ជាតិ
សេដ្ឋកិច្ច
រោងចក្រចម្រាញ់រ៉ែមាសដំបូងនៅកម្ពុជា អាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុង១ឆ្នាំ
10, Jun 2021 , 8:36 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១តទៅ។ រោងចក្រចម្រាញ់រ៉ែមាសដំបូងនៅកម្ពុជា អាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុង១ឆ្នាំ។  ដំណើរការនៃរោងចក្រចម្រាញ់រ៉ែមាសនេះ នឹងអនុវត្តឡើងដោយក្រុមហ៊ុន  រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោយចំណាយពេលរុករកធនធានធម្មជាតិនេះ អស់រយៈពេលប្រមាណ១៤ឆ្នាំមក។

 
Renaissance Minerals ជាក្រុមហ៊ុនទីមួយ ដែលបានចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា ជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបានផលិតចេញនៅថ្ងៃទី១០មិថុនានេះ ជាមាសដុំពាក់កណ្តាលសម្រេចដែលបានអត្រាមាស៩០ភាគរយ(Gold Dore Bars)។ នេះជាការលើកឡើងរបស់ សម្តេច ហ៊ុន សែន  នៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិ នាយប់ថ្ងៃទី១០មិថុនា ឆ្នាំ២០២១ ដោយសម្តេច បានបញ្ជាក់ថា «រ៉ែមាស» ដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
 
ប្រមុខរដ្ឋាភិបាលរូបនេះរំពឹងថា ការផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូខ្វោវ ស្រុកកែវសីមា ដោយក្រុមហ៊ុនRenaissance Mineralsនោះ នឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ។  «ក្នុងចំណោមចំណូលដុលនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ»។ សម្តេច ហ៊ុន សែន បានបន្តថាអះអាងថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
 
ជាមួយនឹងដំណឹងដ៏រីករាយនេះ សម្តេច ហ៊ុន សែន ក៏បានក្រើនរំលឹងដល់ក្រុមហ៊ុនដទៃដែលចង់វិនិយោគថា អាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងបច្ចេកទេសពិតប្រាកដ។ តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិរបស់សម្តេចបានបញ្ជាក់ដូច្នេះថា៖«ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ»។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ត អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង ចម្រាញ់យកមាសដោយ ដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។ ទន្ទឹមនឹងនេះការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗបែបនេះ ក៏មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង»៕ 
 
 
 
 
 
 

Tag:
 រ៉ែមាស
© រក្សាសិទ្ធិដោយ thmeythmey.com