កីឡាជាតិ
ជាតិ
ប្រទេស​៨ ជំទាស់​សំណើ​វៀតណាម ដែល​សុំ​ពន្យារពេល​រៀបចំ​ស៊ី​ហ្គេម ២០២១
10, Jun 2021 , 10:07 am        
រូបភាព
​ភ្នំពេញ​៖ ប្រទេស​៨ ក្នុងចំណោម​រដ្ឋ​១១ នៃ​ការប្រកួត​ស៊ី​ហ្គេម បាន​ជំទាស់​សំណើ​វៀតណាម ដែល​សុំ​ពន្យារពេល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ ។ ការសុំ​ពន្យារពេល​រៀបចំ​ស៊ី​ហ្គេម​របស់​ម្ចាស់ផ្ទះ​វៀតណាម​នេះ ក្រោម​ហេតុផល​ថា ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​ក្នុងប្រទេស ក៏ដូចជា​បន្ត​រីក​រាលដាល​ជាស​កល​នៅឡើយ ។​


 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (CAMSOC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា សំណើ​របស់​វៀតណាម​នេះ មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​គណៈអចិន្ត្រៃយ៍​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ កាលពី​ថ្ងៃទី​៩ មិថុនា​។ នោះ​ក៏​ព្រោះ​តែមាន​ប្រទេស​ខ្លះ បដិសេធ​សំណើសុំ​ពន្យារពេល​រៀបចំ​ស៊ី​ហ្គេម​របស់​ម្ចាស់ផ្ទះ​វៀតណាម ។​
 
​ប្រទេស​ដែល​បោះឆ្នោត​បដិសេធ​សំណើ​វៀតណាម​នោះ រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន សិង្ហ​បុរី កម្ពុជា និង​ទី​ម័​រ​។ ចំណែក​ប្រទេស​ដែល​យល់ស្រប​នោះ មាន មី​យ៉ា​ន៉​ម៉ា និង​វៀតណាម ខណៈ​ឡាវ អនុប្បវាទ​។​
 
​ដ្បិត​មានការ​បដិសេធ​លើ​សំណើ​វៀតណាម ពេលនេះ​ក្តី តែ​វា​ក៏​នៅសល់​កិច្ចប្រជុំ​សម្រេច​ចុងក្រោយ នា​២​សប្ដាហ៍​ខាងមុខ​ទៀត​ដែរ​។ នេះ​បើតាម​លោក វ៉ា​ត់ ចំរើន ដែល​បាន​បន្ថែមថា សមាជិក​ទាំងអស់ បានស្នើ​ឱ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេម​វៀតណាម ពិភាក្សាគ្នា​ជាមួយ​រដ្ឋាភិបាល​វៀតណាម​ឡើងវិញ នូវ​សេណា​រី​យ៉ូ ចំនួន​៣ រួមមាន​ទី​១ វៀតណាម​ត្រូវ​រក្សា​កាលបរិច្ឆេទ​រៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេម ២០២១ ដដែល​។ ទី​២ វៀតណាម អាច​លើក​ពេល​រៀបចំ​ទៅ​អំឡុងពេល​ខែឧសភា ឬ​មិថុនា ឆ្នាំ​២០២២ និង​ចុងក្រោយ វៀតណាម អាច​ពន្យា​ពេល​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​នេះ ដោយ​លើក​ទៅ​រៀបចំ​នៅ​ឆ្នាំ​២០២៥ ឬ​២០២៧​វិញ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១០ មិថុនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ហើយ​សេណា​រី​យ៉ូ​ទាំង​៣​នេះ វៀតណាម​នឹង​រៀបចំ​ឆ្លើយតប​ដល់​ប្រទេស​ទាំងអស់​នៅក្នុង​កិច្ចប្រជុំ​២​សប្ដាហ៍​ទៀត នៅ​ថ្ងៃទី​២៤ ខែមិថុនា​នេះ »​។​
 
​បើតាម​លោក វ៉ា​ត់ ចំរើន ការសុំ​ពន្យារពេល​រៀបចំ​ស៊ី​ហ្គេម​របស់​វៀតណាម​នេះ វា​មិន​ប៉ះពាល់​ដល់​កម្ពុជា ក្នុងការ​រៀបចំ​ស៊ី​ហ្គេម​នោះទេ​។ «​ពីព្រោះ​ប្រទេស​ជា​សមាជិក​ស៊ី​ហ្គេម​ទាំងអស់ គែ​គាំទ្រ​លើកទឹកចិត្ត​កម្ពុជា​ឱ្យ​រក្សា​លំនឹង និង​ភាពនឹងន​។ ហើយ​ពួកគេ​ផ្ដល់​កម្លាំងចិត្ត​ថា គេ​រង់ចាំ​ជួយ​កម្ពុជា ដែល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដដែល ដោយ​គ្មាន​ប្រែប្រួល​ទេ ព្រោះ​វា​ជាការ​សម្រេច​រួចហើយ របស់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដែល​មើលឃើញ​វឌ្ឍន​ភាពល្អ​របស​ខ់​កម្ពុជា​។ អ៊ីចឹង​ហើយ កម្ពុជា​អត់​មាន​ផលប៉ះពាល់​(​ដោយសារ​ការសុំ​ពន្យារពេល​របស់​វៀតណាម​)​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន​។​
 
អត្ថបទទាក់ទង
 
ការសុំ​ពន្យារពេល​រៀបចំ​ស៊ី​ហ្គេម​របស់​ម្ចាស់ផ្ទះ​វៀតណាម​នេះ ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​ក្នុងប្រទេស ក៏ដូចជា​បន្ត​រីក​រាលដាល​ជាស​កល​នៅឡើយ ។ បើតាម​គម្រោង​វៀតណាម ត្រូវ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ដែល​នឹង​ធ្វើឡើង​ពីថ្ងៃ​ទី​២១ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១​។​
 
 កន្លងមក វៀតណាម ដែលជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ២០២១​នេះ បានកំណត់​បង្ហាញ​ប្រភេទ​កីឡា ដាក់​ឲ្យ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ចំនួន​១១ ចូលរួម​ប្រកួតប្រជែង​លើ​៤០​ប្រភេទ​កីឡា និង​មាន​វិញ្ញាសា​សរុប​៥២៦៕
 

Tag:
 ស៊ី​ហ្គេម​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com