ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ទុកពេលបន្ថែមដល់ពលរដ្ឋឱ្យរុះរើបែត្រី និងសំណង់មិនរៀបរយដោយខ្លួនឯង
09, Jun 2021 , 8:03 pm        
រូបភាព
ពលរដ្ឋកំពុងរើសំណង់របស់ខ្លួនចេញពីទន្លេក្នុងខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី៩មិថុនា។ រូបថត៖ រដ្ឋបាលខណ្ឌច្បារអំពៅ
ពលរដ្ឋកំពុងរើសំណង់របស់ខ្លួនចេញពីទន្លេក្នុងខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី៩មិថុនា។ រូបថត៖ រដ្ឋបាលខណ្ឌច្បារអំពៅ
ប្រជាពលរដ្ឋដែលតាំងលំនៅដា្ឋនមិនរៀបរយនៅតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ទុកពេលឱ្យបន្ថែមទៀតក្នុងការរុះរើផ្ទះបណ្តែតទឹក បែត្រីចិញ្ចឹមត្រី និងសំណង់មិនរៀបរយឱ្យអស់ដោយខ្លួនឯង។ នេះជាការលើកឡើងរបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា អាជ្ញាធរមិនចង់អនុវត្តវិធានការតាមច្បាប់ភ្លាមៗ ដែលនាំឱ្យខូចខាតដល់ទ្រព្យ និងសម្ភារផ្សេងៗទៀត របស់ពលរដ្ឋ ដែលតាំងទីកន្លែងរស់នៅលើទន្លេឡើយ។

 
លោក ម៉េត មាសភក្តី បានសង្កេតឃើញថា មានពលរដ្ឋជាច្រើនបានស្ម័គ្ររុះរើសំណង់របស់ខ្លួន ចេញពីទន្លេជាបណ្តើរៗហើយ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង កាលពីទី២មិថុនាមក។ ប៉ុន្តែក៏មានពលរដ្ឋខ្លះ មិនព្រមអនុវត្តតាមសេចក្តីជូនដំណឹងដែរ។
 
«រហូតដល់ថ្ងៃយើងផុតឱសានវាទនេះ(ថ្ងៃទី៩មិថុនា) យើងចង់ទុកពេលឱ្យពួកគាត់បន្តិចទៀត ព្រោះដោយសារពលរដ្ឋទាំងនោះ កំពុងតែរុះរើចេញទៅហើយ។ អ៊ីចឹង! យើងអត់ចង់ចុះអនុវត្តវិធានការរដ្ឋបាល ភ្លាមទេដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិ និងខូចខាតសម្ភារផ្សេងៗជាដើមទេ»។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទដូច្នេះ។


 លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ 

លោក ម៉េត មាសភក្តី មិនទាន់អាចបញ្ជាក់ពីឱសានវាទជាថ្មី ពាក់ព័ន្ធនឹងការឲ្យរុះរើផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី រួមទាំងសំណងមិនរៀបរយលើផ្ទៃទន្លេនេះឡើយ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ គ្រាន់តែសង្កត់ធ្ងន់បែបនេះ៖ «ជាគោលដៅ គឺយើងត្រូវធ្វើយ៉ាងម៉េចឱ្យអស់នូវផ្ទះបណ្តែតទឹក, បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយ ដែលនៅតាមដងទន្លេហ្នឹង គឺត្រូវរៀបចំឱ្យអស់ចេញពីទន្លេ»។
 
តែយ៉ាងណាលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានពន្យារពេលដល់ដែលអ្នកមានផ្ទះបណ្ដែតទឹក, បែត្រីចិញ្ចឹមត្រី និងសំណង់មិនរៀបរយនោះ ឱ្យរើចេញឱ្យអស់ពីទន្លេ នៅត្រឹមថ្ងៃទី១១មិថុនា។ ប៉ុន្តែបើពលរដ្ឋមិនរើចេញពីទន្លេទេ នោះអាជ្ញាធរខណ្ឌនឹងអនុវត្តវិធានការតាមច្បាប់។ 
លោកសុខ សម្បត្តិ បានបញ្ជក់ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា ៖«នៅក្នុងខណ្ឌព្រែកព្នៅ គឺមានផ្ទះដែលបែចិញ្ចឹមត្រីរបស់ពលរដ្ឋដែលតាំងទីលំនៅតាមដងទន្លេ មានចំនួន២៩២ខ្នងផ្ទះ។ បច្ចុប្បន្ន មានពលរដត្រឹម១២ខ្នងផ្ទះទេ ដែលបានស្ម័គ្រចិត្តរើចេញពីទន្លេដោយខ្លួនឯង»។
 
