COVID-19
ជាតិ
ភូមិចំនួន៤ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវកំណត់ជាតំបន់ក្រហម
10, Jun 2021 , 3:30 pm        
រូបភាព
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី១០ មិថុនា នេះ បានសម្រេចដាក់ភូមិចំនួន៤ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ជាតំបន់ក្រហម ក្រោយអាជ្ញាធររកឃើញបុរសម្នាក់ ដែលបានស្លាប់ នៅថ្ងៃនេះ មុនធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។

 
អាជ្ញាធរខេត្តសៀមរាប បានសម្រេចដាក់ ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ជាតំបន់ក្រហម។ ការសម្រេចកំណត់តំបន់ក្រហមនេះ ក្រោយការរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី១០ ខែមិថុនា និងដោយករណីនេះ មានការទំនាក់ទំនងស្មុគស្មាញជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។ នេះបើយោងតាមខ្លឹមសារ នៃសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប។
 
តាមការស្រាវជ្រាវរបស់រដ្ឋបាលខេត្ត ឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើការងារជាបុគ្គលិកបើកបរ នៅធនាគារអេស៊ីលីដាសាខាសូទ្រនិគម និងភរិយា ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី៩ ខែមិថុនា។ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រុមការងារខេត្តបានចុះស្រាវជ្រាវ និងរកឃើញថា ករណីការចម្លងជំងឺកូវីដ-១៩នេះ ទៅក្រុមគ្រួសារ គឺមានប្រភពពីកូនប្រុស ឈ្មោះ ឃាន សុឃួច។
 
រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលអ្នកវិជ្ជមានបានមានទំនាក់ទំនងចាប់ពីកាលបរិច្ចេទនៃទីតាំងនីមួយៗ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
 
សូមបញ្ជាក់ថា ការរាលដាលជំងឺកូវីដ១៩ កំពុងផ្ទុះខ្លាំង ពិសេសនៅស្រុកសូទ្រនិគម ស្រុកជីក្រែង។ នៅថ្ងៃទី៩ មិថុនា រដ្ឋបាលខេត្តសៀមរាបក៏សម្រេចដាក់ឃុំកំពង់ឃ្លាំង នៃស្រុកសូទ្រនិគម ជាតំបន់ក្រហម ឃុំដំដែក និងឃុំគោកធ្លកក្រោម ជាតំបន់លឿងទុំ និងឃុំកំពង់ក្ដី ជាតំបន់លឿងទុំ។ ករណីនេះកាន់តែធ្ងន់ធ្ងរ និងរីករាលដាល និងមានអ្នកពាក់ព័ន្ធស្មុគស្មាញ៕
 
 
 
 

Tag:
 សង្កាត់ស្រង៉ែ
  តំបន់ក្រហម
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com