អន្តរជាតិ
ចិនការពារទំនាក់ទំនងវប្បធម៌ជាមួយជប៉ុន ក្រោយមានការរិះគន់ពីអ្នកជាតិនិយម
10, Jun 2021 , 7:59 pm        
រូបភាព
ដោយ ចាន់ ស៊ីណា
 
ក្រសួងការបរទេសចិននៅថ្ងៃទី ៩ មិថុនា បានចេញមុខការផ្លាស់ប្តូរផ្នែកវប្បធម៌ជាមួយជប៉ុន បន្ទាប់ពីបញ្ញវន្តចិនបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីអ្នកជាតិនិយមនៅតាមអ៊ីនធឺណិត ដោយសារទទួលបានការឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលជប៉ុនអស់រយៈពេលជាច្រើនឆ្នាំដើម្បីឱ្យចូលរួមព្រឹត្តិការណ៍ផ្សេងៗនៅជប៉ុន។

 
បញ្ញវន្ត និងអ្នកនិពន្ធចិនដ៏ល្បីឈ្មោះមួយចំនួន បានរងការរិះគន់ខ្លាំងកាលពីសប្តាហ៍មុន។ រឿងរ៉ាវនេះបានកើតឡើងបន្ទាប់ពីក្រុមអ្នកជាតិនិយមបានរកឃើញឈ្មោះពួកគេក្នុងចំណោមបញ្ជីឈ្មោះបញ្ញវន្តចិនចំនួន១៤៤នាក់ ដែលត្រូវបានឧបត្ថម្ភដោយមូលនិធិរដ្ឋាភិបាលជប៉ុន ដើម្បីឱ្យបញ្ញវន្តទាំងអស់នោះធ្វើទស្សនកិច្ច និងចែករំលែកបទពិសោធនៅជប៉ុនពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ ។
 
អ្នកនិយមលេងអ៊ីនធឺណិត២នាក់ដែលប្រើប្រាស់ឈ្មោះ Diguaxiong Laoliu និងលោក Guyan Muchan ដែលមានអ្នកគាំទ្រជាង៦លាននាក់នៅលើគណនី បានចោទថា បញ្ញវន្តទាំងនោះបានចាប់ដៃជាមួយជប៉ុនដើម្បីទទួលបានជំនួយហិរញ្ញវត្ថុពីទីក្រុងតូក្យូ។ មួយវិញទៀត ពួកគេបានចូលរួមក្នុងយុទ្ធនាការមួយ ដោយបានចែកចាយលើឈ្មោះបញ្ញវន្តទាំងនេះជាជាជនក្បត់ជាតិទៀតផង។
 
ទាក់ទងរឿងចម្រូងចម្រាសនេះ ក្រសួងការបរទេសចិន ចេញមុខការពារបញ្ញវន្តទាំងនោះ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលគាំទ្រដោយរដ្ឋាភិបាល បានរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងការទូតរវាងចិន និងជប៉ុន។ 
 
«យើងសង្ឃឹមថានឹងទទួលបានការយល់ដឹង ការទុកចិត្ត និងមិត្តភាពកាន់តែស៊ីជម្រៅតាមរយៈទំនាក់ទំនងប្រកបដោយភាពល្អប្រសើរ និងស្ថិរភាពឥតឈប់ឈរក្នុងចំណោមប្រជាជនចិននិងជប៉ុន»។ លោក Wang បញ្ជាក់បែបនេះ។ 
 
គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អ្នកនិយមលេងអ៊ិនធឺណិតចិន តែងតែប្រើពាក្យរិះគន់ធ្ងន់ៗលើទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិច និងប្រទេសអាស៊ីខ្លះ ជាពិសេសជប៉ុនដែលធ្លាប់ធ្វើទុក្ខបុកម្នេញជនជាតិចិនកាលពីអតីតកាល។ បើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការបទេសចិន ពួកគេទាំងនោះគឺជ្រុលជាតិនិយម៕
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com