ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា ទើបទទួលបានបេក្ខជនម្នាក់ប៉ុណ្ណោះ ដែលដាក់ពាក្យសុំធ្វើជាប្រធានគ.ជ.ប
11, Jun 2021 , 2:59 pm        
រូបភាព
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ថ្លែងទៅកាន់អ្នកសារព័ត៌មាននាពេលកន្លងមក
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ថ្លែងទៅកាន់អ្នកសារព័ត៌មាននាពេលកន្លងមក
ដោយ: ថ្មីៗ
គិតត្រឹមម៉ោង១២កន្លះ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ទើបតែមានបេក្ខជនម្នាក់ប៉ុណ្ណោះ ដែលដាក់ពាក្យទៅរដ្ឋសភា សម្រាប់តំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុក ដែលស្ម័គ្រចិត្តលាលែង ដោយសារតែលោក មានវ័យជរានិងមានបញ្ហាសុខភាព។ នេះបើតាមព័ត៌មានពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលផ្តល់មកសារព័ត៌មានថ្មីៗ។


លោក ឡេង ប៉េងឡុង អះអាងថា នៅម៉ោង៥កន្លះល្ងាច នាថ្ងៃទី១១ ខែមិថុនានេះ ការទទួលពាក្យពីបេក្ខជនសម្រាប់តំណែងប្រធានគ.ជ.ប. នឹងត្រូវបិទបញ្ចប់។ លោក បន្តថា មានបុគ្គល៤រូប ដែលបានទៅសុំសំណុំបែបបទពីរដ្ឋសភា ដើម្បីបំពេញឈ្មោះឈរជាបេក្ខជនប្រធានគ.ជ.ប ប៉ុន្តែជាលទ្ធផល គឺមានតែ២រូបប៉ុណ្ណោះ ដែលបានបញ្ជូនសំណុំបែបបទទៅរដ្ឋសភាវិញ។ លោក បន្ថែមថា ក្នុងចំណោមបុគ្គល២រូបនោះទៀតសោត មាន១រូប មិនទាន់គ្រប់លក្ខខណ្ឌ ដោយសារខ្វះលិខិតថ្កោលទោស។ 
 
បេក្ខជន ដែលនៅខ្វះលក្ខខណ្ឌនោះ បានយកពាក្យត្រឡប់ទៅវិញ ដើម្បីបំពេញម្តងទៀត ហើយបានផ្តល់ដំណឹងទៅលោក ឡេង ប៉េងឡុង ថា រូបគេ បានធ្វើលិខិតថ្កោលទោសរួចហើយ។ លោក ឡេង ប៉េងឡុង សន្និដ្ឋានថា៖«ល្ងាចនេះ ប្រហែលជាបាន២នាក់ [ហ្នឹង] មើលទៅ [ដែលដាក់ពាក្យឈរជាបេក្ខជនប្រធានគ.ជ.ប]»។ 
 
លោក ឡេង ប៉េងឡុង មិនទាន់អាចបង្ហើបបាននោះទេថា បេក្ខជនទាំង២រូបនោះ ជាអ្នកណា ហើយមកពីស្ថាប័នណា។ លោក លើកហេតុផលថា៖«ក្នុងចំណាត់ការហ្នឹង យើង ហៅថាជាសាធារណជន។ ខ្ញុំ មិនទាន់អាចជម្រាបជូនបានទេ [ថាជាអ្នកណា]»។
 
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋសភារូបនេះ បញ្ជាក់ថា លុះត្រាតែដល់ម៉ោង៥កន្លះល្ងាច ដែលជាពេលបិទបញ្ចប់ការទទួលពាក្យ ទើបរដ្ឋសភា អាចដឹងចំនួនជាក់លាក់នៃបេក្ខជនឈរឈ្មោះជាប្រធានគ.ជ.ប។ 
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងមកកាន់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា មកដល់ពេលនេះ លោក ក៏មិនទាន់ដឹងព័ត៌មានដែរថា បេក្ខជនរូបណាពីគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យទៅរដ្ឋសភា សម្រាប់តំណែងប្រធានគ.ជ.ប។ 
 
ក្នុងចំណោមបេក្ខជនខាងលើ បេក្ខជនម្នាក់ នឹងត្រូវក្លាយជាប្រធានថ្មីរបស់គ.ជ.ប តាមរយៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា។  
 
លោក ស៊ិក ប៊ុកហុក ដែលមានវ័យ៧៥ឆ្នាំ បានប្រកាសលាលែងពីតំណែងប្រធានគ.ជ.ប. នៅដើមខែមិថុនា ឆ្នាំ២០២១នេះ។ លោក ជាបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ហើយបានក្លាយជាប្រធានគ.ជ.ប កាលខែមេសា ឆ្នាំ២០១៥។ ក្រោយការលាលែងរបស់លោក រដ្ឋសភា បានប្រកាសជ្រើសរើសបេក្ខជនថ្មី ដើម្បីឈរឈ្មោះប្រជែងយកតំណែងប្រធានគ.ជ.ប ចាប់ពីថ្ងៃទី៧ រហូតដល់ដល់ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕ 
 

Tag:
 បេក្ខជនប្រធានគ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com