ដោយឡែក លោក ចេង មុនីរ៉ា អភិបាលច្បារអំពៅ បានប្រាប់សារព័ត៌មានThmeyThmey ថា អាជ្ញាធរខណ្ឌច្បារអំពៅនឹងចុះរុះរើឬចល័តផ្ទះទឹក និងបែចិញ្ចឹមត្រីនៅតាមដងទន្លេ នៅថ្ងៃទី១០មិថុនា ឆ្នាំ២០២១។  លោក ចេង មុនីរ៉ា បាននិយាយដូច្នេះ៖«មានបែត្រី និងសំណង់មិនរៀបរយ នៅលើផ្ទៃទឹកក្នុងខណ្ឌច្បារអំពៅយើង ជាង២០០កន្លែង។ ប៉ុន្តែ ក្រោយយើងចុះណែនាំដល់ពួកគាត់ទាំងនោះ ឱ្យរុះរើសំណង់ទាំងនោះចេញ ក៏មានពលរដ្ឋមួយចំនួនស្ម័គ្រចិត្តរុះរើ និងមួយចំនួនទៀតមិនព្រមរើចេញ។  បែត្រី និងសំណង់មិនរៀបរយណា ដែលមិនទាន់ត្រូវបានគេរើចេញទេនោះ ក្រុមការងារយើងនឹងចុះរុះរើនៅថ្ងៃស្អែក»។


 
កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិ ខិតជូនដំណឹង ដល់អ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ ឱ្យរុះរើចេញជាបន្ទាន់ ត្រឹមថ្ងៃទី៩មិថុនា។ លោក បានបញ្ជាក់ថា ក្នុងករណីបើនរណារឹងរូស មិនព្រមរុះរើផ្ទះបណ្ដែតទឹក, ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក និងបែចិញ្ចឹមត្រី អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោះស្រាយតាមច្បាប់។ ប្រជាពលរដ្ឋដែលមានបែរចិញ្ចឹមត្រី និងសំណង់មិនរៀបរយ នៅតាមទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ភាគច្រើនជាជនជាតិខ្មែរឥស្លាម និងពលរដ្ឋមានដើមកំណើតរៀតណាម។  
 
ជុំវិញករណីនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក វូ ក្វាងមិញ (Vu Quang Minh) មានការមិនពេញចិត្តជាខ្លាំង។ ឯកអគ្គរដ្ឋទូតវៀតណាមរូបនេះ បានលើកឡើងថា ការសម្រេចចិត្តភ្លាមៗ របស់អាជ្ញាធររាជធានីភ្នំពេញនេះ គឺធ្វើឱ្យស្ថានភាពរស់នៅ របស់ប្រជាជនដែលមានផ្ទះបណ្តែតទឹក មានការលំបាកយ៉ាងខ្លាំង ជាពិសេសនៅក្នុងបរិបទកូវីដ-១៩។
 
តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក វូ ក្វាងមិញ បានរៀបរាប់ថា ពលរដ្ឋដែលរស់នៅលើផ្ទៃទឹក តាមដងទន្លេនៅទីក្រុងភ្នំពេញ គឺជាគ្រួសារក្រីក្រ ដែលមានទាំងជនជាតិខ្មែរឥស្លាម ហើយមានប្រហែល១ពាន់គ្រួសារ ជាអ្នកមានដើមកំណើតវៀតណាម។ លោក បានអះអាងបន្ថែម នៅលើគណនីហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី៤មិថុនា ដូច្នេះ៖« ប្រជាជនទាំងនោះបានរស់នៅទីនេះ អស់ជាច្រើនជំនាន់ជាង៤០ឆ្នាំមកហើយ និងមានបណ្ណស្នាក់នៅស្របច្បាប់ផងដែរ»៕
 

Tag:
 លោកម៉េត មាសភក្តី
  សំណង់មិនរៀបរយ
© រក្សាសិទ្ធិដោយ thmeythmey.com