ជាតិ
ក្រៅពីព័ត៌មានចម្រុះ, Thmeythmey.com កំពុងសរសេរ និងគ្រោងបោះពុម្ពសៀវភៅច្រើនក្បាល
10, Jun 2021 , 3:54 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នាពេលកន្លងមក សារព័ត៌មាន Thmeythmey.com បានផលិតព័ត៌មានជាសំឡេង ជាសំណេរ ជាវីដេអូដ៏ច្រើនសន្ធឹកសន្ធាប់រួចមកហើយ។ ស្របពេលជាមួយគ្នា ស្ថាប័នព័ត៌មានមួយនេះ ក៏បានសរសេរសៀវភៅជាច្រើនក្បាល និងបានបោះពុម្ពរួចមកហើយដែរ។ តែអ្វីដែលកាន់តែពិសេសទៅទៀតនោះ នៅក្នុងពេលខាងមុខ សារព័ត៌មាន Thmeythmey.com នឹងបន្តផលិតសៀវភៅ និងបោះពុម្ពបន្ថែមទៀត។


 
សៀវភៅដែលត្រៀមនឹងចេញផ្សាយនាពេលខាងមុខ គឺជាសៀវភៅដែលមានចំណងជើងថា«អ្នកថែអង្គរ»(គម្រោងរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា)។ សៀវភៅនេះប្លែក ព្រោះ ខ្លឹមសារខាងក្នុងនិយាយពីប្រវត្តិបុគ្គលម្នាក់ៗដែលបានលះបង់គ្រប់យ៉ាងដើម្បីចូលរួមចំណែកលើកតម្លៃឧទ្យាន្តអង្គរ។ ពួកគេ មិនមែនជាអ្នកកសាងប្រាសាទទេ តែជាអ្នកជួលជុល និងថែរក្សាប្រាសាទ។ 
 
សៀវភៅ«អ្នកថែអង្គរ» នឹងបោះពុម្ពក្នុងពេលឆាប់ៗខាងមុខនេះ(៣ ឬ៤ខែខាងមុខ)។ ហើយស្របពេលជាមួយគ្នា សារព័ត៌មាន Thmeythmey.com កំពុងសរសេរសៀវភៅមួយចំនួនផ្សេងទៀតដែលទាក់ទងទៅនឹងបុគ្គលសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។ ជារួម នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ សៀវភៅច្រើនចំណងជើងផ្សេងទៀតនឹងត្រូវបោះពុម្ពផ្សព្វផ្សាយផងដែរ។ 


បច្ចុប្បន្ននេះ សារព័ត៌មាន Thmeythmey.com និង ស្ថាប័ន Amazadia Education ដែលផ្តោតលើកិច្ចការផ្សព្វផ្សាយពាណិជ្ជកម្ម និងផ្តោតលើការផ្សព្វផ្សាយខ្លឹមសារអប់រំ បានចាប់ផ្តើមធ្វើសកម្មភាពថ្មីមួយទៀត គឺកិច្ចការនិពន្ធសៀងភៅរួមគ្នា។ Amazadia Education និង Thmeythmey.com គ្រោងសរសេរសៀវភៅរួមគ្នាពីបុគ្គលឆ្នើមលោក ឃីម សុខហេង។ លោក ឃីម សុខហេង គឺជាសាស្រា្តចារ្យ ជាអ្នកពិគ្រោះយោបល់ជំនួញ និងជាអ្នកជំនួញផងដែរ។  លោក កៃ កឹមសុង អតីតអ្នកសារព័ត៌មាន និងជាស្ថាបនិក Amazadia Education បានបញ្ជាក់ថា ក្រៅពីសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងខ្លឹមសារបទសម្ភាស អប់រំ, Amazadia Education មានបំណងចូលរួមនិពន្ធ និងបោះពុម្ពសៀវភៅប្រភេទផ្សេងៗទៀត។ 
 
សូមបញ្ជាក់ថា នាពេលកន្លងមក សារព័ត៌មាន Thmeythmey.com បានបោះពុម្ពសៀវភៅជាច្រើនក្បាលរួចមកហើយ៕ 


 
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com