ជាតិ
ពីនេះ ពីនោះ
ទីឡាព្យ៉ា ជាប្រភេទត្រីសម្បូរទៅដោយអាហារូបត្ថម្ភ ល្អសម្រាប់សុខភាពអ្នកបរិភោគ
09, Jun 2021 , 7:29 pm        
រូបភាព
 ដោយ៖ ឈុត ទូច

ត្រីទីឡាព្យ៉ា គឺជាប្រភេទត្រីទឹកសាប ដែលមានប្រភពដើមកំណើតមកពីទ្វីបអាហ្រិ្វកភាគខាងជើង។ វាជាប្រភេទត្រីនាំចូលសម្រាប់ចិញ្ចឹមក្នុងកសិដ្ឋាន។  ដោយាសារការលួតលាស់លឿន និងងាយសម្របខ្លួនដើម្បីរស់នៅបានគ្រប់បរិស្ថានថ្មី បច្ចុប្បន្ននេះ ត្រីទីឡាព្យ៉ា បានក្លាយទៅជាប្រភេទត្រីដ៏ពេញនិយម សម្រាប់ការចិញ្ចឹមក្នុងកសិដ្ឋាន នៅក្នុងទ្វីបអាស៊ី ម៉ិកស៊ិក អាមេរិកកណ្តាល និងនៅសហរដ្ឋអាមេរិក។


ជាប្រភេទត្រីដែលមានកាឡូរី និងខ្លាញ់ទាប ប៉ុន្តែ ត្រីទីឡាព្យ៉ាផ្ទុកទៅដោយប្រូតេអ៊ីន ព្រមទាំងជាប្រភពដ៏ល្អនៃវីតាមីន និងជាតិរ៉ែជាច្រើនប្រភេទ បូករួមទាំង សេលេស្យូម (selenium) វីតាមីន បេ១២ (Vitamin B12)  វីតាមីនដែលមាននៅក្នុងសាច់ (niacin) និងផូស្វ័រ (phosphorus) ផងដែរ។
 
យោងតាមការសៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជលផលទឹកសាប នៃរដ្ឋបាលជលផល បានបង្ហាញថា ត្រីទីឡាព្យ៉ា ដែលស្ថិតនៅក្នុងអម្បូរ Cichlidae មានតែមួយពួកប៉ុណ្ណោះគឺ Oreochromis ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា។ ត្រីទីឡាព្យ៉ា នេះ វាមានឈ្មោះវិទ្យសាស្រ្ត (Oreochromis niloticus) និងឈ្មោះជាភាសាអង់គ្លេស Nile tilapia មានស្តង់ដាប្រវែងដងខ្លួនអតិបរមា ៣០ ស.ម ។ 
 
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផល និងអង្គការ WorldFish  បានបង្ហាញថា ត្រីទីឡាព្យ៉ា មានផ្ទុកសារជាតិអាស៊ីតខ្លាញ់ អូមេហ្គា៣ (Omega-3) ខ្ពស់ជាងសាច់សត្វដទៃ ដូចជា សាច់មាន់ សាច់ជ្រូក និងសាច់គោទៅទៀត។ សារធាតុនេះ មានមុខងារសំខាន់សម្រាប់អភិវឌ្ឍន៍ខួរក្បាល និងការលូតលាស់នៃសារពាង្គកាយព្រមទាំងសតិបញ្ញារបស់មនុស្ស ព្រមទាំងអាចជួយការពារជំងឺបេះដូង សសៃឈាម សម្ពាធឈាមទាប ការពារជំងឺរលាកសន្លាក់ដៃជើង និងជំងឺតាអក។ 
 
ក្នុងនោះផងដែរ ត្រីទីឡាព្យ៉ា ក៏ពុំមានផ្ទុកសារធាតុអង់ទីប៊ីយ៉ូទិចទេ ហើយការបញ្ចេញសាធាតុកាបូនទៅក្នុងបរិយាកាស ក៏មានតិចតូចបំផុត បើប្រៀបធៀបជាមួយសត្វគោ និងជ្រូក។ បន្ថែមពីលើនេះ វាក៏សម្បូរទៅដោយវីតាមីនបេ១២ (vitamin 12)  វីតាមីនបេ៦ (vitamin B6)  និងវីតាមីនដេ (vitamin D) ដែលជាពពួកវីតាមីនល្អសម្រាប់សុខភាពអ្នកបរិភោគផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com