៅតុលាការតែម្ដង អត់មានទុកទេពួកនេះនោះ (ជនល្មើស)។
 
ជាមួយគ្នានេះ លោក ទៀ សីហា បានណែនាំដល់មន្រ្តី ត្រូវចុះដើមឈើទាំងនោះឡើងវិញ នៅទីតាំងដែលជនល្មើសបានលួចកាប់ ក្នុងបំណងរក្សាធនធានធម្មជាតិ ពិសេសប្រភេទឈើប្រណីតក្នុងតំបន់អង្គរឱ្យបានច្រើន៕
 

Tag:
 ឈើគ្រញូង
  ឧទ្យានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com