អន្តរជាតិ
អាជ្ញាធរមីយ៉ាន់ម៉ា ចោទលោកស្រី ស៊ូជី ពីបទពុករលួយមួយករណីទៀត
10, Jun 2021 , 8:59 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចោទពីបទពុករលួយ និងប្រើប្រាស់ដីមិនសមស្របអំឡុងពេលគ្រប់គ្រងមូលនិធិមួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ Global New Light of Myanmar នៅថ្ងៃទី១០ ខែមិថុនា។

 
អាជ្ញាធរមីយ៉ាន់ម៉ា នៅថ្ងៃទី៩ ខែមិថុនា បានចោទលោកស្រី អ៊ុងសាន ស៊ូជី ពីបទប្រព្រឹត្តអំពើពុករលួយ និងប្រើប្រាស់ដីមិនសមសម្រប។ គណៈកម្មការប្រឆាំងអំពើពុករលួយមីយ៉ាន់ម៉ា បានដាក់ពាក្យបណ្តឹងមួយចំនួន ប្រឆាំងនឹងអតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ រួមទាំងមន្រ្តីរបស់លោកស្រីជាច្រើននាក់ផ្សេងទៀត។ 
 
«លោកស្រីត្រូវបានរកឃើញ កំហុសប្រព្រឹត្តអំពើពុករលួយដោយប្រើប្រាស់មុខតំណែងរបស់ខ្លួន»។ គណៈកម្មការប្រឆាំងអំពើពុករលួយ បានសរសេរបែបនេះ នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន ដោយបន្ថែមថា លោកស្រី ស៊ូជី ត្រូវរងបទចោទដែលស្ថិតក្រោមមាត្រា ៥៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ។ 
 
បើតាមគណៈកម្មាការប្រឆាំងអំពើពុករលួយ លោកស្រី ស៊ូជី បានប្រើប្រាស់ដីចំនួនពីរកន្លែង មិនសមស្របសម្រាប់មូលនិធិ Daw Khin Kyi ដែលមានលោកស្រីជាប្រធានផ្ទាល់។ មិនតែប៉ុណ្នោះ គណៈកម្មការដដែលនេះ ក៏បានចោទលោកស្រីទទួលមាស និងលុយមួយចំនួនផងដែរ។ ប្រសិនគ្មានការប្រែប្រួលទេ សវនាការលោកស្រីស៊ូជី នឹងត្រូវបើកម្តងទៀត នៅសប្តាហ៍ក្រោយ។ 
 
យ៉ាងណាមិញ បទចោទខាងលើ ត្រូវបានមេធាវីរបស់អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ ច្រានចោល។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក Khin Maung Zaw មេធាវីរបស់លោកស្រីស៊ូជី បានអះអាងថា វាជារឿងមិនអាចប្រកែកបាន ដែលបទចោទទាំងនោះ មានពាក់ព័ន្ធជាមួយនយោបាយ ដើម្បីឃុំខ្លួន និងបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី។ 
 
ចាប់តាំងពីត្រូវយោធាទម្លាក់ចេញពីតំណែង អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានរងបទចោទជាច្រើន ដូចជា ទទួលសំណូក បំពានច្បាប់រក្សាការសម្ងាត់រដ្ឋ និងបះបោរជាដើម។ បើសិនបើតុលាការរកឃើញកំហុស អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ជាង ១០ឆ្នាំឯណោះ និងហាមឃាត់មិនឱ្យចូលរួមក្នុងការបោះឆ្នោតផងដែរ។ 
 
សូមបញ្ជាក់ លោកស្រី ស៊ូជី ធ្លាប់ត្រូវបានឃុំនៅក្នុងផ្ទះច្រើនជាង ១៥ឆ្នាំ មុននឹងដោះលែងនៅក្នុងឆ្នាំ២០១០។ នៅក្នុងអំឡុងពេលឃុំខ្លួននោះ របបសឹកមីយ៉ាន់ម៉ា បានចោទលោកស្រីជាច្រើនករណី ប៉ុន្តែត្រូវទម្លាក់ចោលវិញ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
  អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com