ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក Patrick Murphy ប្រាប់សម្ដេច ស ខេង ថា ការកាត់ទោសសកម្មជនបរិស្ថាន ជាការបិទសិទ្ធិបញ្ចេញមតិ
08, Jun 2021 , 11:23 am        
រូបភាព
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានបង្ហាញកង្វល់ជុំវិញការកាត់ទោសសកម្មជនបរិស្ថាននៅកម្ពុជា នៅក្នុងជំនួបជាមួយសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ មិថុនា។ សម្រាប់លោកទូតអាមេរិក ការកាត់ទោសសកម្មជនបរិស្ថាន ជាការបំបិទសិទ្ធិបញ្ចេញមតិ និងសិទ្ធិមូលដ្ឋានរបស់ពួកគេ។


 
លោក Patrick Murphy បានលើកឡើងថា ការបញ្ចេញមតិលើបញ្ហាបរិស្ថាន ជារឿងដែលត្រូវលើកទឹកចិត្ត ដោយមិនត្រូវមានការគំរាមកំហែងទេ។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានស្រង់សម្តីឯកអគ្គរដ្ឋទូតអាមេរិក ដែលបានជួបពិភាក្សាជាមួយសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកសរសេរលើហ្វេសប៊ុកជាភាសាអង់គ្លេស និងខ្មែរ យ៉ាងដូច្នេះថា៖«យើងអំពាវនាវឱ្យមានការដោះលែង(សកម្មជនបរិស្ថាន)។ សេរីភាពបញ្ចេញមតិ គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ការហ៊ាននិយាយដើម្បីការពារបរិស្ថាន ដែលប្រឈមនឹងការគំរាមកំហែង ដោយសារការកាប់ឈើខុសច្បាប់ និងកេងយកប្រយោជន៍ពាណិជ្ជកម្ម គឺជារឿងគួរឱ្យសរសើរទៅវិញទេ»។
 
បើតាមលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ការគោរពនូវសិទ្ធិសេរីភាពជាមូលដ្ឋាន អាចជួយធានានូវអនាគតមួយសម្រាប់កម្ពុជា ដែលប្រកបដោយសុខសន្តិភាព វិបុលភាព មានអធិបតេយ្យ និងប្រជាធិបតេយ្យ ។
 
ជុំវិញបញ្ហាសកម្មជនបរិស្ថាននេះ សម្ដេច ស ខេង បានបញ្ជាក់ថា រដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋានតែងតែចាត់ទុកអ្នកធ្វើការពាក់ព័ន្ធក្នុងវិស័យបរិស្ថាននេះ ជាដៃគូ ហើយតែងតែលើកទឹកចិត្តឱ្យពួកគេធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ ដ្បិតមានការលើកទឹកចិត្តក្តី ប៉ុន្តែសកម្មជនបរិស្ថាន ដែលអនុវត្តមិនត្រឹមត្រូវ ក៏ប្រឈមមុខច្បាប់ដែរ។
 
សម្ដេច ស ខេង បានសរសេរខ្លឹមសារដោយឡែកមួយ ជុំវិញករណីសកម្មជនបរិស្ថាន នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន យ៉ាងដូច្នេះ៖«កន្លងមកក៏មានសកម្មភាពមួយចំនួនដែលបានធ្វើឡើងក្រោមហេតុផលនៃសកម្មភាពការពារបរិស្ថាន ប៉ុន្តែមានចេតនាបង្កបញ្ហាអសន្តិសុខ ប៉ះពាល់សណ្ដាប់សាធារណៈ ដែលសកម្មភាពទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការសមស្របទៅតាមច្បាប់»។
 
កាលពីដើមខែឧសភាកន្លងមក តុលាការបានសម្រេចឱ្យសកម្មជននៃអង្គការមាតាធម្មជាតិ៣នាក់ ជាប់ពន្ធនាគារជិត២ឆ្នាំ និងពិន័យជាទឹកប្រាក់៤លានរៀល ពាក់ព័ន្ធនឹងយុទ្ធនាការគ្រោងធ្វើដំណើរពីវត្តភ្នំ ទៅកាន់ផ្ទះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំអន្តរគមន៍ បញ្ឈប់ការលុបបឹងតាមោក។ សកម្មជនបរិស្ថានទាំងបីខាងលើ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៣កញ្ញា ឆ្នាំ២០២០។ 
 
កន្លងមកម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក អ៊ូច ឡេង និងសកម្មជន៤នាក់ទៀត ក៏ត្រូវបានអាជ្ញាធរខេត្តក្រចេះចាប់ខ្លួន ហើយបញ្ជូនទៅតុលាការ មុននឹងសម្រេចដោះលែងវិញ នៅព្រឹកថ្ងៃទី៨ កុម្ភៈ ក្រោយរកមិនឃើញភស្តុតាងដាក់បន្ទុកលើពួកគេ។ អាជ្ញាធរបរិស្ថានខេត្តក្រចេះ បានឃាត់ខ្លួនអ្នកទាំង៥នាក់នោះ ក្រោយពីពួកគេបាននាំគ្នាចូលទៅយកពាក្យស្លោក «មេត្តាសូមជួយថែរក្សាព្រៃមរតកដូនតាយើង» ទៅភ្ជាប់នឹងដើមឈើ។
 
ការចាប់ខ្លួនសកម្មជនបរិស្ថានជាបន្តបន្ទាប់នេះ ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេសទូតអាមេរិក ចាត់ទុកថា ជាការគំរាមកំហែង និងបំបិទសិទ្ធិមូលដ្ឋានរបស់អ្នកស្រលាញ់បរិស្ថាន៕
 

Tag:
 ស ខេង
  បរិស្ថាន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com