អន្តរជាតិ
លោក បៃឌិន ចេញបញ្ជាថ្មីលុបការហាមឃាត់ TikTok និង WeChat ដែលដាក់ដោយលោក ត្រាំ
10, Jun 2021 , 5:29 pm        
រូបភាព
ដោយ ជា ពេជ្រដាឡែន 
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ថ្ងៃទី៩ ខែមិថុនា បានបញ្ជាប្រតិបត្តិមួយដោយលុបចោលការ ហាមឃាត់ប្រើប្រាស់បណ្ដាញសង្គម TikTok និង WeChat ដែលដាក់ចេញដោយរដ្ឋបាលមុន។ លោក បៃឌិន ក៏បញ្ជាស្ថាប័នពាក់ព័ន្ធពិនិត្យឡើងវិញកម្មវិធីរបស់បរទេសទាំងអស់ ដែលអាចត្រូវប្រើប្រាស់ក្នុងគោលដៅប្រមូលព័ត៌មាននៅអាមេរិក។

 
អាមេរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានចេញបញ្ជាហាមឃាត់ការប្រើប្រាស់កម្មវិធីវីដេអូ TikTok និង WeChat របស់ចិនក្រោមហេតុផលការពារសន្តិសុខជាតិ។ ប៉ុន្តែការប៉ុនប៉ងរបស់លោក ត្រាំ ដែលធ្វើឱ្យមានភាពតានតឹងជាមួយចិន ត្រូវបានតុលាការអាមេរិកចេញដីកាជំទាស់ក្រោមមានពាក្យបណ្ដឹងពីអ្នកប្រើប្រាស់នៅអាមេរិក។ រដ្ឋបាលថ្មីរបស់លោក ចូ បៃឌិន មិនដើរតាមគន្លងចាស់របស់លោក ត្រាំ ឡើយ។
 
ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៩ ខែមិថុនា សេតវិមានបញ្ជាក់ថា លោក បៃឌិន បានចេញបញ្ជាប្រតិបត្តិមួយលុបចោលគម្រោងរបស់រដ្ឋាភិបាលមុនលើការហាមឃាត់កម្មវិធីចិនទាំងពីរ។ ជំនួសឱ្យការហាមប្រាម លោក ត្រាំ ចេញបញ្ជាឱ្យបើកស៊ើបអង្កេតទូលំទូលាយមួយដើម្បីដោះស្រាយហានិភ័យបង្កដោយកម្មវិធីអ៊ីនធឺណិតគ្រប់គ្រងដោយក្រុមហ៊ុនបរទេស។
 
លោក បៃឌិន ក៏បង្គាប់ឱ្យក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហព័ន្ធផ្សេងទៀត ក្នុងរយៈពេលបួនខែ ត្រូវស្រាវជ្រាវបញ្ហា និងហានិភ័យពីកម្មវិធីអ៊ីនធឺណិតគ្រប់គ្រង ឬផ្គត់ផ្គង់ដោយប្រទេសដែលជាគូ ប្រកួតរបស់អាមេរិក។ លោក ក៏បានបញ្ជាស្វែងរកភស្តុតាងដែលថា បណ្ដាញសង្គមប្រមូលទិន្នន័យ ឯកជនសំខាន់ៗផងដែរ។ 
 
បញ្ជាការរបស់លោក បៃឌិន បានសម្រេចដាក់ចេញបន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានអនុម័តសេចក្ដីស្នើច្បាប់គោលនយោបាយឧស្សាហកម្មមួយដែលនឹងប្រើប្រាស់ទឹកប្រាក់ចំនួន១៧០ពាន់លានដុល្លារ ទៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីទប់ទល់ការគំរាមកំហែងសេដ្ឋកិច្ចពីសំណាក់ចិនដែលកើនឡើងជាលំដាប់។
 
លោក Bobby Chesney សាស្រ្តាចារ្យផ្នែកច្បាប់នៃសាកលវិទ្យាល័យ Texas និងជាអ្នកតាមដាន បញ្ហាសន្តិសុខជាតិនិយាយថា ផែនការរបស់លោក បៃឌិន ជាផ្លូវកណ្ដាលល្អមួយ ដែលលោកបាន យល់ច្បាស់ពីការប្រើប្រាស់ទណ្ឌកម្ម និងបើកទ្វារចំហសម្រាប់ការធ្វើ កំណែទម្រង់ខ្លះនៃទណ្ឌកម្ម ទាំងនោះ។
 
បណ្ដាញសង្គម TikTok ដែលស្ថិតក្រោមក្រុមហ៊ុន ByteDance មានអ្នកប្រើប្រាស់ប្រមាណ១០០០ លាននាក់នៅទូទាំងពិភពលោកក្នុងនោះមានជាង១០០ លាននាក់នៅអាមេរិក ហើយវាទទួលបាន ការពេញនិយមខ្លាំង ជាពិសេសពីអ្នកប្រើប្រាស់វ័យក្មេង។ ចំណែក WeChat ជាកម្មវិធីដ៏ធំមួយដែលប្រមូលផ្ដុំសកម្មភាពជាច្រើនចាប់ពីការទិញទំនិញ ការបង់ថ្លៃសេវាកម្មផ្សេង រហូតដល់ការភ្ជាប់ទំនាក់ទំនងផងដែរ៕
 
 
 
 
 
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com